ហ្វេសប៊ុក បើកអោយមានទំព័រសំរាប់គូរស្នេហា
- ដោយ: ដារា រិទ្ធ
- កែប្រែចុងក្រោយ: November 13, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រសិនបើអ្នកបង្ហាញឈ្មោះ ដៃគូរស្នេហារបស់អ្នកនៅលើទំព័រមុខរបស់អ្នក ទំព័រមួយដែលមានលក្ខណៈរួមជីវិតរវាងអ្នក និងដៃគូរស្នេហារបស់អ្នក នឹងមានចេញមកជាស្វ័យប្រវត្តិ ចាប់ពីថ្ងៃនេះតទៅ។
រហូតមកដល់ថ្ងៃនេះ បង្ហាញនៅបណ្ដាញសង្គមថា អ្នកមិននៅទំនេរ អ្នកគ្រាន់តែបំពេញនៅលើនោះ ពីចំណងទំនាក់ទំនងថា មានលក្ខណៈផ្លូវការ ហើយប្រកាសវាទៅអ្នកផ្សេងទៀត អោយដឹងពីសេចក្ដីសុខរបស់អ្នក (បើទោះជាពេលខ្លះ ការប្រកាសនេះជាការពិតមែន ឬគ្រាន់តែជាការលេងសើចរវាងអ្នក និងមិត្តភ័ក្រអ្នកក៏ដោយ)។ ហើយពេលខ្លះដែលចំណងទំនាក់ទំនងនោះ បានចូលដល់ដំណាក់កាលនៃការចែកផ្លូវ អ្នកក៏គ្រាន់តែធ្វើប្រកាសនៅលើទំព័រនេះដដែល គឺអាចចាត់ទុកជាការស្រេច។ តែចាប់ពីថ្ងៃនេះទៅ មិនចាំបាច់ថាអ្នកចង់ឬមិនចង់ទេ ចំណងទំនាក់ទំនងស្នេហារបស់អ្នក នឹងត្រូវបណ្ចាញសង្គមនេះ តម្រូវអោយអ្នកមានភាពច្បាស់លាស់ជាងមុន។ ជាលក្ខត្តិកៈថ្មី នៃច្បាប់អាពាហ៍ពិពាហ៍របស់ហ្វេសប៊ុក។
ប្រសិនជាអ្នកបង្ហាញ ពីឈ្មោះរបស់ដៃគូររបស់អ្នក នៅលើទំព័រមុខរបស់អ្នក អ្វីៗដែលកើតឡើងជាបន្តបន្ទាប់ ពីចំណងមេត្រីភាពរវាងអ្នក និងដៃគូររបស់អ្នក នឹងមាននៅលើទំព័រមួយទៀត។ ដំណើរការថ្មីនេះ នឹងមានជាលើកដំបូង តែនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅសហរដ្ឋអាមេរិកមួយប៉ុណ្ណោះ។ សេចក្ដីប្រកាសជាផ្លូវការមួយ របស់ហ្វេសប៊ុក កាលពីថ្ងៃទី៨វិច្ឆិកា បានពន្យល់ថា «ទំព័រនេះនឹងដាក់បញ្ចូល នូវរាល់មតិយោបល់ រូបថត និងព្រឹត្តិការណ៍ទាំងឡាយ ដែលអ្នក និងដៃគូររបស់អ្នកបានចែកផ្សាយ»។ សេចក្ដីប្រកាសនោះ បានលើកបញ្ជាក់ថា «ចាប់ពីថ្ងៃនេះតទៅ យើងនឹងសម្ភោធដាក់អោយប្រើប្រាស់ នូវទំព័រដំណើរការថ្មីមួយ។» តាមរបាយការណ៍ ដែលធ្វើបន្តដោយកាសែត ហូហ្វីងតោនប៉ុស្ដ៍ (Huffington Post) បាននិយាយថា សម្រាប់នៅប្រទេសផ្សេងទៀត ទំព័រនេះ នឹងដាក់អោយដំណើរការ ក្នុងពេលឆាប់ៗខាងមុខ។
ទំព័រដៃគូរស្នេហានេះ នឹងមកបន្ថែមទំព័រមិត្តភាព ដែលមានរួចមកហើយ ដោយអ្នកអាចចុចបមើលបាន នៅខាងលើផ្នែកខាងស្ដាំនៃទំព័រមុខរបស់មិត្តភ័ក្ររបស់អ្នក នៅក្នុងបណ្ដាញ។ ដូចអ្វី ដែលហ្វេសប៊ុកធ្លាប់បានថ្លែងរួចហើយថា អ្វីៗដែលនៅលើរាល់ទំព័រទាំងអស់នេះ នឹងអាចត្រូវត្រួតពិនិត្យបាន ប្រសិនជាអ្នកចង់អោយឃើញ ឬចង់លាក់នូវពត៌មានណាមួយ។
សំរាប់រូបអ្នកវិញ តើអ្នកមានយោបល់យ៉ាងដូចម្ដេចដែរ ទៅលើដំណើរការថ្មីនេះ? មានប្រយោជន៍ច្រើនបែបណា សំរាប់អ្នក មិត្តភ័ក្រ ឬសំរាប់ជីវិតរបស់អ្នក? សូមបញ្ចេញយោបល់របស់លោកអ្នក នៅខាងក្រោមនេះ ដោយសេរី៕
-------------------------------------------------------
ដោយ ៖ ដារា រិទ្ធ - ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ