ឈាង វុន ធ្វើសន្និសីទសារព័ត៌មាន ខុសប្រធានបទ (vdo)
- ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី១៤ សីហា ២០១៥
- កែប្រែចុងក្រោយ: August 14, 2015
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងសន្និសីទសារព័ត៌មាន រសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ នាវិមានរដ្ឋសភាជាតិ លោក ឈាង វុន អ្នកនាំពាក្យ និងជាប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា មិនបានឆ្លើយតប ទាក់ទងនឹងសំនួរអ្នកសារព័ត៌មាន ទាក់ទងនឹងប្រធានបទ នៃសន្និសីទរបស់លោក ពិសេសទាក់ទង នឹងសមាជិកព្រឹទ្ធសភា មកពិគណបក្សសម រង្ស៊ី ដែលលោក ឈាង វុន បានគ្រោងនិយាយនោះឡើយ។
នៅមុនសន្និសីទសារព័ត៌មានចាប់ផ្តើម ភ្នាក់ងារអ្នកយកព័ត៌មាន របស់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានឃើញលោក ឈាង វុន កំពុងនិយាយទូរស័ព្ទ តែមិនដឹងពិភាក្សា ពីរឿងអ្វី និងជាមួយនរណាឡើយ ដោយគ្រាន់តែបានលឺលោក ឈាង វុន និយាយត្រឹមពាក្យថា៖ «បាទសម្តេចៗ»។
បន្ទាប់មក អ្នកសារព័ត៌មាន បានឮសូរប្រសាសន៍លោក ឈាង វុន ដែលជាតំណាងរាស្រ្តមួយរូប (មណ្ឌលបាត់ដំបង មកពីគណបក្សប្រជាជនកម្ពុជា) ផងនេះ បានថ្លែងបដិសេធថា លោកមិនមានសមត្ថកិច្ច ធ្វើការបកស្រាយ ក្នុងរឿងពាក់ព័ន្ធ នឹងសមាជិកព្រឹទ្ធិសភានោះឡើយ ដោយគ្រាន់តែបានវាយប្រហារ ដោយប្រយោលយ៉ាងខ្លីថា តំណាងរាស្រ្តស្ទើរគ្រប់រូប មកពីគណបក្សសង្គ្រោះជាតិ មិនដែលទទួលស្គាល់កំហុសរបស់ខ្លួន ឬទង្វើដែលខ្លួនបានធ្វើខុសនោះទេ។
ការថ្លែងរបស់លោកខាងលើនេះ មានលក្ខណៈខុស ទៅនឹងសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋសភា ដែលបញ្ជាក់ថាលោក ឈាង វុន នឹងធ្វើសន្និសីទសារព័ត៌មាន នៅវិមានរដ្ឋសភា ពាក់ព័ន្ធករណីលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា គណបក្សសម រង្ស៊ី ដែលបានក្លែងបន្លំ ឯកសារសន្ធិសញ្ញាកម្ពុជា-វៀតណាម។ ករណីដែលមានបញ្ជាក់ ក្នុងសេចក្ដីប្រកាសនេះ ត្រូវបានលោក ឈាង វុន បិទចោល និងមិនឆ្លើយតមតាមអ្វី ដែលអ្នកសារព័ត៌មាន បានចោទសួរនោះឡើយ។ លោកថា ទាំងនោះជាការងារ របស់រដ្ឋាភិបាល និងក៏ជានីតិវិធីរបស់ព្រឹទ្ធសភា ដែលត្រូវធ្វើការដោះស្រាយដែរ។
លោក ឈាង វុន បានថ្លែងខ្លះៗដែរ ទាក់ទងនឹងករណីលោក ហុង សុខហួរ ថា៖ «ខ្ញុំមិនមែនអ្នកច្បាប់ ខាងតុលាការឡើយ ខ្ញុំជាអ្នកធ្វើច្បាប់។ ខ្ញុំឆ្លើយមិនបានទេ ព្រោះការងារទាំងអស់នេះ ជាការងាររបស់ព្រឹទ្ធិសភា គេហ្នឹងធ្វើកិច្ចការទាំងអស់នេះ។ (...) ខ្ញុំមិនដឹងទេ ព្រោះការងារទាំងអស់នេះ គេកំពុងដំណើរការទៅមុខ។»
ក្រោយមកទៀត អ្នកនាំពាក្យរដ្ឋសភាដ៏ល្បី បានសុំឲ្យអ្នកសារព័ត៌មាន ទទួលឯកភាពតាមយោបល់លោកថា៖ «ក្មួយៗ ដែលឮសមាជិក គណបក្សសង្គ្រោះជាតិមួយណា ដែលទទួលខុសត្រូវ នូវសកម្មភាពរបស់ខ្លួនទេ? ... ថាខ្ញុំ (ជាសមាជិកគណបក្សសង្គ្រោះជាតិ) ធ្វើខុសហើយ! ។ សូម្បីតែទទួលខុសរបស់ខ្លួន សូម្បីតែធ្វើសំបុត្រហើយ នៅតែនិយាយទៀតថា គេចោទប្រកាន់គាត់ហ្នឹងខុស។ អញ្ចឹងគណបក្សសង្គ្រោះជាតិ មិនដែលទទួលស្គាល់ ពីកំហុសរបស់ខ្លួនទេ។»៕
» ទស្សនាដំណកស្រង់មួយចំនួន ពីសន្និសីទសារព័ត៌មានរបស់លោក ឈាង វុន៖