ហ្វេសប៊ុក ហ៊ុន សែន ថាកម្មវិធីស៊ិចស៊ី KAZANTIP ត្រូវបានផ្អាក
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី១៧ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 17, 2015
- ប្រធានបទ: ទេសចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តាមទំព័រហ្វេសប៊ុក «Samdech Hun Sen, Cambodian Prime Minister» ដែលគេស្គាល់ថា ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរថា៖ «គម្រោងការប្រគុំតន្រ្តី KAZANTIP Asia (កាហ្សានទីប អេសៀ) នៅលើឆ្នេរកោះពស់ខេត្តព្រះសីហនុ (១៨-២៨ ខែកុម្ភៈ ឆ្នាំ២០១៥) ត្រូវបានផ្អាក។»
ការសរសេរនេះ ដូចបានធ្លាក់មកយឺតពេលបន្តិច បន្ទាប់ពីមានការរិះគន់យ៉ាងច្រើន ពីសំណាក់ពលរដ្ឋកម្ពុជាជាទូទៅ ទៅលើការប្រគុំតន្រ្តីបែបបរទេសនេះ ដែលបើតាមគម្រោងពីមុនមក នឹងត្រូវរៀបចំធ្វើក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។ ក្រុមអ្នករិះគន់ បានយល់ឃើញថា កម្មវិធីនេះ នឹងបំផ្លាញនូវវប្បធម៌ដ៏ល្អប្រពៃ របស់កម្ពុជា និងការនាំមកវិញ នូវភាពអវិជ្ជមានច្រើន។
ទំព័រហ្វេសប៊ុក«សម្ដេច ហ៊ុន សែន» បានសរសេរសង្ឃឹមទៀតថា ទៅថ្ងៃអនាគត រាល់កម្មវិធីកំសាន្ត ទាក់ទាញទេសចរណ៍នានា នៅក្នុងប្រទេស គឺត្រូវមានកិច្ចសហការ ជាមួយអាជ្ញាធរអោយបានល្អ ហើយមានការធានាចំពោះសន្តិសុខ សុវត្ថិភាព បរិស្ថានធម្មជាតិ និង ធានាថាមិនប៉ះពាល់ដល់វប្បធម៌ និងប្រពៃណីជាតិរបស់ខ្មែរឡើយ។
ប៉ុន្តែការសរសេរនេះ មានលក្ខណៈប្រទាំងប្រទើសបន្តិច ពីការលើកឡើងថា «ត្រូវមានកិច្ចសហការ»ជាមួយអាជ្ញាធរឲ្យបានល្អ ដោយហេតុថា គឺអភិបាលខេត្តព្រះសីហនុស្តីទី លោកអភិបាលរង សំ សំអាត ទៅវិញទេ ជាអ្នកចុះហត្ថលេខាព្រមព្រៀង ឲ្យមានការប្រគុំតន្រ្តីកាហ្សានទីប នេះឡើង។ តែក្រោយមក នៅពេលដែលពិនិត្យឃើញ ពីសកម្មភាពនៃការប្រគុំតន្ត្រីនេះ តាមរយៈគេហទំព័រនានារួច អភិបាលខេត្ត លោក ឈិត សុខុន បានលុបចោលលិខិតអនុញ្ញាតនោះ នៅថ្ងៃទី២ ខែកុម្ភៈកន្លងមក ដោយចាត់ទុកថា កម្មវិធីនេះ មានលក្ខណៈអាសអាភាស និងមានកាយវិការរួមភេទ ដែលលោកយល់ថា ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ប្រពៃណី និងកិត្តិយសរបស់កម្ពុជា។
យ៉ាងណាក៏ដោយ ការលើកឡើង ពីរាល់កិច្ចអភិវឌ្ឍន៍ និងការបង្កើតឲ្យមានការទាក់ទាញ ផ្នែកទេសចរណ៍ របស់រដ្ឋាភិបាល មិនសូវជាមានពិន្ទុល្អ សម្រាប់ក្រុមអ្នកប្រើប្រាស់ បណ្ដាញសង្គមប៉ុន្មានទេ។ ម្ចាស់គណនីម្នាក់ លោក គីម ចាន់តិក បានបញ្ចេញនូវទស្សនៈថា កិច្ចអភិវឌ្ឍន៍មួយចំនួនរបស់កម្ពុជា ដែលកើតឡើង នាពេលកន្លងមកភាគច្រើន មិនបានផ្តោតការយកចិត្តទុកដាក់ លើប្រយោជន៍ជាតិ និងពលរដ្ឋជាធំទេ។ គិតតែពីប្រយោជន៍បុគ្គលផ្ទាល់ខ្លួន និងបក្សពួកនិយមប៉ុណ្ណោះ។ រីឯលោក អែម ស៊ីនតូ បានបង្ហាញនូវហេតុផលមួយចំនួន ដែលកំពុងកើតមានថា៖ «នៅក្រុងមានបា ខារ៉ាអូខេ។ (...) នៅឆ្នេរកំសាន្តមានរាំស្រាត រួមរ័កសេរី នៅកន្លែងល្បី (អង្គរ) ទេសចរណ៍ថតស្រាត។ល។ ពិតជាព្រះរាជាណាចក្រ អច្ឆរិយៈមែន។»
ដោយបង្ហាញពីការមិនគាំទ្ររបស់ខ្លួន ចំពោះកម្មវិធីតន្រ្តីរាំ បែបស៊ិចស៊ីនេះដែរ លោក ទិប ទាប នាយកប្រតិបត្តិនៃសហព័ន្ធនិស្សិត បញ្ញវ័ន្តកម្ពុជា បានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា៖ «យុវជនអាចឈានទៅរកភាពភ្លើតភ្លើន តាមរបត់សង្គម។ (…) នាំឲ្យប្រពៃណីដ៏ល្អរបស់កម្ពុជានឹងសាបរលាប។»
ប៉ុន្តែសម្រាប់ក្រុមហ៊ុន កាហ្សានធីប (Kazantip) វិញ បានព្យាយាមអះអាងថា ការរៀបចំប្រគំតន្ត្រី និងសម្ដែងសិល្បៈប្រចាំឆ្នាំរបស់ខ្លួន នៅលើកោះពស់ នៃខេត្តព្រះសីហនុនោះ នឹងមិនប៉ះពាល់ដល់វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ របស់ប្រទេសកម្ពុជាទេ។ តំណាងក្រុមហ៊ុន លោក អាធីម ហាឆឹនកូ (Artem Harchenko) បានថ្លែងថា ការប្រគំតន្ត្រីរបស់ក្រុមហ៊ុនលោក នឹងមានការទាក់ទាញភ្ញៀវទេសចណ៍ ឲ្យចូលមកកម្ពុជាកាន់តែច្រើនឡើង៕