បាល់ទាត់៖ រវាងក្រុមណាហ្គាខប និងក្រសួងការពារជាតិ នរណាជាម្ចាស់ពានរង្វាន់?
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: February 16, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមបាល់ទាត់ណាហ្គាខប នឹងត្រូវប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ១ ជាមួយនឹងក្រុម ក្រសួងការពារជាតិ ក្នុងកម្មវិធីការប្រកួតពានរង្វាន់ «សម្តេចហ៊ុនសែនឆ្នាំ២០១៣» នៅថ្ងៃ សៅរ៏នេះ។ ក្រុមទាំងពីរមានជំនឿចិត្តដូចគ្នា ក្នុងការយកឈ្នះគូរប្រកួតរៀងៗខ្លួន។
ក្រុមកីឡាករបាល់ទាត់ ណាហ្គាខប។
រីឯការប្រកួតរកចំណាត់ថ្នាក់លេខ៣ បានរកឃើញហើយ គឺបានទៅលើក្រុមភ្នំពេញក្រោន ដែលបានយកឈ្នះលើ ក្រុមគិរីវង់សុខសែនជ័យ ក្នុងលទ្ធផល ៣-០ កាលពីថ្ងៃព្រហស្បតិកន្លង ទៅ។
ក្រុមក្រសួងការពារជាតិធ្លាប់មានប្រវត្តិចាញ់ ក្រុមណាហ្គាខបចំនួន២ដងរួចមកហើយ។ កាលជួបគ្នាពីឆ្នាំ ២០១១កន្លងទៅ ណាហ្គាខប បានយកឈ្នះក្រសួងការពារជាតិ ដោយលទ្ធផល ១-០ ក្នុងការ ប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣។ ហើយកាលពីពេលជួបគ្នាថ្មីៗ ក្នុងរដូវកាលនេះ ណាហ្គាខបបានយកឈ្នះដោយលទ្ធផល ៤-២ នៅវគ្គជម្រុះក្នុងពូល A។
ស្រង់សម្ដីដោយការសែតក្នុងស្រុក ភ្នំពេញប៉ុស្ដ៍ គ្រូបង្វឹករបស់ក្រុមក្រសួងការពារជាតិលោក អ៊ុព សំអាន បានប្រាប់ពីអារម្មណ៏រឹងប៉ឹងរបស់លោកថា «ប្រាកដណាស់ យើងធ្លាប់ប្រកួតចាញ់ក្រុមណាហ្គាខបម៉ែន។ ប៉ុន្តែក្នុងជំនួបគ្នាក្នុងវគ្គ ផ្តាច់ព្រ័ត្រលើកនេះ ក្រុមរបស់ខ្ញុំគ្មានអ្វីត្រូវបារម្ភនោះទេ ព្រោះយើងបានត្រៀមកម្លាំងកាយ កម្លាំងចិត្ត និងបច្ចេកទេសរួចរាល់អស់ហើយ សំរាប់ត្រៀមក្នុងការប្រកួតដ៏សំខាន់មួយនេះ។»
គួរបញ្ជាក់ថា ក្រុមបាល់ទាត់ក្រសួងការពារជាតិ ធ្លាប់បានគ្រប់គ្រងពានរង្វាន់នេះម្តងរួចមកហើយ ដោយបានយកឈ្នះក្រុមភ្នំពេញក្រោន ក្នុងលទ្ធផល ៣-២ កាលពីឆ្នាំ ២០១០។ មុននឹង បានឈានមកដល់វគ្គផ្តាច់ព្រ័ត្រនេះ ក្រុមមួយនេះក៏បានយកឈ្នះក្រុមភ្នំពេញក្រោន ក្នុងវគ្គ ពាក់កណ្តាលផ្តាច់ព្រាត់ដែរ គឺឈ្នះដោយបាល់កាត់សេចក្តី ដោយបាល់ប៉េណាល់ទី ៤-១ បន្ទាប់ធ្វើការប្រកួតក្នុងម៉ោងពេញ និងម៉ោងបន្ថែមបញ្ចប់ត្រឹមលទ្ធផលស្មើ ១-១។
លោក អ៊ុព សំអាន បានបន្តថា «កីឡាកររបស់យើងភាគច្រើនជាកីឡាករវ័យក្មេង និងមានកម្លាំងរឹងមាំ។ ដូច្ឆេះបើសិនជាការប្រកួតនោះ អូសបន្លាយក្នុងរយះពេលយូរ គឺយើងមានសង្ឃឹម ឈ្នះច្រើន ព្រោះកីឡាកររបស់ណាហ្គាខប ភាគច្រើនជាកីឡាករវ័យចំណាស់។ កីឡាករ ចាស់ៗរបស់យើងនៅទីនេះ ក៏ធ្លាប់បានដឹងពីទម្រង់លេងរបស់ពួកគេខ្លះដែរ ដូច្ឆេះហើយយើង ពិតជាមានវិធីសាស្រ្តទប់ទល់។»
ដោយឡែកគ្រូបង្វឹករបស់ក្រុមណាហ្គាខប លោក លឹម នួន ក៏បានបង្ហាញពីចំណាប់អារម្មណ៏ របស់គាត់ផងដែរថា «យើងគ្មានការភ័យព្រួយ ចំពោះការឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ជាលើកទី៤នេះទេ គឺយើងកំពុងយកចិត្តទុកដាក់ និងផ្តល់ទំនុកចិត្តដល់កូនក្រុម។»
ខ្សែប្រយុទ្ធដ៏មុតស្រួច របស់ក្រុមណាហ្គាខប កីឡាករ ជួន ជុំ ក៏នឹងត្រូវបង្ហាញខ្លួនក្នុងការ ប្រកួតនេះដែរ បន្ទាប់ពីរូបគេខកខាន១ប្រកួត ដោយសារការពិន័យកាតក្រហម។
គ្រូបង្វឹករូបនេះ បានបន្តថា «ជួន ជុំ នឹងបានចូលលេងវិញ ប៉ុន្តែយើយត្រូវបាត់បង់ខ្សែការពារ សំខាន់មួយរូប គឺកីឡាករ សាន ណារិទ្ធ បន្ទាប់ពីរូបគេទទួលបានកាតក្រហមនៅពេលជួប ជាមួយនឹងគិរីវង់។ ប៉ុន្តែនេះមិនម៉ែនជាបញ្ហានោះទេ ព្រោះខ្ញុំបានដាក់ខ្សែការពារបម្រុងជំនួស តំណែងនេះហើយ ហើយខ្ញុំជឿជាក់ថា រូបគេនឹងធ្វើបានល្អ ដូចកីឡាករ សាន ណារិទ្ធ»។
ក្រុមណាហ្គាខប គឺជាក្រុមមួយដែលឧស្សាហ៍ឡើងមកដល់ វគ្គផ្តាច់ព្រ័ត្របានច្រើនជាងគេ ប៉ុន្តែក្រុមនេះមិនដែលទទួលបានជោគជ័យម្តងណាឡើយ។ កាលពីឆ្នាំ ២០០៧ ណាហ្គាខប បានចាញ់ក្រុម ខេមរាកីឡា ក្នុងការកាត់សេចក្តីបាល់យកគ្រាប់នៅចុងប្រកួត (ប៉េណាល់ទី) ៤-២ បន្ទាប់ពីស្មើគ្នា ១-១ នៅក្នុងម៉ោងពេញ និងម៉ោងបន្ថែម។ ឆ្នាំ២០០៩ ណាហ្គាខប បានចាញ់ក្រុម ភ្នំពេញក្រោន ១-០ ហើយនៅឆ្នាំ ២០១២ក្រុមនេះ បានរងបរាជ័យ ក្រោមស្នាដៃក្រុមព្រះខ័នរាជក្នុងលទ្ធផល ២-១។ ដូច្នេះការប្រកួតរបស់ក្រុម ទាំង២ នឹងទៅជាយ៉ាងណានោះ សូមរង់ចាំមើលការប្រកួតនូវរសៀលម៉ោង០៤ ថ្ងៃសៅរ៏នេះនៅពហុកីឡាដ្ឋានជាតិអូឡាំពិក៕
-------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ