សហគមន៍​ព្រៃ​ឡង់​ខក​ចិត្ត នឹងខុទ្ធកាល័យ​នាយក​រដ្ឋមន្រ្តី​មិន​ទទួល​ម៉ាស៊ីន​អា​ឈើ

តំណាងសហគមន៍ព្រៃឡង់ បានសម្ដែងការព្រួយបារម្ភ ចំពោះវិធានការទប់ស្កាត់ គ្មានប្រសិទ្ធិភាព នៃ អាជ្ញាធរ​តំបន់ ក្នុង​ការ​ទប់​ស្កាត់ ការបំផ្លាញព្រៃឡង់ របស់បុគ្គលមានអំណាចមួយចំនួន។ ជាពិសេសពួកគេ មាន​ការ​ខក​ចិត្ត​ចំពោះ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី ដែលមិនទទួលយកភស្ដុតាងទាំងឡាយ ដែលទាក់ទង នឹង​បទ​ល្មើស​ព្រៃឈើ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២៤ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 25, 2015
  • ប្រធានបទ: ព្រៃឈើ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីបញ្ចប់ សន្និសីទសារព័ត៌មានរបស់ខ្លួន ដែលបានធ្វើនៅព្រឹក ថ្ងៃទី២៤ ខែសីហាកន្លងមកនោះ តំណាង​សហគមព្រៃឡង់ ដែលមកពីខេត្តចំនួនបួន រួមមាន ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ បានបន្តដាក់«ញត្តិ» ស្នើឲ្យមានកិច្ចជួយអន្តរាគមន៍ ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ការដាក់ញត្តិនេះ រួម​ទាំង​ការនាំយកនូវភស្តុតាង ជាម៉ាស៊ីនកាត់ឈើចំនួន១១គ្រឿង មកជាមួយផង។

ប៉ុន្តែផ្ទុយទៅវិញ តំណាងសហគមន៍ទាំងអស់ បានបង្ហាញនូវការខកចិត្ត ចំពោះតំណាងខុទ្ធកាល័យ របស់​លោក​នាយករដ្ឋមន្រ្តី ដែលមិនព្រមទទួលយកម៉ាស៊ីន ដែលជាភស្តុតាង នៃបទល្មើសព្រៃឈើ សម្រាប់ទុកជូន​លោក​នាយករដ្ឋមន្រ្តីមើល។ មិនត្រឹមតែប៉ុណ្ណឹង តំណាងខុទ្ធកាល័យនាយករដ្ឋមន្ត្រី បានធ្វើការចោទត្រឡប់ មកខាង​តំណាងសហគមន៍ ទាំងបួនវិញថា មិនដឹងជាយកម៉ាស៊ីនទាំងនោះ មកពីណា មកប្រគល់ឲ្យក្រុម​លោកនោះ​ឡើយ។

ថ្លែងនៅមុខផ្ទះនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រោមដើមពោរធិ៍ នៃសួនច្បារជិតវិមានឯករាជ្យ លោក ហៃ ប៊ុននាង តំណាងសហគមន៍មកពីខេត្តក្រចេះ បានលើកឡើងថា ក្រុមលោកមិនសប្បាយចិត្ត នឹងការលើកឡើង របស់​តំណាងខុទ្ធកាល័យលោកនាយករដ្ឋមន្រ្តី ដែលបានថ្វើការចោទប្រកាន់ របៀបនេះឡើយ។ លោកថា ព្រោះតែ​ពលរដ្ឋទាំងអស់ ស្រលាញ់ធម្មជាតិ ទើបចូលរួមទប់ស្កាត់ ការកាប់បំផ្លាញព្រៃឈើ របស់ឈ្មួញទុច្ចរិតមួយ​ចំនួន រហូតឈានដល់ការចាប់បាន នូវគ្រឿងចក្រមួយចំនួនធំនោះ ខណៈពេលឈ្មួញទុច្ចរិតទាំងនោះ កំពុងធ្វើ​សកម្មភាព កាប់បំផ្លាញព្រៃឈើផ្ទាល់តែម្តង និងក្រុមអាជ្ញាធរមូលដ្ឋានគ្មានសមត្ថភាព ក្នុងការទប់ស្កាត់។ លោក​បានបង្ហាញ នូវការសោកស្តាយ ដែលខាងខុទ្ធកាល័យលោកនាយករដ្ឋមន្រ្តី មិនបានទទួលយកម៉ាស៊ីន​កាត់​ឈើទាំងនេះ ដែលជាភស្តុតាងមួយ បានបង្ហាញថា តំបន់ព្រៃឡង់ កំពុងរងនូវការកាប់បំផ្លាញ ហាក់គ្មាន​អាជ្ញាធរ​ណាមួយ មានសមត្ថភាពទប់ស្កាត់នោះឡើយ។ លោក ប៊ុននាង បានថ្លែងឡើងថា៖ «ចង់ឲ្យគាត់ទទួល ជួយ​ទទួល​ខុសត្រូវ ជួយទទួលដឹងលឺ ព្រោះជាសម្បត្តិរបស់ជាតិ និងជាសម្បត្តិរួម(ព្រៃឡង់)»។

សូមទស្សនាការបកស្រាយទាំងស្រុងដូចខាងក្រោម៖

លោក ប៉ាល់ ច័ន្ធតារ៉ា ប្រធានគណកម្មការចម្រុះនៃខុទ្ធកាល័យនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញទទួលញត្តិ របស់តំណាងសហគមទាំងនេះ ដើម្បីដាក់ជូនមេ ពិនិត្យ និងសម្រេច។ ដោយឡែក ម៉ាស៊ីន ដែលខាង​សហគមន៍​ទាំងអស់ នាំយកមកជាច្រើនគ្រឿងនោះ មិនអាចទទួលយកបានឡើយ។ លោកបានអះអាងថា ខុស​សមត្ថកិច្ច និងគ្មានកន្លែងសម្រាប់ទុក និងមិនដឹងថា ម៉ាស៊ីទាំងនេះ យកមកពីកន្លែងណាផងនោះ ដូច្នេះលោក​មិន​អាច​ទទួល​យក​បានឡើយ។ លោក ប៉ាល់ ច័ន្ធតារ៉ា បានបញ្ជាក់ថា៖ «ខាងខ្ញុំនេះ អ្នកទទួលញត្តិ មិនមែនជាអ្នក​ទទួល​វត្ថុតាង​អ្វីនោះទេ។ ទាក់ទងជាមួយអាជ្ញាធរទៅ ខាងគណកម្មការចម្រុះនេះ មានភារកិច្ចមួយទទួលញត្តិបងប្អូន ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំ។ (...) ទទួលភ្លាម ធ្វើរបាយការភ្លាម ជូនថ្នាក់ដឹកនាំហើយ។ (...) ម៉ាស៊ីន​មិន​ដឹង​យក​មកពីណាផង ឲ្យខ្ញុំទទួលធ្វើម៉េចទៅ?»

សូមទស្សនាការបកស្រាយទាំងស្រុងដូចខាងក្រោម៖


ដោយឡែក លោក សេងសុខហេង អ្នកសម្របសម្រួលបណ្តាញសហគមន៍ នៅកម្ពុជា បានលើកឡើងថា ក្រុម​លោកក៏មិនសប្បាយចិត្ត នឹងការលើកឡើងនេះដែរ។ យ៉ាងណា លោកនៅតែទទួលយកបាន ហើយក្រុមល្មើស ដែលសហគមរបស់លោកបានស្គាល់នោះ លោកក៏មិនទាន់បង្ហាញ មុខ និងឈ្មោះ ឬអត្តសញ្ញាណនៃ អ្នក​ពាក់​ព័ន្ធទាំងអស់ រួមទាំងមន្រ្តីមានអំណាច មានលុយ ដែលជាអ្នកកាងការកាប់ឈើនោះដែរ ដោយរង់ចាំស្វែង​រក​ឯកសារបញ្ជាក់ ឲ្យបានគ្រប់គ្រាន់ សម្រាប់ជាបន្ទុក ក្នុងការចោទប្រកាន់នោះ។ លោកបញ្ជាក់ថា៖ «មានម៉ាស៊ីន​កាត់ឈើរាប់ម៉ឺនគ្រឿង នៅក្នុងព្រៃឡង់។ បណ្តាញសហគមន៍ព្រៃឡង់ មិនអាចមានលទ្ធភាព ក្នុងការចាប់​អស់​នោះឡើយ។ (...) សង្ឃឹមអាជ្ញាធរមូលដ្ឋាន គ្មានប្រសិទ្ធិភាពទេ មានតែលោកនាយករដ្ឋមន្រ្តី ម្នាក់គត់ ដែល​អាច​ដោះស្រាយ និងចាត់ការមានប្រសិទ្ធិភាព។»

សូមទស្សនាការបកស្រាយ ទាំងស្រុងដូចខាងក្រោម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...