សម រង្ស៊ី មិន​ជឿ​ថា ហ៊ុន សែន «ល្ងង់»

ទេ! លោក ហ៊ុន សែន មិនមែនជានាយករដ្ឋមន្ត្រី ដែល«ល្ងង់» និងមាន«ត្រចៀកស្រាល» ដែលងាយ​ជឿ​សំដី​អ្នក​ដទៃ ហើយចូលចិត្ត​យក​តែ​រឿង​ឯកជន ជាពិសេសជីវិតផ្ទាល់ខ្លួនលោក មករវល់ខ្វាយខ្វល់ ជាជាងរឿង​ប្រទេស​ជាតិ​ប្រជាជន​នោះ​​ឡើយ។ នេះ ជា​ជំនឿ​ជឿ​ជាក់ របស់​ប្រធានគណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី នៅក្នុង​កិច្ច​សម្ភាស​មួយ ដើម្បី​ឆ្លើយ​តប​​​ទៅ​នឹង​ការ​បដិសេធ លើលិខិតចូលរួមឈឺចាប់​របស់លោក ក្នុង​រឿង​ចោទ​ប្រកាន់​ដ៏​អាស្រូវ​មួយ លើ​គ្រួសារ​របស់​លោក ហ៊ុន សែន។
សម រង្ស៊ី មិន​ជឿ​ថា ហ៊ុន សែន «ល្ងង់»
ពីឆ្វេងមកស្ដាំ៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ (រូបថតឯកសារ)
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១៥ មិថុនា ២០១៦
  • កែប្រែចុងក្រោយ: June 16, 2016
  • ប្រធានបទ: នយោបាយ-កម្ពុជា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ខ្ញុំមិនជឿថា អ្នកដែលប្រតិកម្មបែបនេះ (ជាមនុស្ស)ល្ងង់ គិតស្រាល ចោទប្រកាន់គេ​គ្មានមូលដ្ឋាន​បែបនេះ មាន​បំណងអាក្រក់ គ្រាន់តែយករឿងបុគ្គល យកមកបាំងមុខ យកមកបង្វែរអារម្មណ៍ កុំឲ្យ​ប្រជា​ពលរដ្ឋ​គិត​ពី​រឿង​ជាតិ» នេះជាការលើកឡើង របស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដើម្បីជាប្រតិកម្ម​ទៅ​នឹង​ការ​​បដិសេធ​​មួយ ពីសំណាក់ (មនុស្សដែលស្និតនឹង) នាយករដ្ឋមន្ត្រីកម្ពុជា ទាក់ទងនឹងសំនុំរឿង​ចោទ​ប្រកាន់ ដ៏​អាស្រូវ​​មួយ ទៅ​លើ​ភរិយា និងកូនច្បង របស់លោក ហុន សែន។

ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម និងប្លូក (Blog) បានបង្ហោះផ្សាយ​ជាច្រើនដង នូវការចោទប្រកាន់ភរិយា និង​កូនច្បងរបស់លោក ហ៊ុន សែន គឺអ្នកស្រី ប៊ុន រ៉ានី និងលោក ហ៊ុន ម៉ាណែត ថាជាភរិយា និងជាកូន​លួចលាក់ របស់អតីតមេទ័ពវៀតណាមម្នាក់ ឈ្មោះ​ ឡេ ឌឹកថូ (Lê Đức Thọ) ។ បើទោះជាការបង្ហោះនោះ បាន​ធ្វើ​ឡើង​តាំង​ពី​ច្រើន​ឆ្នាំ​ណាស់​មកហើយក៏ដោយ តែលោក ហ៊ុន សែន និងក្រុមអ្នកស្និតនឹងលោក បានលើកយក​តែ​ករណី​​​លោក «Brady N Young (ឈ្មោះនៅក្នុង Facebook)» អតីតសមាជិកមួយរូប របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​​សហរដ្ឋ​​អាមេរិក ម្នាក់​មក​បញ្ជាក់​តែប៉ុណ្ណោះ។ នៅក្នុងវីដេអូ ដែលលោក «Brady N Young» បាន​​បង្ហោះ នៅ​​ប៉ុន្មាន​​ខែ​​ចុង​ក្រោយ​នេះ គេឃើញលោក​​បាន​ធ្វើអត្ថាធិប្បាយ​​​ជាច្រើនដង ពី​បញ្ហា​​ខាង​​លើ​​នេះ និង​​ថែម​​ទាំង​​ស្នើ​​សុំ​​ឲ្យ​​លោក ហ៊ុន សែន និងកូនច្បងរបស់លោក ទៅធ្វើតេស្ដ៍ «ADN ឬDNA» ដើម្បី​​បញ្ជាក់​​រក​​ការ​​ពិត​​​នោះ​​ផង។

បើទោះជា លោក «Brady N Young» ត្រូវបានគណបក្ស​សង្គ្រោះជាតិ​បណ្ដេញ​ចេញ ហើយរឿងរ៉ាវ ហាក់​​បាន​ស្ងាត់ម្ដងជាពីរដងទៅហើយក្ដី តែកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ លោក ហ៊ុន សែន ខ្លួនលោក បាន​លើក​យក​សំនុំ​រឿង​​​ជីវិត​ឯកជន​របស់​លោក​ដដែល មកប្រកាសជាសាធារណៈជាថ្មីទៀត ប៉ុន្តែម្ដងនេះ លោក ហ៊ុន សែន បាន​ចង្អុល​ដោយ​ចំៗ ទៅកាន់«មេដឹកនាំគណបក្សប្រឆាំង» ថាជាអ្នកនៅពីក្រោយករណីនេះ និង​បាន​ទាំង​​ស្នើ​ទៅ​បណ្ដា​មេដឹកនាំ​បរទេសនានា នៅក្នុងពិភពលោក ឲ្យចូលរួម«ឈឺចាប់» ជាមួយនឹង​លោក​ថែម​ទៀត​។

» អានអត្ថបទនេះឡើងវិញ៖ «ហ៊ុន សែន ហៅ​មេ​ដឹកនាំ​បរទេស ឲ្យ​ជួយ​ឈឺចាប់​រឿង​គេ​ចោទ»

តបទៅនឹងការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៤ ខែមិថុនាកន្លងមកនេះ លោក សម រង្ស៊ី បាន​ចេញ​លិខិតមួយ ក្នុងនាមជាប្រធានគណបក្សសង្គ្រោះជាតិ ដើម្បីសម្ដែង​ការ​សោក​ស្ដាយ និងចូលរួម​ការ​ឈឺ​ចាប់ ក្នុងករណីនេះ ជាមួយលោកនាយករដ្ឋមន្រ្តី។ មិនត្រឹមតែប៉ុណ្ណឹង ប្រធាន​គណបក្សប្រឆាំងរូបនេះ ថែម​ទាំង​បាន​ប្រកាសថ្កោលទោស ចំពោះជនណា ដែលប្រឌិតរឿងចោទប្រកាន់ ទៅ​លើ​រឿងរ៉ាវ​ឯកជន នៃក្រុម​គ្រួសារ​របស់​លោក ហ៊ុន សែន នោះផង។

» អានអត្ថបទនេះឡើងវិញ៖ «សម រង្ស៊ី ចូលរួម​ឈឺចាប់​ជា​មួយ ហ៊ុន សែន»

ផ្ទុយទៅវិញ សម្រាប់លោក ហ៊ុន សែន ទំនងជាមិនបាន«ស្កប់ស្កល់» ជាមួយនឹងលិខិតមួយសន្លឹករបស់លោក សម រង្ស៊ី ខាងលើនេះទេ។ នេះ បើតាមសារព័ត៌មាន «Fresh News» ដែលស្រង់យកសម្ដីមន្ត្រី ដែលនៅ​«ស្និត​បំផុត» ជាមួយនឹងនាយករដ្ឋមន្ត្រី។ សារព័ត៌មាននេះដដែល ដែលគេស្គាល់ថា ជាម៉ាស៊ីនឃោសនាមួយ មាន​និន្នាការ​លំអៀង​​ទៅរករដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជានោះ បានស្រង់ប្រភព​មិនបញ្ចេញ​​ឈ្មោះ​​មួយ​ទៀត ដែលសារព័ត៌មាននេះ​និយាយថា ជាមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រឆាំង ហើយស្និត​​នឹង​​លោក សម រង្ស៊ី មក​រាយការណ៍​បន្ត​ថា គឺ«លោក សម រង្ស៊ី ជាអ្នកនិយាយ នៅក្នុងអង្គប្រជុំផ្ទាល់តែម្តង ដោយ​បញ្ជា និង​បង្គាប់​ឲ្យ​សកម្មជន របស់ខ្លួន (Brady N Young) ឲ្យធ្វើទង្វើវាយប្រហារ និងប្រមាថកាត​ទាន​ចំពោះ​ភរិយា និង​កូន​ប្រុស​​របស់​សម្តេចតេជោ»។

មនុស្សល្ងង់ និងត្រចៀកស្រាល...

ឆ្លើយតប ទៅនឹងសំណួររបស់លោក ជុន ចន្ទបុត្រ អ្នកសម្របសម្រួលកម្មវិធី នៅក្នុងកម្មវិធី «វេទិការអ្នកស្ដាប់» វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃពុធ ទី១៥ ខែមិថុនា ទាក់ទងនឹង«ភាពមិនស្កប់ស្កល់» របស់នាយករដ្ឋមន្ត្រី​កម្ពុជា​នេះ លោក សម រង្ស៊ី បានពន្យល់ថា ពួកគេកំពុងបង្វែរឿងជាតិធំៗ ឲ្យនាំគ្នាមកជជែក តែពីរឿងបុគ្គល ឬរឿង​ឯកជន​​តូច​តាច។ លើកឡើងដោយមិនចំឈ្មោះ ប្រធានគណបក្សប្រឆាំង បានចាត់ទុកជន​ដែល​ជឿ​ការ​ចោទ​ប្រកាន់ នៅ​ក្នុង​សំនុំ​រឿង​បុគ្កល​បែបនេះ ថាជាមនុស្ស«ល្ងង់ និងត្រចៀកស្រាល»។

យ៉ាងណា លោក សម រង្ស៊ី បានថ្លែងថា លោកមិនជឿ (ដោយមិនចេញឈ្មោះ) ថាអ្នក​ដែលប្រតិកម្មបែបនេះ (លោក ហ៊ុន សែន) ជាមនុស្ស«ល្ងង់ និង​គិត​ស្រាល» នោះឡើយ។ តែលោក រង្ស៊ី បានពន្យល់ទៀតថា វិបត្តិ​នយោបាយសព្វថ្ងៃ ត្រូវបានគេបង្កឡើង នៅក្នុងផលប្រយោជន៍ពីរ ទីមួយ ដើម្បី​បិត​បាំង​បញ្ហា​អាយុ​ជីវិត​ជាតិ ដែល​លោក​បាននិយាយថា ជាផលប្រយោជន៍របស់បរទេសឈ្លានពាន ដែល​បាន​បញ្ហា​មក​​ខ្មែរ​​ស៊ីឈ្នួល ឲ្យ​បង្កើត​បញ្ហា​ទាំង​នេះ​​ឡើង។ ខណៈផលប្រយោជន៍ទីពីរ ត្រូវបានប្រធានគណបក្ស​ប្រឆាំង អះអាងដើម្បី​រារាំង​​ការ​​បោះ​ឆ្នោត ដែល​ក្រុម​ម្ខាង​ទៀត យល់ថា​នឹង​ចាញ់​គណបក្ស​របស់​លោក នា​ពេល​ខាង​មុខ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...