អនុប្រធាន CNRP ចំអក​ឲ្យ​រឿង​«ចុះចូល»

លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរចំអកនៅថ្ងៃនេះ ថាឃុំសង្កាត់​ណា ដែល​​មាន​​រឿង​​ចុះ​ចូល ឃុំនោះនឹងមានសម្លេង របស់«ជំរុំទេវតា»ធ្លាក់ចុះ ហើយសម្លេង​​របស់​​«ជំរុំ​ព្រះអាទិត្យ»​​កើន​​ឡើង។
អនុប្រធាន CNRP ចំអក​ឲ្យ​រឿង​«ចុះចូល»
ពិធីដ៏ធំដុំមួយ ដែលគេអះអាងថា សកម្មជនគាំទ្របក្សសង្គ្រោះជាតិ ជាង២០០នាក់ ស្ម័គ្រចិត្តដូរអាវ ដុតអាវ ផ្តាច់ខ្លួន ចូលមករួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជា នៅឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ កាល​ពីខែ​តុលា ឆ្នាំ២០១៦។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៨ មិថុនា ២០១៧
  • កែប្រែចុងក្រោយ: June 08, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីបោះឆ្នោត គឺដល់ពេលវេលា ដែលត្រូវដកស្រង់បទពិសោធន៍ម្ដង! ដកស្រង់ហេតុការណ៍ ដែល​កើត​ឡើង​កាល​ពី​មុន​ពេល និងក្នុងពេលបោះឆ្នោត ថាតើវាបានផ្ដល់គុណវិបត្តិ ឬគុណសម្បត្តិ និងភាពខាត ឬ​ចំណេញ​អ្វីខ្លះ ជាពិសេសអ្វីដែលគួរធ្វើ និងមិនគួរធ្វើ។ សម្រាប់លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​វិញ បានលើកយក«រឿងចុះចូល» មកនិយាយនៅថ្ងៃនេះ ដោយទំនងជាចង់ចំអក ទៅដល់ចលនា ដែល​​ស្ថិត​នៅពីខាងក្រោយវាំងនន។

លោក ឆៃអ៊ាង បានលើកឡើងថា៖ «និយាយពីរឿងចុះចូល ចេះតែចង់សើច ព្រោះនៅឃុំណា​មានពិធី​ទទួល​អ្នក​ចុះ​ចូល គឺជំរុំទេវតានៅឃុំនោះ បាត់សម្លេងឆ្នោត ហើយជំរុំព្រះអាទិត្យកើនសម្លេងឆ្នោត»។

អនុប្រធានគណបក្សប្រឆាំង ទំនងជាចង់សំដៅ ជំរុំទេវតា ថាជាគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតា​បាច​ផ្កាជាតំណាង ហើយជំរុំព្រះអាទិត្យ ថាជាគណបក្ស​សង្គ្រោះជាតិ​របស់​លោក ដែលមាន​រូបព្រះអាទិត្យ​បញ្ចេញ​រស្មី​​ជា​តំណាង។ លោកបានបន្តថា៖ «ដូចមុនការឃោសនាបោះឆ្នោត នៅខេត្តបន្ទាយមានជ័យ ប្រព័ន្ធ​ផ្សព្វផ្សាយ​ជំរុំទេវតា មួយថ្ងៃៗផ្សាយ ពីមនុស្សជំរុំព្រះអាទិត្យ ចុះចូលជំរុំទេវតាស្ទើរតែគ្រប់ឃុំ តែលទ្ធផលឆ្នោត គឺជំរុំទេវតា បាត់សន្លឹកឆ្នោតរាប់មុឺនសម្លេង ឯជំរុំ​ព្រះអាទិត្យ​កើនជាង​បីមុឺន​សម្លេង»។

មិនខុសទេ នៅមុនការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់កន្លងមកនេះ ចលនាចាកចេញ និង​ចុះចូល ​បាន​កើត​ឡើង​ជាបន្តបន្ទាប់ ពីសំណាក់អតីតក្រុមសមាជិក និងអតីតក្រុមអ្នកគាំទ្រគណបក្សប្រឆាំង ដែល​បាន​សម្រេចចិត្ត​បោះបង់គណបក្ស ដែលខ្លួនធ្លាប់នៅជាមួយ ទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដែលជា​គណបក្ស​កាន់អំណាច។ តែមិនមែនតែការបោះឆ្នោតលើកនេះទេ តែចលនារបៀបនេះ បានកើតឡើង សឹងតែ​នៅ​គ្រប់​ការបោះឆ្នោត កន្លងមកនៅកម្ពុជា។

ហើយនៅរៀងរាល់ ការចាកចេញ និងចុះចូលទាំងនោះ គេតែងធ្វើពីធីទទួល ឬពិធីដូរអាវ-មួក យ៉ាង​អធិកអធម ដោយ​ថតជារូបភាព សម្ភាសជាសម្លេង ផ្តិតជាវីដេអូ យកមកផ្សាយ នៅតាមប្រព័ន្ធផ្សព្វផ្សាយ ដែលមាន​និន្នាការ​ស្និត​នឹង​រដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។ រូបភាពទាំងនោះ ថែមទាំងត្រូវបានយកមក​ចែក​រំលែក​​យ៉ាង​ច្រើន នៅតាមបណ្ដាញសង្គមនោះផង។

យ៉ាងណា លោក អេង ឆៃអ៊ាង ធ្លាប់បានលើកឡើង កាលពីឆ្នាំកន្លងទៅ ថាមនុស្សជាច្រើន ដែលបានចាកចេញ និង​ចុះ​ចូល​នោះ មិនកើតឡើងដោយចិត្ត​នោះឡើយ។ លោកបានសរសេរ កាលពីខែតុលា ឆ្នាំទៅម៉ិញថា៖ «ដូរអាវ គឺ​ងាយ​ដូចបកផ្លែចេកទុំ តែដូរចិត្ត គឺលំបាកដូចបកផ្លែចេកខ្ចី។ វប្បធម៌ដូរអាវនេះ គេឃើញគណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ តាំងពីឆ្នាំ ១៩៩៣ ម៉្លេះ តែលទ្ធផលបោះឆ្នោតឆ្នាំ ២០១៣ កន្លងមក បញ្ជាក់ថា "អាវដូរបាន តែចិត្តដូរ​មិន​បាន​ទេ"។»។

តែនៅថ្ងៃនេះ អនុប្រធានគណបក្សសង្គ្រោះជាតិ បានពោលពាក្យចំអក ឲ្យ«ជំរុំទេវតា»ដូច្នេះថា៖ «ឥឡូវ ចាំ​មើល​ឆ្នាំ២០១៨ មានរឿងអ្នកចុះចូលទៀតឬទេ ???»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...