អាឡិច ជនបរទេសទី១ ដែលកម្ពុជាឲ្យទៅសុំទិដ្ឋាការពីក្រៅប្រទេសមកវិញ
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៦ កុម្ភៈ ២០១៤
- កែប្រែចុងក្រោយ: February 17, 2015
- ប្រធានបទ: បរិស្ថាន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មួយថ្ងៃបន្ទាប់ពីមានការស្នើសុំរបស់លោក សម រង្ស៊ី ប្រធានក្រុមសម្លេងភាគតិច ក្នុងរដ្ឋសភា និងជាប្រធានគណបក្សប្រឆាំង ដែលបានសរសេរលិខិត ស្នើសុំរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ឲ្យបន្តទិដ្ឋាការជូនលោក អេឡិចហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ប្រធានចលនាមាតាធម្មជាតិ ជាជនជាតិអេស្ប៉ាញ ដើម្បីមានសិទ្ធិស្នាក់នៅប្រទេសកម្ពុជាបន្តទៀតនោះ នៅថ្ងៃទី១៧ ខែកុម្ភៈនេះ ក្រសួងមហាផ្ទៃតាមរយៈអ្នកនាំពាក្យរបស់ខ្លួន បានបដិសេធការស្នើសុំនោះ។ តែក្រសួងមហាផ្ទៃ បានផ្លាស់ប្ដូរជំហរបន្តិច ដោយតម្រូវឲ្យលោក អេឡិចហ្សង់ដ្រូ ទៅសុំទិដ្ឋការចូលកម្ពុជា ពីស្ថានទូតកម្ពុជានៅក្រៅប្រទេសមកវិញ ដែលជាករណីដំបូងមួយ សម្រាប់ជនបរទេសរាប់សិបម៉ឺននាក់ ក្នុងប្រទេសកម្ពុជា។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានថ្លែងប្រកាសពីការផ្លាស់ប្ដូរជំហរនោះ នៅថ្ងៃទី ១៧ កុម្ភៈ ប្រាប់វិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ថា ក្រសួងមហាផ្ទៃបានលុបឈ្មោះលោក អេឡិចហ្សង់ដ្រូ ចេញពីបញ្ជីខ្មៅ និងមិនប្រើពាក្យបណ្ដេញចេញពីប្រទេសកម្ពុជាទេ ប៉ុន្តែត្រូវចាកចេញមួយរយៈសិន នៅពេលទិដ្ឋាការអស់សុពលភាព។ លោកបានពន្យល់ថា លោកអាឡិចបានមករស់នៅកម្ពុជា ជាង១០ឆ្នាំមកហើយ ហើយមិនដែលបានចាកចេញ ពីកម្ពុជាម្តងណាឡើយ ដោយលោកអាឡិចបានបន្តទិដ្ឋាការ ជាបន្តបន្ទាប់រហូត ។
លោក ខៀវ សុភ័គ បានបញ្ជាក់ថា «អស់ម្តងសុំបន្តៗជាច្រើនដងហើយ ដូច្នេះដើម្បីឲ្យមានការអនុវត្តច្បាប់ទាំងអស់គ្នា ព្រោះធម្មតាជនបរទេសគេមិនឲ្យសុំលើសពីពីរដងទេ។ (...) អញ្ចឹងសុំឲ្យគាត់ទៅម្តងសិនទៅ។ គាត់ចេញមួយរយៈសិនទៅ។ ពេលគាត់ចង់មកវិញ គាត់អាចដាក់ពាក្យសុំទិដ្ឋាការមកកម្ពុជាវិញបាន។ មិនដូចលើកមុនថា គាត់ទៅហើយមិនអាចមកវិញបាន មិនអញ្ចឹងទេ អាហ្នឹងមានការប្រែប្រួលត្រង់ហ្នឹងបន្តិច។»
កាលពីថ្ងៃទី១៦ ខែកុម្ភៈនេះ លោក សម រង្ស៊ី បានសរសេរលិខិតស្នើទៅកាន់ លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមមតិភាគច្រើននៅរដ្ឋសភា ឱ្យអន្តរាគមន៍ ទៅនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ក្នុងការបន្តទិដ្ឋាការឱ្យលោក អាឡិចហ្សង់ដ្រូ ដើម្បីទទួលបានសិទ្ធិស្នាក់នៅ ក្នុងប្រទេសកម្ពុជាបន្តទៀត។ លោក សម រង្ស៊ី បានសរសេរនៅក្នុងលិខិតនោះថា៖ «រូបខ្ញុំ ក៏ដូចជាប្រជាពលរដ្ឋខ្មែរជាច្រើន យល់ឃើញថា លោក អាឡិចហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន មិនមែនឧក្រិដ្ឋជនទេ ឬក៏មិនប្រព្រឹត្តបទល្មើសអ្វីធ្ងន់ធ្ងរ ដែលតម្រូវឱ្យបណ្តេញចេញ ពីប្រទេសកម្ពុជា»។
លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន គ្រាន់តែជាសកម្មជនម្នាក់ ក្នុងមជ្ឈដ្ឋានសង្គមស៊ីវិល ដែលបានជួយឱ្យសាធារណៈមតិ មានការចាប់អារម្មណ៍ចំពោះបញ្ហាបរិស្ថាន ព្រមទាំងជួយឱ្យប្រជាពលរដ្ឋ មានការយល់ដឹងអំពីសិទ្ធិរបស់ខ្លួន កាន់តែច្បាស់។ លោក អាឡិកហ្សង់ដ្រូ ជាមនុស្សស្រលាញ់និងគោរពវប្បធម៌ខ្មែរ ហើយចេះនិយាយខ្មែរបានល្អប្រសើរ គ្រាន់បើជាងជនបរទេសដទៃជាច្រើន ដែលកំពុងរស់នៅលើទឹកដីកម្ពុជាសព្វថ្ងៃ។ នេះបើតាមការអះអាង នៅក្នុងលិខិតដដែល របស់ប្រមុខគណបក្សប្រឆាំង។
ការមិនបន្តទិដ្ឋាការ ឱ្យលោក អាឡិចហ្សង់ដ្រូ ជនជាតិអេស្ប៉ាញ ដែលចេញមុខចេញមាត់ការពារបរិស្ថាន នៅតំបន់អារ៉ែង នៅតែជាប្រធានក្តៅ ដែលគេកំពុងធ្វើការជជែកគ្នា ក្នុងពេលបច្ចុប្បន្ននេះ។ យុវជនមួយចំនួន បានធ្វើសកម្មភាព ដើម្បីកុំឱ្យមានការបណ្តេញជនបរទេសរូបនេះ ចេញពីប្រទេសកម្ពុជា។ ចំណែកឯអង្គការសង្គមស៊ីវិលមួយចំនួន ក៏បង្ហាញការសោកស្តាយផងដែរ ចំពោះការសម្រេចមិនបន្តទិដ្ឋការ ឱ្យសកម្មជនការពារធនធានធម្មជាតិរូបនេះ បន្តរស់នៅក្នុងប្រទេសកម្ពុជា។
យ៉ាងណាក៏ដោយ ចំពោះការលើកឡើងរបស់លោក ខៀវ សុភ័គ ក្នុងការសុំឲ្យលោក អាឡិចហ្សង់ដ្រូ ដែលបន្តទិដ្ឋាការនៅកម្ពុជាយូរឆ្នាំ ត្រូវចាកចេញពីកម្ពុជាជាមុនសិន ទើបអាចសុំម្តងទៀតនោះ មិនមានចែង នៅក្នុងច្បាប់កម្ពុជាណាមួយឡើយ។ ហើយចំណាត់ការបែបនេះ ក៏មិនដែលត្រូវបានរដ្ឋាភិបាលកម្ពុជា លើកឡើងដាក់កំហិត ទៅលើជនបរទេសរាប់ពាន់ម៉ឺននាក់ផ្សេងទៀត ដែលកំពុងរស់នៅលើទឹកដីកម្ពុជា ពីមុនមកនោះដែរ។ មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត បានថ្លែងប្រតិកម្ម តាមរយៈវិទ្យុសម្លេងប្រជាធិបតេយ្យដដែល ទៅនឹងការលើកឡើងនេះថា៖ «គ្រាន់តែធ្វើឲ្យល្អមើល កុំឲ្យអាក្រក់មើលពេក។ កាលណាបណ្តេញចេញ វាអាក្រក់មើល តែកាលណាបើសិន ជាឲ្យអាឡិចចាកចេញទៅ ហើយសុំវីសា (ទិដ្ឋាការ)ចូលជាថ្មី គេមិនផ្តល់វីសាឲ្យចូល ចូលអត់បានដូចគ្នា»។
មករស់នៅលើទឹកដីកម្ពុជាអស់ពេលជាង១២ឆ្នាំ លោក អាឡិចហ្សង់ដ្រូ ជាស្ថានិកនៃអង្គការចលនាមាតាធម្មជាតិ ដែលបង្កើតឡើងដើម្បីការពារធនធានធម្មជាតិ និងបរិស្ថាននៅកម្ពុជា ជាពិសេសតំបន់អារ៉ែង ក្នុងខេត្តកោះកុង ដែលគេចាតទុកថា ជាព្រៃឈើចុងក្រោយរបស់កម្ពុជា មិនទាន់រងនូវការកាប់បំផ្លាញ។ ជារឿយៗ លោកតែងតែធ្វើការតវ៉ាជាមួយអាជ្ញាធរ និងក្រុមហ៊ុន ដើម្បីកុំឱ្យមានការសាងសង់ទំនប់វារីអគ្គសនី ក្នុងស្ទឹងឆាយអារ៉ែង៕