តម្លាភាពអន្តរជាតិស្នើអាជ្ញាធរខ្មែរ បញ្ឈប់ការយាយីសង្គមស៊ីវិល
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី០៣ ឧសភា ២០១៦
- កែប្រែចុងក្រោយ: May 03, 2016
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អង្គការ«តម្លាភាពអន្តរជាតិ» ហៅជាភាសាអង់គ្លេស ថា«Transparency International» បានសម្ដែងការព្រួយបារម្ភរបស់ខ្លួនយ៉ាងជ្រាលជ្រៅ នៅចំពោះការកើនឡើង នៃនូវការជ្រៀតជ្រែកផ្នែកនយោបាយ ក៏ដូចជាការសម្លុតគម្រាមកំហែង ទៅលើសកម្មជនសិទ្ធិមនុស្ស និងសកម្មជនប្រឆាំងអំពើពុករលួយ។ នេះជាការប្រកាស របស់អ្នកស្រី អេឡេណា ប៉ង់ហ្វីឡូវ៉ា (Elena Panfilova) អនុប្រធានក្រុមប្រឹក្សាភិបាល របស់អង្គការតម្លាភាពអន្តរជាតិ ដែលមានជំនាញ ខាងតាមឃ្លាំមើលអំពើពុករលួយ នៅគ្រប់ជ្រុងជ្រោយទាំងអស់ នៃពិភពលោក។
មន្ត្រីសិទ្ធិមនុស្សចំនួន៤រូប របស់សមាគមការពារសិទ្ធិមនុស្សក្នុងស្រុកមួយ ឈ្មោះ អាដហុក (ADHOC) និងមន្ត្រីអគ្គលេខាធិការរងមួយរូប របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (ហៅកាត់ថា គ.ជ.ប) ត្រូវបានអាជ្ញាធរកម្ពុជា តាមរយៈអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការឃាត់ខ្លួន កាលពីយប់ទី២៨ ខែមសា និងបញ្ជូនខ្លួន ទៅកាន់តុលាការសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែឧសភាកន្លងមក ទាក់ទងនឹងសំនុំរឿងលិខិតចំហរដ៏ចម្រូងចម្រាស់ របស់ស្ត្រីជាងធ្វើសក់ម្នាក់ ដែលរងការចោទ ថាមានទំនាក់ទំនងស្នេហា ជាមួយមេដឹកនាំគណបក្សប្រឆាំងមួយរូប។
ថ្លែងបន្តនៅលើគេហទំព័រ របស់អង្គការតម្លាភាពអន្តរជាតិ ដែលមានទីតាំងធំនៅក្នុងរដ្ឋធានី ប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ អ្នកស្រី អេឡេណា ប៉ង់ហ្វីឡូវ៉ា បានថ្លែងថា៖ «អង្គភាពប្រឆាំងអំពើពុករលួយ របស់រដ្ឋាភិបាលកម្ពុជា មិនត្រូវបានប្រើប្រាស់ ដើម្បីជាការសម្លុតគម្រាមកំហែង ឬដើម្បីបំបិតមាត់ក្រុមសកម្មជន របស់អង្គការសង្គមស៊ីវិលឡើយ។ ទង្វើនេះ បានបញ្ជូនសារយ៉ាងអាក្រក់ មិនគ្រាន់តែទៅកាន់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ តែសម្រាប់ពិភពលោកទាំងមូល។»
រហូតមកដល់ថ្ងៃនេះ មន្ត្រីទាំងបួនរូប របស់អាដហុក (មានលោក នី សុខា - លោក យី សុខសាន្ត - លោក ណៃ វ៉ង់ដា និងអ្នកស្រី លឹម មុន្នី) ត្រូវបានបញ្ជូនទៅឃុំខ្លួនជាបណ្ដោះអាសន្ន នៅពន្ធនាគារព្រៃសរ បន្ទាប់ពីត្រូវបានតុលាការចោទប្រកាន់ ពីបទសូកប៉ាន់សាក្សី (មាត្រា ៥៤៨ នៃក្រមព្រហ្មទណ្ឌ) និងមន្ត្រីមួយរូប (លោក នី ចរិយា) របស់គ.ជ.ប. ត្រូវបានបញ្ជូនខ្លួនទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ប៉េហ្សី (PJ) របស់នគរបាលរាជធានីភ្នំពេញ ពីបទផ្សំគំនិតសូកប៉ាន់សាក្សី (មាត្រា ២៩ និង៥៤៨ នៃក្រមព្រហ្មទណ្ឌ)។
បន្ថែមពីលើនេះ លោក សឺន សាលី មន្ត្រីមួយរូបទៀត របស់ការិយាល័យឧត្ដមស្នងការ របស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា ក៏ត្រូវបានអង្គភាពប្រឆាំងអំពពុករលួយ ប្រកាសតាមនាំខ្លួនឲ្យខាងតែបានដែរ បើទោះជាមន្ត្រីរបស់អង្គការសហប្រជាជាតិ ត្រូវមានអភ័យឯកសិទ្ធជាទូទៅ ទាក់ទងនឹងការងាររបស់ខ្លួនក៏ដោយ។ ពួកគេទាំងនេះ អាចនឹងត្រូវផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារពី៥ ទៅដល់១០ឆ្នាំ ប្រសិនជាតុលាការរកឃើញថាមានកំហុស។
អនុប្រធានក្រុមប្រឹក្សាភិបាល របស់អង្គការតម្លាភាពអន្តរជាតិ បានថ្លែងទៀតថា៖ «ក្រុមអង្គការសង្គមស៊ីវិល គួរត្រូវបានការពារ ដើម្បីឲ្យពួកគេអាចធ្វើការជួយ ទៅដល់ពលរដ្ឋកម្ពុជាទាំងឡាយ»។
ភ្លាមៗ នៅក្រោយការឃាត់ខ្លួន មន្ត្រីទាំងប្រាំនាក់ខាងលើ កាលពីថ្ងៃទី២៩ ខែមេសា ក្រុមអង្គការសមាគមចំនួន ២៧ បានចុះហត្ថលេខារួមគ្នា នៅលើសេចក្ដីថ្លែងការណ៍មួយ ដើម្បីអំពាវនាវឲ្យអាជ្ញាធរ ឈប់ធ្វើការរុកគួន ទៅលើអង្គការសង្គមស៊ីវិល។ ហើយនៅថ្ងៃទី២ ខែឧសភា ម្សិលម៉ិញនេះ អង្គការសមាគមជាតិនិងអន្តរជាតិចំនួន ៥៩ បានចុះហត្ថលេខា នៅលើសេចក្ដីថ្លែងការណ៍ថ្មីមួយទៀត ដោយធ្វើការថ្កោលទោសទៅលើការចោទប្រកាន់នានា ប្រឆាំងនឹងក្រុមសកម្មជនការពារសិទ្ធិមនុស្សទាំងនេះ។
សេចក្ដីថ្លែងការណ៍ចុងក្រោយនោះ បានសរសេរជាអាថ៌ថា៖ «ករណី (ខាងលើ) នេះ ធ្វើឲ្យមហាជនអាចយល់ថា ជាការប្រើប្រាស់ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ និងស្ថាប័ននានារបស់រដ្ឋ ដើម្បីបំភិតបំភ័យ ចោទប្រកាន់ជាបទល្មើសព្រហ្មទណ្ឌ និងដាក់ទណ្ឌកម្ម ដល់សកម្មភាពស្របច្បាប់របស់អ្នកការពារសិទិ្ធមនុស្ស និងសង្គមស៊ីវិល។ អង្គភាពប្រឆាំងអំពើពុករលួយ គឺជាស្ថាប័នមួយ មានតួនាទីក្នុងការបំបាត់អំពើពុករលួយ ដែលអាចកើតមាននៅក្នុងប្រទេសកម្ពុជា ដោយមិនមែនជាស្ថាប័នមួយរបស់អាជ្ញាធររដ្ឋ ក្នុងការធ្វើបាបសង្គមស៊ីវិលនោះទេ។ ការចូលរួមរបស់មន្ត្រីសន្តិសុខផ្ទៃក្នុង របស់ក្រសួងមហាផ្ទៃ ជាមួយមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយនៅក្នុងករណីនេះ គឺបង្ហាញពីការរិតត្បិតសុវត្ថិភាព នៃសកម្មភាពរបស់សង្គមស៊ីវិល។»
ក្រុមអង្គការសមាគមជាតិ និងអន្តរជាតិទាំង ៥៩ នោះ បានសរសេរបន្តថា៖ «ដោយយោងតាមច្បាប់សិទិ្ធមនុស្សអន្តរជាតិ ដែលរួមមានសន្ធិសញ្ញានានា ដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័ន ប្រទេសកម្ពុជាគឺមានកាតព្វកិច្ចតាមផ្លូវច្បាប់ ក្នុងការគោរព និងការពារសិទិ្ធរបស់មនុស្សទាំងអស់ តាមអំណាចយុត្តាធិការរបស់ខ្លួន រួមទាំងសិទិ្ធសេរីភាពជៀសផុត ពីការដកហូតសិទិ្ធដោយមិនត្រឹមត្រូវ សេរីភាពក្នុងការបញ្ចេញមតិ ការជួបជុំ និងប្រមូលផ្តុំដោយអហិង្សា។»៕