សម រង្ស៊ី៖ បរទេស​ឈ្មាន​ពាន​ឲ្យ​ខ្មែរ​ស៊ី​ឈ្នួល បង្ក​វិបត្តិ​នយោបាយ​នៅ​កម្ពុជា

តើវិបត្តិនយោបាយ ដែលកើតឡើងនៅកម្ពុជាសព្វថ្ងៃ កើតឡើងពីអ្វី និងដើម្បីអ្វី? សម្រាប់លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ បានលើកឡើងថា វិបត្តិនយោបាយសព្វថ្ងៃ ត្រូវបានគេបង្កឡើង ដើម្បីផល​ប្រយោជន៍​ពីរ​យ៉ាង។ ផលប្រយោជន៍មួយ ពីក្នុងចំណោមនោះ ទាក់ទងនឹងបរទេសឈ្លានពាន ជាអ្នកបញ្ជា​ឲ្យ​ក្រុម​ខ្មែរ​ស៊ី​ឈ្នួល ដើម្បី​បង្ក​បញ្ហា​ឲ្យ​ខ្មែរ​ឈ្លោះ​គ្នា។
សម រង្ស៊ី៖ បរទេស​ឈ្មាន​ពាន​ឲ្យ​ខ្មែរ​ស៊ី​ឈ្នួល បង្ក​វិបត្តិ​នយោបាយ​នៅ​កម្ពុជា
ខាងមុខ​​ពីឆ្វេងមកស្ដាំ៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា។ (រូបថត MONOROOM.info/ S. Tith)
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១៥ មិថុនា ២០១៦
  • កែប្រែចុងក្រោយ: June 16, 2016
  • ប្រធានបទ: នយោបាយ-កម្ពុជា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទិដ្ឋភាពមួយផ្នែក ដែលអាជ្ញាធរ​រដ្ឋាភិបាល គ្រប់គ្រងដោយ​គណបក្ស​ប្រជាជនកម្ពុជា តែងតែលើកឡើង​មិន​ដាច់​ពីមាត់ ទាក់ទងនឹងការចាប់ចង ផ្ទុះរឿងរ៉ាវថ្មីៗ​ជាបន្តបន្ទាប់នោះ គឺជាករណីរបស់តុលាការ «សុទ្ធសាធ» ហើយ​មិន​ពាក់ព័ន្ធ​នឹងនយោបាយទេ។ ប៉ុន្តែសម្រាប់​ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​​​នៅក្រៅប្រទេស ដើម្បីគេចពីការចាប់ចងនោះ បានលើកឡើង ថាវិបត្តិនយោបាយសព្វថ្ងៃនេះ ត្រូវ​បាន​បង្ក​ឡើង ក្នុងផលប្រយោជន៍ចំនួនពីរ។

«បរទេសឈ្លានពាន បញ្ជា(មក)អ្នកស៊ីឈ្នួលគេ ដើម្បីបង្កវិបត្តិ...»

ថ្លែងនៅក្នុងកម្មវិធី «វេទិការអ្នកស្ដាប់» វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃពុធ ទី១៥ ខែមិថុនានេះ លោក សម រង្ស៊ី បាន​ពន្យល់ចំពោះផលប្រយោជន៍ទីមួយថា គឺដើម្បីបិតបាំងបញ្ហាជាតិធំៗ និងបញ្ហាអាយុជីវិតប្រទេសជាតិ ដោយ​យកតែរឿងកំប៉ិចកំប៉ុក រឿងផ្ទាល់ខ្លួន រឿងបុគ្គល យកមកលាតត្រដាង។ លោក រង្ស៊ី បានរៀបរាប់ថា៖ «អាណ្នឹង (ដើម្បី) បង្វែរអារម្មណ៍ កុំឲ្យយើងគិតពីបញ្ហាប្រទេសជាតិ។ ហើយបើយើងមិនគិត ពីបញ្ហា​ប្រទេស​ជាតិ​ទេ គឺយើងបណ្ដោយ ឲ្យប្រទេសជាតិយើងលិចលង់។ នរណា ចង់ឲ្យជាតិយើងលិចលង់? បើខ្មែរជា​អ្នក​ស្រឡាញ់​ជាតិ (គឺ)មិនចង់ឲ្យជាតិយើង​លិចលង់ទេ។ មានតែបរទេសឈ្លានពាន គេបញ្ជា(មក)​អ្នក​ដែល​ស៊ី​ឈ្នួល​គេ អ្នកដែលបម្រើគេ (ធ្វើឲ្យ)ខ្មែរឈ្មោះគ្នា កុំឲ្យខ្មែរអាចដោះស្រាយបញ្ហាអាយុជីវិត របស់ជាតិ​មាតុភូមិ​ របស់​យើង​បាន។»

រីឯផលប្រយោជន៍ទីពីរ ត្រូវបានប្រធាន​គណបក្សសង្គ្រោះជាតិរូបនេះ អះអាងថា ដើម្បីបង្កបញ្ហា​ឲ្យការ​បោះឆ្នោត នាពេលខាងមុខនេះ មាន​ការ«រាំងស្ទះ»។ លោក សម រង្ស៊ី បានថ្លែងឡើងថា៖ «គេដឹង ថា​ប្រជា​រាស្ត្រ​ស្រឡាញ់ជាតិ ប្រជារាស្ត្រខ្មែរស្រឡាញ់យុត្តិធម៌ ប្រជារាស្ត្រខ្មែរគាំទ្រគណបក្សសង្គ្រោះជាតិ។ ដូច្នេះ ឆន្ទះ​ប្រជារាស្ត្រ គឺកាន់តែមោះមុត កាន់តែចង់ឲ្យមានការផ្លាស់ប្ដូរថែមទៀត។ ថែមទាំង គ.ជ.ប. (គណៈ​កម្មាធិការ​ជាតិ​​រៀបចំការបោះឆ្នោត) ថ្មីនេះ (...) ដែលយើងអាចជឿទុកចិត្តបាន។ យើងជឿថា ការ​បោះ​ឆ្នោត​លើក​ក្រោយ (នឹង) ល្អប្រសើរជាងមុន ហើយ (...) បើល្អប្រសើរ​ជាងមុន​តែបន្តិច (នោះ) គឺគណបក្ស​សង្គ្រោះ​ជាតិ នឹងទទួលជ័យជំនៈយ៉ាងធំធេង។»

«យុទ្ធសាស្ត្រ...»

មេដឹកនាំគណបក្សប្រឆាំង បានបន្តទៀតថា៖ «ដូច្នេះ ខាងគេម្ខាងទៀត ក៏គេយល់ដូចយើង ប៉ុន្តែគេ​យល់​បញ្ច្រាស​(ពី)យើង ពីព្រោះផលប្រយោជន៍គេ វាផ្ទុយពីផលប្រយោជន៍ជាតិ ផលប្រយោជន៍​គណបក្ស​សង្គ្រោះ​ជាតិ។ ដូច្នេះ គេត្រូវតែបំផ្លាញ ដំណើរការបោះឆ្នោត។ (ហើយ) ដើម្បីបំផ្លាញដំណើរការបោះឆ្នោត គេ​ត្រូវ​តែ​បង្ក​រឿង។ បង្ករឿង ចំពោះគណបក្សសង្គ្រោះជាតិ ហើយបង្ករឿងចំពោះអ្នកណា ដែលហ៊ានទិតៀន អ្នកណា​ដែល​ហ៊ានចេញមុខ ការពារផលប្រយោជន៍ជាតិ។ (...) យុទ្ធសាស្ត្ររបស់គេ គឺយុទ្ធសាស្ត្រហិង្សា យុទ្ធសាស្ត្រ​ចាប់​ដាក់​គុក យុទ្ធសាស្ត្របំភិតបំភ័យ កុំឲ្យដំណើរការបោះឆ្នោតនោះ (ប្រព្រឹត្តិទៅ)មានលក្ខណៈរលូន។»

លោក សម រង្ស៊ី បានបញ្ជាក់ទៀតថា៖ «យើងឃើញក្រឡា យើងឃើញក្រយ៉ៅ របស់អ្នកដែលមាន​បំណង​អាក្រក់ ដែលចេះតែរករឿង ចង់ឲ្យខ្មែរឈ្លោះគ្នា ឥតឈប់ឈរនេះ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...