សួន សេរីរដ្ឋា ប្រាប់​«ឪ​បណ្ឌិត» ត្រូវ​សិក្សា​ពាក្យ​ខ្មែរ

សម្រាប់ប្រធានគណបក្សអំណាចខ្មែរ បានយល់ឃើញថា ពាក្យរិះគន់ ពាក្យជេរ និងពាក្យវាយប្រហារ មិនមានអត្ថន័យ និង​ការ​ប្រើប្រាស់​ដូចគ្នានោះទេ ជាពិសេសនៅក្នុងការធ្វើនយោបាយ។ ប៉ុន្តែសម្រាប់អ្នកនយោបាយខ្លះ ដែល​ហៅ​ខ្លួន​ឯង ជា​«ឪ​បណ្ឌិត»​នោះ ត្រូវបាន​ប្រធាន​គណបក្ស​រូប​នេះ បរិហារថា កំពុង​យក​ពាក្យ​ទាំង​នេះ មក​ច្រឡូក​បូក​បល់​ចូល​គ្នា ហើយ​ធ្វើការ​បក​ស្រាយ ស្រេចនឹងការយល់ឃើញ​ផ្ទាល់​ខ្លួន។
សួន សេរីរដ្ឋា ប្រាប់​«ឪ​បណ្ឌិត» ត្រូវ​សិក្សា​ពាក្យ​ខ្មែរ
ពីឆ្វេងទៅស្ដាំ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី៣០ មិនា ២០១៧
  • កែប្រែចុងក្រោយ: March 30, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ឪបណ្ឌិត (...) ត្រូវរៀន សិក្សាពាក្យខ្មែរ រួចបែងចែកឲ្យច្បាស់រវាង ពាក្យរិះគន់ ពាក្យជេរ និងពាក្យវាយ​ប្រហារ» នេះ ជា​ឃ្លា​សរុបសេចក្ដីមួយ ដែលប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា បានយកមក​សរសេរ នៅ​លើ​បណ្ដាញ​សង្គម ចំអកឲ្យអ្នកនយោបាយខ្មែរ ដែលតាំងខ្លួន ជា«ឪបណ្ឌិត» តែ«បែរជាមិនយល់​ពាក្យ​ទាំង​នេះ» និង​ថែម​ទាំង​បាន​កាន់​អំណាច តាំងពីរាប់សិបឆ្នាំនោះមកទៀត។

បើទោះ ជាលោកមិនបានបញ្ជាក់ ឲ្យចំឈ្មោះ ពីអ្នកនយោបាយ​នោះក៏ដោយ តែគេជឿថា អ្នក​នយោបាយ ​«ឪ​បណ្ឌិត» ដែល​លោក សួន សេរីរដ្ឋា ចង់សំដៅ​រកនោះ គ្មាននរណាផ្សេង ក្រៅពីលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ​ឡើយ។ នៅ​ក្នុង​ប៉ុន្មានខែ​ចុងក្រោយនេះ លោក ហ៊ុន សែន បានថ្លែងហៅខ្លួនលោក ជា​​«ឪបណ្ឌិត» ព្រោះ​លោក​មាន​កូន ជាបណ្ឌិត​យ៉ាង​ហោច២នាក់ ដើម្បីប្រតិកម្មទៅនឹង ក្រុមអ្នកវិភាគ​មួយចំនួន ដែល​តែង​ធ្វើ​អត្ថា​ធិប្បាយ រិះគន់​ដល់​នយោបាយ ដឹកនាំ​ប្រទេស របស់លោក តាំងពីជាង​បីទសវត្សន៍​មកនោះ។

ពាក្យទាំងអស់ខាងលើ ដែលលោក ហ៊ុន សែន យល់ថា អាចនឹងត្រូវយកមកប្រើប្រាស់ នៅក្នុងការ​ឃោសនា ក្នុង​​ការ​បោះឆ្នោត នាពេលខាងមុខ ត្រូវបានលោកនាយករដ្ឋមន្ត្រី ចាត់ទុកថា ជាការបន្តុះបង្អាប់នយោបាយ របស់​​គណបក្សដទៃ។ ថ្លែងកាលពីថ្ងៃទី ចន្ទ ទី២៧ ខែមីនា ឆ្នាំ២០១៧នេះ ក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ នូវអាគារ​សិក្សា​មួយ​ខ្នង នៅក្នុង​ក្រុង​ក្រចេះ ខេត្តក្រចេះ លោក ហ៊ុន សែន បានបញ្ជាក់​ថា៖ «អ្នក​ឃោសនា​ពាណិជ្ជ​កម្ម គឺ​គ្រាន់​តែ​ឃោសនា អំពីទំនិញខ្លួនប៉ុណ្ណោះ តែគេមិនបានបន្តុះបង្អាប់ ពីទំនិញអ្នកដទៃនោះទេ។ ការ​បន្តុះ​បង្អាប់​ទំនិញ​អ្នក​ដទៃ ឬបេក្ខជន​នៃបក្ស​ដទៃ វានឹងនាំទៅដល់ជម្លោះ ជៀសមិនផុត ព្រោះអ្នក​ដែល​ទទួល នូវ​ការ​​ប្រមាថ (...) នូវ​ការ​ជេរ លាប​ពណ៌ ពិតជាគេ​មិនសុខចិត្ត ហើយគេប្រើប្រាស់​សិទ្ធិរបស់គេ ដើម្បីប្ដឹង។»។

សម្រាប់ប្រធានគណបក្សអំណាចខ្មែរ បានយល់ស្របថា ពាក្យជេរ និងពាក្យវាយប្រហារ មិនគួរ​ឲ្យ​មាន​ឡើយ នៅ​ក្នុង​មជ្ឈដ្ឋាននយោបាយ ហើយគេអាចបង្កើត​ជាក្រមសីលធម៌ ឬជាច្បាប់ ដើម្បី​ដាក់​កំហិត នៅ​ត្រង់​ចំណុច​នេះ​បាន។ លោក​សរសេរ​ថា៖ «គេអាចបង្កើតច្បាប់ក្រមសីលធម៌ ហាម​មិនឲ្យអ្នក​នយោបាយ ជេរ ប្រឌិត​រឿង ​យក​រឿង​មិន​ពិត​មក​លាប​ពណ៌​គ្នា ដើម្បីការពារ កុំឲ្យពលរដ្ឋ​ទទួល​ព័ត៌មានខុស និងចម្លង​វប្បធម៌ ជេរ​ប្រទេច​អសីលធម៌ !»។

ផ្ទុយទៅវិញ គេមិនត្រូវហាមឃាត់ នូវពាក្យ«រិះគន់»​នយោបាយ​នោះទេ។ លោក សួន សេរីរដ្ឋា បាន​សរសេរ​បន្ត​ថា៖ «គេមិន​អាច​បង្កើត​ច្បាប់ បិតមាត់អ្នក​នយោបាយ មិនឲ្យ​និយាយ​រិះគន់ អ្នក​នយោបាយ​ខូច ដែល​ធ្វើ​ខុស ​និង​ប្រព្រឹត្តិ​អំពើ​ក្បត់ជាតិ លួច​ជាតិ ហើយ​ផ្តាច់ការ​នោះទេ»។

លោក សួន សេរីរដ្ឋា បានសរសេរពន្យល់ ពីនិយមន័យ នៃការ«រិះគន់»ទាំងនោះ ដែល​មាន​ន័យ​ស្មើនឹង​ការ​លើ​ក​បង្ហាញ ពី​«ចំណុច​ខុស ចំណុចខូច ចំណុចអវិជ្ជមាន អំពើក្បត់ជាតិ អំពើសាហាវឃោឃៅ រំលោភសិទ្ធិ​មនុស្ស ​ដែល​ជា​ទង្វើ​ប្រាស​ចាក​ ផ្ទុយពីច្បាប់នោះ មកប្រាប់ពន្យល់ បង្ហាញឲ្យពលរដ្ឋ​បានដឹង»។ លោកបាន​សរសេរ​ថា៖ «ទង្វើ​អាក្រក់ ក្បត់ជាតិ លួចជាតិ និងផ្តាច់ការរបស់រដ្ឋាភិបាល គឺត្រូវ​តែរិះគន់ ត្រូវតែ​បង្ហាញ​ឲ្យ​ពលរដ្ឋ​បាន​ដឹង ហើយ​បន្ទាប់​មក គឺ [អ្នកនយោបាយ ដែលរិះគន់គេនោះ ត្រូវ] ដាក់​ចេញ នូវគំនិត​ដំណោះ​ស្រាយ​របស់​ខ្លួន ឲ្យ​ពលរដ្ឋ​ស្តាប់ សម្រាប់​គិត និង​សម្រេច​ចិត្ត [ក្នុងការជ្រើសរើស​ប្តូរមេដឹកនាំ]»។

ប្រធានគណបក្សអំណាចខ្មែរ បានបញ្ជាក់​ដូច្នេះថា៖ «បើចូលសង្វៀន​នយោបាយ ឬបើខ្លួន​ចាស់​វស្សា ក្នុង​សង្វៀន​​នយោបាយ កាន់អំណាចរាប់សិបឆ្នាំហើយ និងធ្លាប់អួតខ្លួនថាជា ឪបណ្ឌិត ទៀតនោះ ខ្លួនត្រូវរៀន​ សិក្សា​ពាក្យ​ខ្មែរ រួចបែងចែក​ឲ្យ​ច្បាស់​រវាង ពាក្យរិះគន់ ពាក្យជេរ និងពាក្យវាយប្រហារ ! កុំយកពាក្យ​ទាំង ៣ នេះ​មក​បូក​បល់ តាមតែចំណេះ​បល់​បាយ របស់ខ្លួន​នោះ​ឲ្យសោះ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...