តំណាងរាស្ត្ររ៉ូស្ស៊ីម្នាក់ ចង់បិទFacebook ព្រោះរូបថតចម្រុះពណ៌
- ដោយ: កេសរ កូល អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី២៩ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 30, 2015
- ប្រធានបទ: ស្រឡាញ់ភេទដូចគ្នា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្ដីសប្បាយរីករាយ របស់ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម ក្នុងការដាក់លាយបញ្ចូលគ្នា រវាងរូបថតផ្ទាល់ខ្លួន របស់ពួកគេ និងពណ៌ចម្រុះ«ដូចឥន្ទនូ» នៅលើហ្វេសប៊ុកនោះ មិនមែនជាការពញចិត្ត របស់មនុស្សមួយចំនួនទេ។ ជាពិសេស គឺតំណាងរាស្ត្រជាតិរ៉ូស្ស៊ីមួយរូប លោក វីតាលី មីឡូណូវ (Vitali Milonov) បានបង្កើត សេចក្ដីព្រាងច្បាប់មួយឡើង ដើម្បីដាក់ទណ្ឌកម្ម លើបណ្ដាញសង្គម ដែលបានផ្សព្វផ្សាយ មានលក្ខណៈជា«ពាណិជ្ជកម្ម» ពីការស្រឡាញ់ភេទដូចគ្នា។
សម្រាប់លោក វីតាលី មីឡូណូវ រូបថតទាំងអស់ ដែលមានលាយឡំ ទៅដោយពណ៌ឥន្ទនូនោះ ជាការ«រំលោភ» លើច្បាប់ទំម្លាប់របស់ប្រទេសរ៉ូស្ស៊ី។ លោកបាននិយាយថា៖ «ហ្វេសប៊ុក មិនបានកំណត់អាយុ របស់អ្នកចូលទៅប្រើប្រាស់ទេ (តាមពិត មិនមែនដូច្នេះទេ ព្រោះតាមលក្ខខន្តិកៈ របស់ហ្វេសប៊ុក បានបញ្ជាក់ថា អ្នកប្រើប្រាស់ត្រូវមានអាយុ ពី១៣ឆ្នាំឡើង) គេមិនអាចដឹងថា តើមានកុមារច្រើនយ៉ាងណា ដែលបានមើលឃើញ រូបថតនេះ»។
តំណាងរាស្ត្ររូបនេះ បានបន្តអះអាងទៀតថា៖ «ដោយហេតុដូច្នេះហើយ ទើបគួរតែបិទ កុំឲ្យ ហ្វេសប៊ុក នៅមានដំណើរការ (ក្នុងប្រទេសរ៉ូស្ស៊ី) តទៅទៀត»។
រូបថតដែលមានលាយបញ្ចូល ដោយពណ៌ឥន្ទនូ ដែលជានិមិត្តសញ្ញា របស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ត្រូវបានក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម បង្កើតជាមួយកម្មវិធីមួយ របស់ហ្វេសប៊ុក ហើយបានបង្ហោះ នៅលើគណនីរបស់ពួកគេ សឹងតែគ្រប់ៗគ្នា។ ការបង្កើតរូបភាព ជាមួយពណ៌នោះ បានធ្វើឡើង នៅក្រោយការប្រកាសសាលក្រម របស់តុលាការកំពូល នៅសហរដ្ឋអាមេរិក ដែលផ្ដល់ភាពស្របច្បាប់ ឲ្យទៅអាពាហ៍ពិពាហ៍ នៃភេទដូចគ្នា កាលពីថ្ងៃសុក្រសប្ដាហ៍មុន។
ការលើកឡើង របស់តំណាងរាស្ត្ររ៉ូស្សីខាងលើ បានរងនូវប្រតិកម្មយ៉ាងច្រើន ពីសំណាក់ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម។ ពួកគេបានយករូបថតផ្លូវការ របស់លោក វីតាលី មីឡូណូវ មកដាក់បញ្ចូល ជាមួយពណ៌ឥន្ទនូ រួចយកមកបង្ហោះបន្តៗគ្នា ទាំងនៅលើបណ្ដាញសង្គម ក៏ដូចជានៅលើទ្វីសធើរ។
នៅក្នុងប្រទេសរ៉ូស្សី ការស្រឡាញ់ភេទដូចគ្នា ត្រូវបានចាត់ទុក ជាឧក្រិដ្ឋកម្មរហូតដល់ឆ្នាំ១៩៩៣ និងចាតទុកជា ជំងឺ«រោគចិត្ត» រហូតដល់ឆ្នាំ១៩៩៩។ បើទោះជាមកដល់ពេលនេះ ច្បាប់រ៉ូស្សី បានលើកលែង មិនចាប់ថ្នាក់អូសដំណើរក៏ដោយ ក៏ការស្រឡាញ់ភេទដូចគ្នា នេះ នៅតែជាបញ្ហាមួយដ៏រសើប សម្រាប់សង្គមរ៉ូស្ស៊ីដែរ។ នៅតាមដងផ្លូវនានា បទល្មើសបានកើតឡើងជារឿយៗ ទាក់ទងនឹងការវាយតប កាប់សម្លាប់ ការជេរប្រមាថ ឬការប្រកាន់រើសអើង ប្រឆាំងនឹងក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។ នេះបើតាមរបាយការណ៍ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ហៅជាភាសាអង់គ្លេសថា «Human Rights Watch»៕