តើ ឈាង វុន និង យ៉ែម បុញ្ញឫទ្ធិ «ឈ្លោះគ្នា» បែបណា? (vdo)
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញថ្ងៃទី៣០ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 30, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មានវីដេអូអម - «អភ័យឯកសិទ្ធិ»រដ្ឋសភា ជាស្នូលនៃរឿងទាស់សម្ដីគ្នា រវាងមន្ត្រីជាន់ខ្ពស់ទាំងពីរ លោក ឈាង វុន និងលោក យ៉ែម ប៉ុញ្ញឬទ្ធិ ដែលសុទ្ធតែមានភាពល្បីល្បាញ ខាងសំនួនវោហាស័ព្ទដូចគ្នា ប្រចាំឲ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។
រូបចំកណ្ដាលៗ៖ លោក យ៉ែម ប៉ុញ្ញឬទ្ធិ និងលោក ឈាង វុន។ (រូបថត MONOROOM.info/ S. Tith)
ដៃគូរជម្លោះ - គ្រាន់តែកិច្ចប្រជុំ ដោយ«អសាធារណៈ»នៃក្រុមការងារ របស់គណបក្សទាំងពីនេះ បានចាប់ផ្ដើមបន្តិច ដោយការចាប់ដៃចាប់ជើងគ្នានោះមក លោក យ៉ែម បុញ្ញឫទ្ធិ បានផ្តើមនិយាយមុន ពីការប្រកាសសុពលភាពតំណាងរាស្រ្ត (គណបក្សសង្គ្រោះជាតិទាំង៥៥រូប) ត្រូវតែមាន«អភ័យឯកសិទ្ធិ»។ ការចាប់ផ្ដើមលើកករណីនេះ មកនិយាយដូច្នេះហើយ ទើបធ្វើក្រុមការងារទាំងពីរ បានចាប់ផ្ដើម តឹងសសៃករដាក់គ្នាភ្លាម។
ហេតុការណ៍នេះ បានកើតឡើងក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី២៩ ខែកក្កដាម្សិលម៉ិញ នៅមន្ទីររដ្ឋសភា ដែលចូលរួមដោយ ក្រុមការងារមកពីគណបក្សទាំងពីរ៖ លោក ឈាង វុន មកពីគណបក្សប្រជាជនកម្ពុជា និងលោក យ៉ែម បុញ្ញឫទ្ធិ មកពីគណបក្សសង្គ្រោះជាតិ ដើម្បីនិយាយគ្នាពីការកែទម្រង់បទបញ្ជាផ្ទៃក្នុងរដ្ឋសភា។
មន្ត្រីតំណាងគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានបញ្ជាក់ ហាក់ដូចជាមិនចង់ឲ្យមានភាពប្រពិចស្រពិល ពាក់ព័ន្ធនឹងអភ័យឯកសិទ្ធិសភា នៃអ្នកតំណាងរាស្រ្ត។ លោកស្នើដាក់បញ្ចូលករណីនេះ ក្នុងការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដែលចែងពីសុពលភាព នៃអ្នកតំណាងរាស្រ្ត«ទាំងមិនច្បាស់លាស់នោះ»។ លោកលើកឡើងដូច្នេះថា៖ «តើការប្រកាសសុពលភាពហើយ មានអភ័យឯកសិទ្ធិឬអត់ ដែលខ្ញុំចង់លើកយកមកពិភាក្សាគ្នាឲ្យហើយ»។
តែការលើកឡើង របស់លោក យ៉ែម ប៉ុញ្ញឬទ្ធិ ត្រូវបានលោក ឈាង វុន បានធ្វើការបដិសេធភ្លាមៗ និងបាន«បិទ»មិនឲ្យលើកមកធ្វើការពិភាក្សាឡើយ ព្រោះអាចនាំរឿងវែងឆ្ងាយ ឈានទៅដល់ការបកស្រាយ របស់ក្រុមប្រឹក្សាធម្មនុញ្ញ។ ម្យ៉ាងទៀត កិច្ចពិភាក្សាគ្នានេះ កំពុងតែរលូនហើយ។
លោក ឈាន វុន និយាយថា «ឯកឧត្តមចង់ប្រកាសសុពលភាពហើយ មានអភ័យឯកសិទ្ធិ? កាលណានិយាយចឹង (វា)ខុសរដ្ឋធម្មនុញ្ញ។ (...) រដ្ឋធម្មនុញ្ញគេថា ដើម្បីបានអភ័យឯកសិទ្ធិ អ្នកតំណាងរាស្រ្តត្រូវចូលសច្ចាប្រណិធានសិន។ នេះបានទៅជាតំណាងរាស្រ្តកើត អ្នកតំណាងរាស្រ្តមានអភ័យឯកសិទ្ធិ។ (...) ដើម្បីក្លាយជាអ្នកតំណាងរាស្រ្តត្រូវចូលស្បថសិន។»
អស់ភារកិច្ចហើយ អញ្ជើញចេញ ...
បន្ទាប់ភ្លាមមក លោក យ៉ែម បុញ្ញឫទ្ធិ បានសុំឲ្យលោក ឈាង វុន បង្ហាញនូវមាត្រាដែលលើកបានលើកឡើង។ តែទំនងជាលោក ឈាង វុន រកមិនឃើញ លោកបែរជាធ្វើការ«បន្លប់»វិញ ដោយងាកមកដេញអ្នកសារព័ត៌មាន ឲ្យចេញពីក្នុងបន្ទប់ប្រជុំតែម្តង។
អ្នកច្បាប់ម្នាក់ជាសមាជិកសភា ក្នុងលក្ខខណ្ខសុំមិនបង្ហាញឈ្មោះ បានពន្យល់ប្រាប់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា បច្ចុប្បន្នសមាជិករដ្ឋសភា មានតែ៦៨រូបនោះ (វា)បានរំលោភលើមាត្រា៧៦ នៃរដ្ឋធម្មនុញ្ញបាត់ទៅហើយ។ មានន័យថា គ្មានសុពលភាពតំណាងរាស្រ្ត គ្មានអភ័យឯកសិទ្ធិសភា នោះប្រាកដណាស់មិនមែនជា សមាជិកតំណាងរាស្ត្រនៃរដ្ឋសភា។ ដូច្នេះការបង្ខំចូលសភា នៃតំណាងរាស្រ្តទាំង៦៨រូបនោះ មិនចាត់ទុកថា ជាការធ្វើរដ្ឋប្រហារដ្ឋធម្មនុញ្ញទេឬ? ជាងនេះទៅទៀតលោកបន្តថា ក៏មានន័យថា «មិន»គោរពតាមព្រះរាជក្រិត្យរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី ដែរ ដែលព្រះអង្គទ្រង់បានឡាយព្រះហត្ថលេខា កំណត់នូវចំនួនតំណាងរាស្រ្ត ក្នុងអាណត្តិទីប្រាំនេះ ថា «ត្រូវមាន១២៣រូប»នោះ៕