ហ៊ុន សែន ថា​លោក​ដឹកនាំ​តាម​បែប​«រដ្ឋាភិបាល​អេឡិចត្រូនិក»

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានថ្លែងដោយមោទនភាពថា លោកកំពុងដឹកនាំប្រទេសកម្ពុជា តាម​បែប​«រដ្ឋាភិបាល​អេឡិចត្រូនិក» ដែលភាសាអង់គ្លេស ហៅថា «E-Government»។
ហ៊ុន សែន ថា​លោក​ដឹកនាំ​តាម​បែប​«រដ្ឋាភិបាល​អេឡិចត្រូនិក»
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថតសហការី)
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៦ មិថុនា ២០១៦
  • កែប្រែចុងក្រោយ: June 16, 2016
  • ប្រធានបទ: បច្ចេកវិទ្យា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសអួតអាង នៅថ្ងៃព្រហស្បត្តិ៍ទី១៦ ខែមិថុនានេះ ពីរបៀបដឹកនាំ​ប្រទេស​របស់​លោក ដែលលោកហៅថា ជារបៀបដឹកនាំ តាមបែប«រដ្ឋាភិបាល​អេឡិចត្រូនិក» ហៅតាមភាសាអង់គ្លេស «E-Government»។ បើស្ដាប់មួយភ្លែត ហាក់ដូចជាសម្បើមបន្តិច តែលោក ហ៊ុន សែន គួរ​ពន្យល់​ឲ្យ​គេឯង​ដឹង​ផង​ថា តើ​«រដ្ឋាភិបាល​អេឡិចត្រូនិក»នេះ មានលក្ខណៈរបៀបម៉េច និងថាតើ វាមានដំណើរការ តាមតែរយៈហ្វេសប៊ុក​របស់​លោក ឬយ៉ាងណា។

ថ្លែងនៅក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់អគារមួយ នៃសាកលវិទ្យាល័យ វិទ្យាសាស្ដ្រសុខាភិបាល លោក ហ៊ុន សែន បានសំដែងក្ដីសោមនស្សរបស់លោក ជុំវិញទំនាក់ទំនងរវាងលោក និងបណ្ដាអ្នក​ប្រើប្រាស់​បណ្ដាញ​​សង្គម នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការ​ របស់លោក។ លោកនាយករដ្ឋមន្ត្រី បានចាប់ផ្ដើមអះអាងថា៖ «តាំង​​ពី​ខ្ញុំ​លេង​ហ្វេសប៊ុកមក ទទួលសំណូមពរពីគ្រប់ទិស ហើយស្ដាប់បានរឿង រួចហើយពិចារណាយល់ និង​ដោះស្រាយ»។

បុរសខ្លាំងកម្ពុជា បានបន្តទៀតថា៖ «អញ្ចឹង បានជាផេក (Page-ទំព័រ) ហ្វេសប៊ុករបស់ខ្ញុំ ដែលមានអ្នកគាំទ្រ (?) ជិតបួនលានកន្លះ - ខ្ញុំមិនប្រណាំងប្រជែង ជាមួយនរណាទាំងអស់ - ប៉ុន្តែខ្ញុំប្រើហ្វេសប៊ុក តាម​របៀប​រដ្ឋាភិបាល​​អេឡិចត្រូនិក E-Government។ អញ្ចឹង ខ្ញុំដឹងបញ្ហា យើងដោះ(ស្រាយ)​ទាន់បញ្ហា។»

ការលើកឡើងរបស់លោក ហ៊ុន សែន ខាងលើនេះ បានបង្កឲ្យមានចំងល់សួរថា តើអ្វីទៅ ជា​«រដ្ឋាភិបាល​អេឡិចត្រូនិក ឬ E-Government»? តើប្រព័ន្ធ រដ្ឋាភិបាលអេឡិចត្រូនិក វាចាំបាច់សម្រាប់ប្រទេសកម្ពុជា និង​មាន​ធ្វើឡើង តាមតែរយៈហ្វេស៊ុកប៉ុណ្ណោះឬ? ពីទីក្រុង ម៉ុងរ៉េអាល់ ប្រទេសកាណាដា លោក សុធា មេត្តា វិស្វករ​ផ្នែកបច្ចេកវិទ្យា បានពន្យល់ពីករណីនេះ ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដូចខាងក្រោម។

«រដ្ឋាភិបាលអេឡិចត្រូនិក» ហៅតាមភាសាអង់គ្លេស «E-Government» ឬតាមភាសាបារាំង «Administration électronique» ត្រូវបានគេឲ្យ​ជានិយមន័យខ្លីថា ជាការប្រើប្រាស់បច្ចេកវិទ្យា នៃប្រព័ន្ធព័ត៌មានវិទ្យា (ឬតាម​ប្រព័ន្ធ​អ៊ិនធើណែត) និងការប្រស្រ័យទាក់ទង ពីសំណាក់​រដ្ឋបាល​សាធារណៈ ដើម្បីផ្ដល់ទៅឲ្យពលរដ្ឋ នូវ​មធ្យោបាយ​ដែល​ងាយបំផុត សម្រាប់ទទួលមកវិញ នូវសេវាកម្មសាធារណៈទាន់ចិត្ត និងមានលទ្ធផល​តាម​ការ​រំពឹង។

លោក សុធា មេត្តា បានថ្លែងឡើង​ថា ភាសាខ្មែរយើងគួរប្រើពាក្យនេះ មកជា«រដ្ឋបាលអេឡិចត្រូនិក»​វិញ វា​មាន​​អត្ថន័យ​​ត្រូវ​ជាង ព្រោះប្រើពាក្យ​«រដ្ឋាភិបាលអេឡិចត្រូនិក» វាហាក់ដូចជាខ្លាំងពេក និង​មិន​មាន​វិសាល​ភាព ទៅ​​តាម​​​អត្ថន័យ​នៃ​ពាក្យនេះ ដែលចង់សំដៅ ទៅដល់រដ្ឋបាលថ្នាក់មូលដ្ឋាន ដែលត្រូវតែផ្ដល់សេវាកម្ម​សាធារណៈ​​​នេះ​​ដូចគ្នា។ លោកបានលើក​ជាឧទាហរណ៍ថា ពលរដ្ឋនៅក្នុងខេត្តស្វាយរៀង ដែលចង់បាន​​លិខិត​​បញ្ជាក់ ពី​សំបុត្រ​កំណើត ឬចង់​រក​មើលព័ត៌មាន​អ្វីផ្សេងៗ នៅនឹងភូមិឃុំរបស់ខ្លួន គេអាចចូល​ទៅ​កាន់​​គេហទំព័រ​របស់​សាលា​ឃុំ ឬ​សាលា​ស្រុក នៃតំបន់ដែលពួកគាត់រស់នៅ ហើយស្វែងរកសេវាកម្ម​ទាំង​នេះ នៅ​​​លើ​​គេហទំព័រ​​នោះ​​ដោយ​​ផ្ទាល់​តែម្ដង តែមិនមែនគ្រប់គ្នា ត្រូវចូលមកទំព័រហ្វេសប៊ុក របស់នាយក​រដ្ឋមន្ត្រី​​នោះ​​ឡើយ។

ផ្ទុយទៅវិញ លោក សុធា មេត្តា បានពន្យល់ថា ការបើកឲ្យពលរដ្ឋ​ចូលមកកាន់គេហទំព័រតែមួយ ជា​​ពិសេស​​ទំព័រ​​ហ្វេសប៊ុក របស់នាយករដ្ឋមន្ត្រី វាអាចខុសពីតួនាទី របស់នាយករដ្ឋមន្ត្រី ដែលតាមធម្មតា លោកត្រូវធានា​ឲ្យ​មានសេវាកម្មទាំងនេះ ទៅដល់ភូមិឃុំ ឬទៅដល់ស្ថាប័នតូចៗផ្សេងទៀត (ដូចជាសកលវិទ្យាល័យ វិទ្យាសាស្ត្រ​សុខាភិបាល​ជាដើម)។

លោកវិស្វការ បានអះអាងថា៖ «បើគ្រប់គ្នា ចេះតែចូលមកទំព័រហ្វេសប៊ុកលោកនោះ អញ្ចឹង​មនុស្ស​រាប់​លាន​នាក់សួរមក តើលោក ហ៊ុន សែន អាចឆ្លើយទៅទាំងអស់រួចដែរឬ? ហើយ​លោក​នាយក​រដ្ឋមន្ត្រី​ចាំបាច់ ត្រូវ​ពិចារណា​ដែរថា តើប្រព័ន្ធអ៊ិនធើណែត បានទៅដល់ដៃពលរដ្ឋ នៅស្រុកស្រែចំការ បាន​ប៉ុន្មាន​ភាគ​រយ​ហើយ? E-government មានអត្ថន័យគ្របដណ្ដប់ ទៅលើប្រព័ន្ធអ៊ិនធើណែត តែមិនមែនគ្របដណ្ដប់ ទៅ​លើ​តែ​ទំព័រ​ហ្វេសប៊ុក របស់​លោក​នោះទេ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...