នៅកម្ពុជា បើហ៊ានមានសម្ដីឲ្យទាស់ចិត្ត នឹងត្រូវសន្ដិសុខវាយបែកក្បាល
«ខ្ញុំចង់ប្តឹងដែរតែមិនដឹងប្តឹងទៅខាងណា ព្រោះខ្ញុំគ្មានកំហុសអ្វីសោះ វាមកវាយពាសវាលពាសកាល អញ្ជឹងវាអត់សម» នេះជាការលើកឡើងរបស់ប្រជាពលរដ្ឋម្នាក់ ដែលត្រូវបានក្រុមសន្តិសុខវាយ នៅព្រឹកថ្ងៃទី៣១ ខែមិនា ឆ្នាំ ២០១៤នេះ។
ពលរដ្ឋរងគ្រោះ នឹងវាយតប់របស់ក្រុមសន្ដិសុខស៊ីឈ្នួល កាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)
បទល្មើស - «បងឯងម៉េចទៅវាយគេ គ្រាន់តែពាក្យសម្តីប៉ុណ្ណឹងបងវាយគេដែរ» នេះជាដើមហេតុដំបូង ថ្លែងរៀបរាប់ដោយបុរសរងគ្រោះ បន្ទាប់ពីត្រូវបានសន្តិសុខជាច្រើននាក់ព្រួតគ្នា វាយរហូតដល់បែកក្បាល។ បុរសដែលមានឈ្មោះថា ហេង ឡេង បានរៀបរាប់អោយដឹងទៀតថា លោកទើបនឹងដឹកកូនទៅសាលា រួចក៏ឈាងទៅមើលគេធ្វើបាតុកម្ម ដោយសារតែលោកឃើញអ្នករត់កង់បីម្នាក់ ត្រូវបានមេសន្តិសុខវាយ លោកក៏ទៅជួយឃាត់ ស្រាប់តែមេសន្តិសុខ បានហៅកូនចៅរបស់ខ្លួនជាសន្តិសុខ ដើម្បីចាប់រូបគាត់យកទៅសាលាខ័ណ្ឌ ប៉ុន្តែខណៈពេលដែលក្រុមសន្តិសុខទាំងនោះមកដល់ បែរជានាំគ្នាព្រួតវាយគាត់ (ហេង ឡេង) ជាច្រើនដំបងទៅវិញ។
បន្ទាប់ត្រូវវាយអោយបែកក្បាល បុរសវ័យ៤៦ឆ្នាំរូបនេះ ត្រូវបញ្ជូនទៅពេទ្យរបស់អង្គការលីការដូ។ ស្ថានភាពនៅពេលនេះ មានអ្វីធ្ងន់ធ្ងរនោះទេ គ្រាន់តែដេរអស់បីថ្នេតែប៉ុណ្ណោះ និងមានអាការឈឺក្បាលតិចតួច។
លោក ហេង ឡេង ជាប្រជាពលរដ្ឋមកពីខេត្តកណ្តាល ហើយបានស្នាក់នៅជាមួយបង នៅឯរាជធានី។ ការវាយតប់នេះ បានធ្វើឲ្យលោកពោលទាំងហួសចិត្តថា វាជាករណីមួយដែលហួសហេតុ ត្រឹមតែលោកគ្រាន់តែបោះសម្តីថា «បើប៉ះខ្ញុំ ខ្ញុំឈឺ ខ្ញុំវាយវិញហើយ» ក៏ត្រូវបានគេវាយ បង្កឲ្យមានភាពអយុត្តិធម៌ នៅក្នុងសង្គមប្រជាធិបតេយ្យ។
លោក ណៃ វ៉ងដា អនុប្រធានផ្នែកសិទ្ធិមនុស្ស និងជំនួយការច្បាប់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក បានបកស្រាយថា អំពើហិង្សាដែលប្រព្រឹត្តិដោយអាជ្ញាធរ ភ្នាក់ងារបស់រដ្ឋ ទោះបីជាសន្តិសុខនេះមានតែកុងត្រា ក៏ត្រូវមានទោសដែរ វាក៏ជាបទល្មើសមួយដែរ។ ដូច្នោះបើសិនប្រជាពលរដ្ឋដាក់ពាក្យប្តឹង ហើយតុលាការ ក៏ដូចជាអាជ្ញាធរឯករាជ្យ ក៏អាចចាប់ជនល្មើស ធ្វើអំពើល្មើសនេះបានដែរ។
លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតរបស់អង្គការលីកាដូ និងជាឃ្លាំមើស្ថានការផ្ទាល់ បានអោយដឹងថា «បើនិយាយពីសិទ្ធសេរីភាព សិទ្ធិមនុស្សវិញ ជាការរំលោភសិទ្ធិយ៉ាងធ្ងន់ធ្ងរ ព្រោះវាគ្មានការចាំបាច់អី ទៅប្រើអំពើហឹង្សាទៅលើគេនោះទេ»៕
-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ៣១ មិនា ២០១៤