អ៊ឺរ៉ូ២០១៦៖ បារាំងយកឈ្នះអាល់បានី ពីរគ្រាប់នៅចុងការប្រកួត
- ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី១៥ មិថុនា ២០១៦
- កែប្រែចុងក្រោយ: June 20, 2016
- ប្រធានបទ: អ៊ឺរ៉ូ ២០១៦
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យប់ថ្ងៃពុធទី១៥ ខែមិថុនានេះ ជារាត្រីដ៏សប្បាយរីករាយ សម្រាប់បណ្ដាជនអ្នកគាំទ្រ ក្រុមជម្រើសជាតិបារាំង បន្ទាប់ពីក្រុមនេះបានឈ្នះក្រុមអាល់បានី ពីរទល់នឹងសូន្យ ហើយទទួលបាន៦ពិន្ទុ ឡើងទៅឈរនៅលើគេ នៃតារាងពូល A។ ការប្រកួតនេះ បានប្រព្រឹត្តិទៅនៅកីឡាដ្ឋាន «Velodrome» នៃក្រុងម៉ារសីយ៍ (Marseille) ភាគខាងត្បូងប្រទេសបារាំង។
បើនិយាយពីការប្រកួត តាំងពីនាទីទីមួយ រហូតដល់ចុងបញ្ចប់ ក្រុមបារាំងរកមិនឃើញចន្លោះច្រើនប៉ុន្មាន សម្រាប់ផ្ដួលក្រុមអាល់បានីឡើយ បើទោះជាខ្លួនមានឱកាស រួមជាមួយនឹងកីឡាករល្បីៗ ចំណានៗច្រើននាក់ក៏ដោយ។ បណ្ដាជនបារាំងត្រូវរង់ចាំរហូតដល់ចុងបញ្ចប់ នៃការប្រកួត ទើបកីឡាករ «Griezmann» បានប្រើក្បាល ទទួលបាល់ពីកីឡាករ «Payet» បុកបញ្ជូនបញ្ចូលទីរបស់ក្រុមអាល់បានី នៅនាទីទី៩០។
នៅ៦នាទីក្រោយ គឺនៅនាទីទី៩៦ (ក្នុងម៉ោងបន្ថែម) កីឡាករ «Payet» បានបណ្ដើរបាល់បញ្ឆោតខ្សែការពារអាល់បានី ដែលទំនងជាទន់ជើងអស់ទៅហើយ និងបានទាត់បញ្ចូលទីអាល់បានី បានមួយគ្រាប់ទៀត។
លទ្ធផលជាស្ថាពរ នៅជុំទីពីរ នៃវគ្គជម្រុះ សម្រាប់ពូល A បារាំងទទួលបាន៦ពិន្ទុ ឡើងទៅឈរនៅពីលើក្រុមស្វីស ដែលទទួលបាន៤ពិន្ទុ ខណៈក្រុមរ៉ូមានី បានមួយពិន្ទុ និងក្រុមអាល់បានី សូន្យពិន្ទុ។ ជាមួយនឹងលទ្ធផលនេះ ក្រុមបារាំងបានទទួលបានសិទ្ធិ ឡើងទៅប្រកួតនៅវគ្គ១ភាគ៨ ដោយស្វ័យប្រវត្តិ ទោះជាការប្រកួតក្នុងជុំទីបី នៃវគ្គជម្រុះ ក្នុងប៉ុន្មានថ្ងៃខាងមុខ ទទួលបានលទ្ធផលបែបណាក្ដី។
» សូមទស្សនាវីដេអូ នៃការប្រកួតដោយសង្ខេបឡើងវិញ៖