សម្ភាស សៀរ ភិរម្យ៖ គ្មាន​ជំនឿ តែ​គ្មាន​ជំរើស

តើការដាក់បណ្ដឹងរបស់ប្រជាពលរដ្ឋ ទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីឲ្យសេនាធិការរបស់​រដ្ឋាភិបាល​មួយ​នេះ ចាត់វិធានការ«ជម្រះក្អែល»ទៅលើ មន្ត្រីអាជ្ញាធរមូលដ្ឋាន អាចនឹងទទួលបាននូវក្ដីសង្ឃឹមដែរឬទេ? សម្រាប់ មន្ត្រីអង្គការសង្គមស៊ីវិល លោក សៀរ ភិរម្យ ដែលធ្វើការស្និតនឹងបញ្ហានេះ បាននិយាយថា នោះមកពីគ្មានជំរើស។ សូមតាមដាន កិច្ច​សម្ភាសរបស់មន្ត្រីរូបនេះ ជាមួយនឹងទស្សនាវដ្ដីដូចតទៅ។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៣០ ឧសភា ២០១៤
  • កែប្រែចុងក្រោយ: May 30, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់


ការប្រមូលគ្នារបស់ពលរដ្ឋ នៅមុខអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

វិបត្តិដីធ្លី - «វិបត្តិដីធ្លី»នៅកម្ពុជាមានការកើនឡើង និងរីករាលដាលចាប់ពីក្រុងភ្នំពេញ រហូតដល់ទីជនបទ​ដាច់​ស្រយ៉ាល ជាពិសេសតំបន់មាន«ព្រៃនិងភ្នំ»នៅក្នុងប្រទេសកម្ពុជា។ វិបត្តិនេះ បានជំរុញឲ្យពលរដ្ឋដែលអះអាងថា ខ្លួនជាជនរងគ្រោះនោះ ស្វែងរកគ្រប់មធ្យោបាយ ទៅគ្រប់ស្ថាប័ន ដើម្បីដោះស្រាយបញ្ហាដីធ្លីនេះ ដែលសឹង​តែបាន​ក្លាយជាអាយុជីវិតរបស់ពួកគាត់ទៅហើយ។ ក្នុងនោះ មានអង្គភាពប្រឆាំងអំពើពុករលួយ របស់រដ្ឋាភិបាល មួយដែរ ដែលក្រុមពលរដ្ឋទាំងនោះ បានធ្វើដំណើរមកដើម្បីដាក់ពាក្យបណ្ដឹង ទាក់ទងនឹងអំពើពុករលួយ ស៊ីសំណូករបស់​មន្ត្រីអាជ្ញាធរមូលដ្ឋាន ដែលតែងតែឃុំឃិតជាមួយក្រុមហ៊ុន ឬឈ្មួញ ដើម្បីបង្កឲ្យមានការរិបអូសដីធ្លីរបស់ពួកគាត់។

លោក សៀរ ភិរម្យ ប្រធានអង្គការសិទ្ធលំនៅដ្ឋាន ក្នុងកិច្ចសម្ភាសដាច់ដោយឡែក ជាមួយទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ បានលើកឡើងថា មកដល់ដំណាក់ការនេះ ប្រជាពលរដ្ឋគ្មានជំរើសទេ ក្នុងការស្វែងរកយុត្តិធម៌​សម្រាប់ខ្លួននោះ។ គ្មានជំរើស ដោយសារគ្មានដំណោះស្រាយពីអាជ្ញាធរមូលដ្ឋាន ទើបបានជាកើតមាន​ឡើងនូវការ​ទាមទារនូវសិទ្ធិ និងសេរីភាពទាំងនេះ។

លោកបានចាត់ទុកថា ប្រជាពលរដ្ឋដែលឡើង មកពី២៥ ខេត្តក្រុងទាំងនេះ សុទ្ធតែមកក្នុងករណីដីធ្លី ព្រៃឈើ និង​ផ្ទះសំបែង ដែលបង្ហាញឲ្យឃើញថា នេះជាកំសោយ របស់រដ្ឋាភិបាលក្នុងការដឹកនាំ និងគ្រប់គ្រងលើមន្រ្តីក្រោមឱវាទ និងបក្សពួកនិយម។

ប្រជាពលរដ្ឋទាំងអស់ដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ ត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាល និងបើទោះ​អង្គភាព​នេះ មិនបានយកចិត្តទុកដាក់ ឬបំរើឲ្យបានដឹតដល់ពួកគាត់ក៏ពិតមែន តែអ្វីដែលគាត់សង្ឃឹម និងរំពឹងទុក​នោះ គឺការប្រមូលផ្តុំគ្នាច្រើន ដើម្បីបង្ហាញពីសក្តានុពល របស់ប្រជាពលរដ្ឋទាំង២៤ខេត្តក្រុងនេះ។ «បង្ហាញនូវ​សិទ្ធ​អំណាចក្នុងនាមម្ចាស់ឆ្នោត ដាក់សំពាធទៅរដ្ឋាភិបាល។ ទោះបីរដ្ឋាភិបាលគេចវេស មិនចង់បង្ហាញពីការ​ទទួល​ខុសត្រូវ ឬសុឆន្ទៈក្នុងការដោះស្រាយ លុបបំបាត់អំពើពុករលួយក៏ដោយ ជាមួយនឹងការយល់ដឹង ការប្រមូលផ្តុំតស៊ូ​មតិ​ដោយអហិង្សា របស់ប្រជាពលរដ្ឋកាន់តែច្រើនទៅៗ នៅតាមទីសាធារណៈ នោះទាំងរដ្ឋាភិបាលអាណត្តិនេះ ឬអាណត្តិក្រោយ នឹងដើរត្រង់កន្ទុយជាង នៅពេលដែលពលរដ្ឋសំងំជាមួយនឹងទុក្ខលំបាក ដែលបង្កឡើង​ដោយ​អាជ្ញាធរទាំងនោះ។»

លោក សៀរ ភិរម្យ បានលើកឡើងថា ការជួបជុំទាំងនោះ ក៏ចង់បង្ហាញដល់សាធារណៈជន នៅក្នុងរាជធាភ្នំពេញ ឲ្យបានដឹងពី​ផល​ប៉ះពាល់នៃអំពើពុករលួយ ដែលកំពុងតែបំផ្លិចបំផ្លាញនូវធនធានធម្មជាតិ ក៏ដូចជាសម្បត្តិ​ជាតិ​ផ្សេងៗ តាមការ​លក់ដូ ការផ្តល់សម្បទានសេដកិច្ច ជារូបភាពនៃអំពើពុករលួយយ៉ាងធ្ងន់ធ្ង។ «បើពួកគាត់មិនរើ (បម្រាស់) ទេ អ្នករងគ្រោះគឺកូនចៅគាត់ទៅថ្ងៃក្រោយ។ (...) បើទោះជាផ្លូវឆ្ងាយក៏ពួកគាតើត្រូវខំប្រឹង ដើម្បី​បង្ហាញ​នូវករណីទាំងនេះបានទៅដល់រដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋទូទៅឲ្យបានដឹងទាំងងងស់គ្នា។»

មន្ត្រីខាងសិទ្ធិលំនៅដ្ឋានរូបនេះ បានចាត់ទុកថា ការដោះស្រាយបញ្ហា ដោយអង្គភាពប្រឆាំងអំពើពុករលួយ នៅមាន​ភាពយឺតយ៉ាវ ជាមួយគ្នានេះ ការក្រោកឡើងរបស់ប្រជាពលរដ្ឋ សំដៅមករកអង្គភាពប្រឆាំងអំពើពុករលួយនេះ អាច​ចាត់ទុកថា ជា«ព្រនុង»មួយ​សម្រាប់ជំរុញឲ្យអង្គភាពនេះ មានការទទួលខុសត្រូវ បើទោះជាចង់គេចវេស ក៏ត្រូវតែ​ប្រឹង​អនុវត្តដែរ។ លោកបាន​ប្តេជ្ញាថា ក្នុងករណីអង្គភាពនេះមិនដោះស្រាយទេនោះ «ព្រនុង ឬញញួររបស់ប្រជា​ពលរដ្ឋ និងដំសំពងពួកគាត់ដើម្បី​ឲ្យគាត់ប្រឹងដើរ ប្រឹងដោះស្រាយបញ្ហា។ (...) បើប្រជាពលរដ្ឋស្ងាត់ស្ងៀម មិនធ្វើអ្វី​សោះ នោះគាត់ (អង្គភាពប្រឆាំង​អំពើបុករលួយ) កាន់តែមានសេចក្តីសុខថែមទៀត។»

យ៉ាងណាក៏ដោយក្នុងអាណត្តិទីប្រាំនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ជាថ្មីថានឹងបញ្ចប់បញ្ហាដីធ្លី ដែលបាននឹងកំពុងកើតមានទាំងនេះ តាមយុត្តិសាស្រ្តចតុកោណរបស់រដ្ឋាភិបាល។ កន្លងមក លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាននៅទីស្តីការអង្គភាព លោកបាន​លើក​ឡើងថា អង្គកភាពប្រឆាំងអំពើពុករលួយនេះ បង្កើតឡើងប្រឆាំងនឹងបុគ្គល ដែលប្រព្រឹត្តអំពើពុករលួយ ដោយមិន​ប្រកាន់ពូជសាសន៍ ថានៈ ឬបុណ្យសក្តិឡើយ។ ពិសេសធ្វើការដោះស្រាយ ទៅតាមពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ ដែលបានប្តឹង ឬផ្តល់ព័តមានមកកាន់អង្គភាពនេះ។ «ខ្ញុំដោះស្រាយទុក្ខវេទនារបស់អ្នកតូចតាច (ប្រជាពលរដ្ឋ)។ (...) អ្នកតូចតាចជាអ្នករងទុក្ខ។ ច្បាប់ប្រគល់ឲ្យខ្ញុំជាអ្នកដោះស្រាយ ខ្ញុំត្រូវតែដោះស្រាយ​រាល់​បណ្តឹង​របស់ពលរដ្ឋជា​បញ្ហាចំបង។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...