ISSI ប្រកាសទទួលខុសត្រូវ ការបាញ់សម្លាប់ក្នុងរង្គសាលនៃជនស្រឡាញ់ភេទដូចគ្នា នៅអាមេរិក
ប្រព័ន្ធផ្សព្វផ្សាយ របស់ក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) ជាពិសេសទីភ្នាក់ងារព័ត៌មានផ្លូវការ របស់ក្រុមនេះ ឈ្មោះ «Amaq» បានប្រកាសនៅថ្ងៃអាទិត្យថា ក្រុមស្ថាបនិកនិកាយ ស៊ូនីត (Sunnite) គឺជាអ្នកទទួលខុសត្រូវ នឹងការបាញ់សម្លាប់ ក្នុងរង្គសាលរាំរែកមួយ ស្ថិតក្នុងរដ្ឋផ្លរីដា ភាគខាងត្បូងសហរដ្ឋអាមេរិក។ ហេតុការណ៍នេះ បានធ្វើឲ្យមនុស្សយ៉ាងហោច ៥០នាក់ស្លាប់ និង៥៣នាក់ផ្សេងទៀត រងរបួស កាលពីយប់ថ្ងៃសៅរ៍ ទី១១ ខែមិថុនា ចូលមកថ្ងៃអាទិត្យទី១២ ខែមិថុនានេះ។
ទីភ្នាក់ងារ «Amaq» បានប្រកាសថា៖ «ការវាយប្រហារ ប្រដាប់ដោយអាវុធ ដែលមានមុខព្រួញ ទៅលើរង្គសាល នៃជនស្រឡាញ់ភេទដូចគ្នាមួយ នៅក្នុងក្រុង អ័រឡេនដូ នៃរដ្ឋផ្លរីដា សហរដ្ឋអាមេរិក និងដែលបានធ្វើឲ្យមនុស្សស្លាប់ ឬរបួស១០០នាក់នោះ ត្រូវបានដឹកនាំដោយយុទ្ធជន នៃក្រុមរដ្ឋអ៊ីស្លាម»។
[...]