ខៀវ កាញារីទ្ធ ព្រមានអ្នកប៉ុនប៉ងធ្វើឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត
- ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី០១ មិថុនា ២០១៧
- កែប្រែចុងក្រោយ: June 01, 2017
- ប្រធានបទ: បោះឆ្នោតឃុំ-សង្កាត់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ក្រសួងព័ត៌មាន នឹងរៀបពង្រាយ ក្រុម[អ្នក]យកព័ត៌មាននៅច្រើនកន្លែង ទាំងថ្នាក់ជាតិ និង[ថ្នាក់]ក្រោមជាតិ» នេះ បើតាមសំណេរ របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន សរសេរបង្ហោះនៅលើបណ្ដាញសង្គមមុននេះ។ ប៉ុន្តែលោករដ្ឋមន្ត្រី មិនបានបញ្ជាក់ថា តើការដាក់ពង្រាយនេះ នឹងត្រូវធ្វើ នៅក្នុងក្របខណ្ឌណាទេ ខណៈស្ថាប័នព័ត៌មាន ចំណុះឲ្យក្រសួងព័ត៌មាន មានទូរទស្សន៍ជាតិ ហៅកាត់ជាភាសាឡាតាំងថា «TVK» និងទីភ្នាក់ងារព័ត៌មានកម្ពុជា ហៅកាត់ជាភាសាឡាតាំងថា «AKP»។
លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ពីហេតុផល នៃការដាក់ពង្រាយនោះថា៖ «មិនខុសពីការបោះឆ្នោតមុនៗទេ ការប្រឹងបំពុលសភាពការណ៍ ត្រៀមឡាំប៉ា តែងតែកើតមានឡើង នៅក្នងថ្ងៃបោះឆ្នោត»។
លោករដ្ឋមន្ត្រី មិនបានចោទប្រកាន់ ទៅលើគណបក្សណាមួយទេ។ តែលោក បានបន្តសរសេរ ស្នើឲ្យគ្រប់តំណាងគណបក្ស «ថតរូបគ្រប់សភាពការណ៍» និងបានព្រមានថា៖ «ច្បាប់បោះឆ្នោតថ្មី មានចែងហើយ ពីអ្នកប៉ុនប៉ងធ្វើអោយបាត់ទំនុកចិត្ត លើការបោះឆ្នោត រួមទាំងបក្សទាំងមូលផង»។
ការលើកឡើងរបស់លោក ខៀវ កាញារីទ្ធ ទាក់ទងនឹងច្បាប់ខាងលើនេះ ទំនងជាលោកសំដៅដល់មាត្រា ១៧១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលចែងថា៖
យ៉ាងណា គេពិបាកស្វែងរកការពន្យល់ ថាឯករាជ្យភាព និងភាពជឿទុកចិត្តបាន ពីសំណាក់ក្រុមអ្នកយកព័ត៌មាន របស់ក្រសួងរដ្ឋទាំងនោះ នឹងមានដល់កម្រិតណា ខណៈមន្ត្រីថ្នាក់ដឹកនាំក្រសួង ដ៏ច្រើនលើសលប់ រួមទាំងលោក ខៀវ កាញារីទ្ធ ផង សុទ្ធសឹងជាសមាជិក របស់គណបក្សប្រជាជនកម្ពុជានោះ។
ដោយទំនងជាហេតុនេះហើយ ទើបប្រិយមិត្តហ្វេសប៊ុកម្នាក់ បានសរសេរដាក់យោបល់ នៅខាងក្រោមសំណេរ (ខាងលើ) របស់លោកដូច្នេះថា៖ «ហាមលោកប្រកាសមុន ដូចឆ្នាំ២០១៣ ខណៈគ.ជ.ប មិនទាន់ប្រកាសលទ្ឋផលផងនោះ។ សង្ឃឹមថា លោករក្សាភាពស្ងប់ស្ងាត់។ ទុកពេលឲ្យគ.ជ.ប ធ្វើការផង ដើម្បីកុំឲ្យមានការឡាំប៉ា ដូច[ឆ្នាំ]២០១៣។»៕