កម្ពុជា កំពុងធ្វើការ«អភិវឌ្ឍន៍បៃតង» តែព្រៃឈើនៅតែកាប់?
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: December 05, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«អភិវឌ្ឍន៍បៃតង» ដូចជាការដាំដុះបន្លែ កូនឈើ ការកាត់បន្ថយនូវឧស្ម័នពុល និងការរួមសហការជាមួយប្រជាពលរដ្ឋទាំងអស់គ្នា ធ្វើយ៉ាងណា ដើម្បីឲ្យមានប្រព័ន្ធនៃការអភិវឌ្ឍន៍បៃតងនៅកម្ពុជា។ នេះជាគម្រោងរបស់រដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំឲ្យមាន នូវគណកម្មការជាតិមួយ រួមនឹងអគ្គលេខាធិការដ្ឋានផង ដាក់ឈ្មោះថា«អភិវឌ្ឍន៍បៃតង»។ ប៉ុន្តែការព្រួយបារម្ភនៅតែមាន ប្រសិនណាការកាប់ព្រៃឈើ និងការលប់បឹងធម្មជាតិមួយចំនួន នៅតែត្រូវបានធ្វើយ៉ាងអាណាធិបតេយ្យ គ្មានការត្រួតពិនិត្យនោះ។
សិក្ខាសាលាស្តីពីការអភិវឌ្ឍន៍បៃតង កាលានុវត្តភាព និងបញ្ហាប្រឈម ដែលរៀបចំដោយវេទិការនៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា នៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)
តំបន់បៃតង - ក្នុងសិក្ខាសាលាណែនាំស្តីពី«ការអភិវឌ្ឍន៍បៃតង កាលានុវត្តភាព និងបញ្ហាប្រឈម» ដដែល ដែលរៀបចំដោយវេទិការនៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា លោក ឈិត សំអាត នាយកប្រតិបត្តិអង្គការនេះ បានពន្យល់ថា៖ «កម្ពុជា ជាប្រទេសមួយនៃបណ្តាប្រទេស ដែលងាយនឹងរងគ្រោះពីការប្រែប្រួលអាកាសធាតុ។ (…) កម្ពុជាត្រូវគិតគូជាយុត្តិសាសន៍ ពីរបៀបបញ្ជ្រាប (ដាក់ឲ្យជ្រួតជ្រាប) គោលនយោបាយអភិវឌ្ឍន៍បៃតង ទៅក្នុងយុត្តិសាស្រ្តអភិវឌ្ឍន៍ជាតិ។» លោក ឈិត សំអាត បានបន្ថែមទៀតថា «ការអភិវឌ្ឍន៍បៃតងនៅកម្ពុជា ជាការដោះស្រាយនូវបញ្ហាប្រឈម នឹងការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន តាមរយៈការអនុវត្តសកម្មភាព ជាយុត្តិសាស្រ្តផ្សេងៗ ដែលមិននាំឲ្យកម្ពុជា បាត់បង់នូវធនធានធម្មជាតិ ប៉ះពាល់ដល់បរិស្ថាន ខាងបង់សេដ្ឋកិច្ចនិងសង្គម និងការធានានូវការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។»
លោក យិន គិមស៊ាង រដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលមានវត្តមាននៅក្នុងសិក្ខាសាលានោះដែរ បានថ្លែងថា «ការយកចិត្តទុកដាក់ ចំពោះការអភិវឌ្ឍន៏តំបន់បៃតង មានសារៈសំខាន់ចំពោះកម្ពុជាខ្លួនផង និងសម្រាប់ពិភពលោកទាំងមូលផង»។ ដោយហេតុនេះហើយ ទើបរដ្ឋាភិបាលកម្ពុជាបានសម្រេច បង្កើតនូវក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍បៃតងថ្មី កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៣ ក្នុងការជួយរៀបចំការអភិវឌ្ឍន៍តំបន់បៃតងនៅកម្ពុជា។ បើតាមលោក យិន គិមស៊ាង ដដែល ការបង្កើតនេះ ដោយសារតែបានមើលឃើញ ពីបញ្ហាប្រឈមមួយចំនូនទាក់ទងនឹងការយល់ដឹង និងការចូលរួមក្នុងការអភិវឌ្ឍន៍បៃតង រវាងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោម ជាមួយនឹងសាធារណៈជន ជាពិសេសបញ្ហាដែលជាប់ពាក់ព័ន្ធដ៏សំខាន់ៗមួយចំនួនទៀត។
តែយុត្តិសាស្រ្តរបស់រដ្ឋាភិបាល នៃការចូលរួមការអភិវឌ្ឍន៍តំបន់បៃតង ដែលបានលើកឡើងខាងលើដោយលោក យិន គិមស៊ាង នេះ ត្រូវបានប្រជាពលរដ្ឋ ក៏ដូចជាអង្គការសង្គមស៊ីវិលមួយចំនួន ដែលធ្វើការស្និតនឹងផ្នែកនេះ មើលឃើញថា មានការកាប់រានទន្រានដីព្រៃ ឬលប់បឹងធម្មជាតិ យ៉ាងអណាធិបតេយ្យពីសំណាក់ក្រុមហ៊ុនក្នុង និងក្រៅស្រុក ក្រោមរូបភាពសម្បទានសេដ្ឋកិច្ចដីព្រៃនោះ តាំងពីមុននិងក្រោយការបោះឆ្នោត។ ការកាប់បំផ្លាញទន្ទ្រាន បង្ហិនបង្ហោចទាំងនេះ ហាក់មិនមានវិធានការទប់ស្កាត់ណាមួយ ដែលមានប្រសិទ្ធិភាពពីរដ្ឋាភិបាលលោក ហ៊ុន សែន នៅឡើយទេ។
គេចពីការចោទសួររបស់អ្នកសារព័ត៌មាន?
បន្ទាប់ពីសំនួររបស់អ្នកសារព័ត៌មាន ដែលសួរថា តើការអភិវឌ្ឍន៍តំបន់បៃតង និងការទប់ស្កាត់ការកាប់ព្រៃឈើមួយណាសំខាន់ជាង? លោករដ្ឋលេខាធិការក្រសួងបរិស្ថាន យិន គិមស៊ាង បែរជាបានបញ្ឈប់ការចោទសួររបស់ក្រុមអ្នកសារព័ត៌មាន ដោយបានឆ្លើយត្រឹមពាក្យយ៉ាងខ្លីថា «នាំគ្នាទប់ស្កាត់។ ធ្វើការរួមគ្នា។» (Sic)
ដោយឡែក លោក ឈិត សំអាត បានថ្លែងឆ្លើយទៅកាន់អ្នកសារព័ត៌មាន ទាក់ទងសំនួរដដែលថា ចំណុចទាំងពីរនេះត្រូវតែដើរទន្ទឹមគ្នា។ យ៉ាងណាក៏ដោយ ក៏ត្រូវមានការ«ទប់ស្គាត់» ជាជំហានទីមួយដែលត្រូវអនុវត្ត។ លោកបន្តថា បញ្ហាខាងលើរដ្ឋាភិបាល ក៏បានឯកភាពជាមួយនឹងអង្គការសង្គមស៊ីវិលដែរថា នឹងមិនមានការបន្តរកាប់បំផ្លាញព្រៃឈើតទៅទៀតនោះឡើយ។ ដូច្នេះការអនុវត្តច្បាប់ស្តីពីការទប់ស្កាត់ការកាប់ព្រៃឈើឲ្យពេញលេញ ព្រមទាំងចាប់អ្នកដែលបានប្រព្រឹត្តបទល្មើសមកផ្តន្ទាទោស ជារឿងដែលរដ្ឋាភិបាលត្រូវធ្វើ។ លោក ឈិត សំអាត បានបញ្ជាក់ថា «ទោះអភិវឌ្ឍន៍បៃតងប៉ុណ្ណាក៏ដោយ មិនអាចទប់ឈ្នះទេ ព្រោះតែការបំផ្លាញនេះវា ធំជាងការអភិវឌ្ឍន៍»៕
-----------------------------------
ដោយ៖ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ