ត្រាំ ខកចិត្តព្រោះការហុចដៃ ស្វាគមន៍ស្ត្រីទីមួយប៉ូឡូញ
ជាឧប្បត្តិហេតុមួយ ដែលធ្វើឲ្យផ្អើលអស់ប្រព័ន្ធផ្សព្វផ្សាយ នៅអាមេរិក និងអ៊ឺរ៉ុប។ បន្ទាប់ពីបានចាប់ដៃ ជាមួយប្រធានាធិបតីប៉ូឡូញ លោក «Andrzej Duda,» រួច លោក ដូណាល់ ត្រាំ (Donald Trump) បានហុចដៃរបស់លោក ជាបន្តទៅរកអ្នកស្រី «Agata Kornhauser-Duda» ដែលជាភរិយាប្រធានាធិបតីប៉ូឡូញ។ តែរឿងដែលមិននឹកស្មានដល់នោះ គឺស្ត្រីទីមួយប៉ូឡូញ បែរជាដើរហួសទៅចាប់ដៃ ជាមួយអ្នកស្រី មេឡានី ត្រាំ (Melania Trump) ជាមុនសិន មុននឹងងាកមករកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ វិញ។
រឿងរ៉ាវ បានកើតឡើង កាលពីថ្ងៃទី៦ ខែកក្កដា ម្សិលម៉ិញ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់លោក ដូណាល់ ត្រាំ នៅក្នុងរដ្ឋធានី វ៉ាសូវី នៃប្រទេសប៉ូឡូញ មុនជំនួបកំពូល «G20» ដែលត្រូវបានបើកធ្វើ នៅថ្ងៃ៧-៨ ខែកក្កដានេះ នៅក្នុងក្រុង «Hambourg» នៃប្រទេសអាល្លឺម៉ង់។