សុខ ទូច៖ ត្រូវ​ឈប់​យក​ផែនទី និង​ព្រំដែន ធ្វើ​ជា​«ចំណាប់​ខ្មាំង»

អ្នកនយោបាយ មិនត្រូវធ្វើការចោទប្រកាន់ ឬវាយប្រហារគ្នា ពីបញ្ហា​ផែនទី​ក្លែងក្លាយ ឬ​ផែនទី​ចោរ (ផែនទី​ខុស) នោះ​ឡើយ។ តែ​អ្នក​នយោបាយ ត្រូវ​នាំគ្នាពិចារណា លើការខាតបង់ដី បើអនុវត្តតាមផែនទី ដែល​បោះពុម្ភ​ចន្លោះ ឆ្នាំ​១៩៣៣​​-១៩៥៣ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ នេះជាការលើកឡើង របស់​លោក សុខ ទូច។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី១៤ សីហា២០១៥
  • កែប្រែចុងក្រោយ: August 15, 2015
  • ប្រធានបទ: ព្រំដែន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រធានក្រុមអ្នកស្រាវជ្រាវ នៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត សុខ ទូច បានលើកឡើង ក្នុងសន្និសីទ​សារព័ត៌មាន ស្តីពី «ការត្រួតពិនិត្យផ្ទៀងផ្ទាត់ផែនទី» កាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ នៅរាជ​បណ្ឌិត​សភាកម្ពុជាថា ក្នុងនាមលោក ជាក្រុមអ្នកស្រាវជ្រាវ នឹងធ្វើជាសក្ខីកម្ម ឬជាអ្នកអង្កេតការណ៍ មើលនូវ​រាល់​កិច្ចការ​ទាំងនោះ ជាមួយនឹងការពិនិត្យ និងផ្ទៀងផ្ទាត់លើផែនទីទាំងឡាយ ដែលក្រុមការងាររបស់លោក នឹង​ទទួល​បានជាបន្តបន្ទាប់ នាថ្ងៃខាងមុខ។

លោកបន្ថែមថា ឆ្លងតាមកិច្ចការងារទាំងនោះ នឹងអាចមានការបញ្ចប់មួយ នៃទំនាស់ផ្ទៃក្នុងជាតិ (គណបក្ស​ប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ) ហើយក៏នឹងស្នើ ឲ្យមានការរៀបចំបោះបង្គោលព្រំដែន ដែល​មាន​៣១៤បង្គោល ស្មើនឹង១២៧០គីឡូម៉ែត្រ រវាងព្រំដែនកម្ពុជា វៀតណាម។

ប្រធានក្រុមអ្នកស្រាវជ្រាវ នៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា ទាំងរដ្ឋាភិបាល (គណបក្ស​ប្រជាជន​កម្ពុជា) ក៏ជាកូនខ្មែរ ទាំងគណបក្សសង្គ្រោះជាតិក៏ជាកូនខ្មែរដែរ។ លោកបានថ្លែងព្រមានថា៖ «សូមឲ្យអ្នក​នយោបាយ ឈប់យកផែនទី និងព្រំដែនធ្វើជាគន្លឹះយោបាយ។ ល្មមបញ្ចប់ហើយ ខ្មែរត្រូវតែរួបរួមគ្នា ខ្មែរត្រូវ​តែមានការឯកភាពជាតិគ្នា។»

លោកថា ការបង្កើតឲ្យមានគោលនយោបាយ ក្នុងការឃោសនាស្វែងរកសម្លេង ឬសន្លឹកឆ្នោតសម្រាប់​គណបក្ស​នីមួយៗ មិនគួយកបញ្ហា«ព្រំដែន» មកធ្វើជាចំណាប់ខ្មាំងបន្តទៀតឡើយ។ លោកទំនងចង់ធ្វើការ​ពន្យល់ និងដាស់តឿនក្រើនរំលឹក ទៅកាន់មេដឹកនាំនយោបាយធំៗ នៃគណបក្សនយោបាយយ៉ាងដូច្នេះថា៖ «ឈប់យកបញ្ហាព្រំដែន ធ្វើជាចំណាប់ឆ្នាំង។ យើងមានការងារច្រើនណាស់ នៅស្រុកខ្មែរដែលត្រូវធ្វើ។»

លោក សុខ ទូច បានបង្ហាញនូវចំណុចគោលចុងក្រោយថា ក្រោយពីមានការឯកភាព រវាងគណបក្សទាំងពីរ​រួចរាល់ សម្រាប់ការទទួលយកផែនទីណាមួយហើយនោះ ក្រុមការងាររបស់លោក នឹងចុះដោយផ្ទាល់ ក្នុង​ការ​ផ្ទៀងផ្ទាត់ រវាង«ផែនទីនោះជាមួយនឹងផែនដី»។ យ៉ាងណា លោកបានទទួលស្គាល់ នូវការលើកឡើងរបស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា យើងនឹងខាតបង់ទឹកដី បើសិនជាយើងទាមទារ ឲ្យមានការអនុវត្តន៍​តាម​ផែនទី ដែលបានតំកល់នៅអង្គការសហប្រជាជាតិ។

លោកស្នើឲ្យអ្នកនយោបាយ ធ្វើការពិចារណាទាំងអស់គ្នា ទៅលើផែនទីដែលលាក់កំបាំង ដោយរដ្ឋាភិបាល​កម្ពុជា នាពេលកន្លងមកនោះ។ លោកបាននាំសំដីមន្រ្តីខាងគណបក្សប្រជាជនកម្ពុជា មកបញ្ជាក់ថា ដោយសារ​តែគណបក្សសង្គ្រោះជាតិ ចាក់ក្រឡេកច្រើនពេក ទើបគាត់សម្រេចចិត្តបញ្ចេញ នូវផែនទីអាថ៌កំបាំងមួយ​នេះ​មក។

លោក សុខ ទូច ក៏បានទទួលស្គាល់ថា បើសិនជាកម្ពុជាទៅប្តឹង ICJ នោះកម្ពុជានឹងត្រូវចាញ់គេ ១០០ភាគរយ ហើយកម្ពុជានឹងបាត់បង់ដីបន្ថែមទៀត រហូតដល់ជាង៥១គីឡូម៉ែត្រ។ លោកបានធ្វើការពន្យល់ថា៖ «ផែនទី​ដែលដំកល់ ឬយកទៅប្តឹងអង្គការសហប្រជាជាតិ ឬផែនទីបានគូស ក្នុងឆ្នាំ១៩៣៣-១៩៥៣ មានការកំណត់ (ខ្សែរ​បន្ទាត់) ព្រំដែន ត្រឹមតែព្រំដែនដាក់ដាំប៉ុណ្ណោះ។ ឯ (ខ្សែរបន្ទាត់ព្រំដែន) ដាក់ហ៊ូត ដែលបានធ្វើក្នុង​ឆ្នាំ​១៩១៤ ដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញ ដែលបានធ្វើក្នុងឆ្នាំ១៩៣៣-១៩៥៣។ (...) ដាក់ដាំមិនមានបង្គោលទេ។ តែ (ដាក់ហ៊ូត) មានបង្គោល វៀតណាមក៏មិនទាន់បំផ្លាញទេ។ ហើយមានសរសេរ ជាអក្សរបីភាសា វៀតណាម កម្ពុជា និងបារាំង។ (...) កន្លែងហ្នឹងហើយ ដែលរដ្ឋាភិបាល មិនចង់បញ្ចេញផែនទីនោះមក។»

លោកស្នើឲ្យមានការគិត និងពិចារណាឡើងវិញ នៃអ្នកនយោបាយទាំងអស់ ជុំវិញបញ្ហានៃភាពខាតបង់ ឬការ​ប្រឈមនឹងការបាត់បង់របស់កម្ពុជា ក្នុងរឿងទឹកដីតាមព្រំដែននេះ។ ប្រធានក្រុមអ្នកស្រាវជ្រាវរូបនេះ បាន​និយាយ​ថា៖ «បញ្ហាទាំងនេះ យើងមិនគួរបង្ហាញទេ តែគណបក្សសង្គ្រោះជាតិ ចាក់ចង្កេះគណបក្ស​ប្រជាជន​កម្ពុជា ច្រើនហើយ។ អញ្ចឹងទេ សម្តេចនាយករដ្ឋមន្រ្តី លោកបានបង្ហាញកន្លែងហ្នឹង ចំត្រង់ហ្នឹងឯង។ (...) មិន​អាច​អនុវត្ត ដូចដែលមានចែង ក្នុងរដ្ឋធម្មនុញ្ញសព្វថ្ងៃទេ នឹងក៏មិនអាចធ្វើវិសោធកម្ម រដ្ឋធម្មនុញ្ញមុន ការបោះ​បង្គោលព្រំដែនរួចរាល់នោះដែរ។»

លោក សុខ ទូច ស្នើឲ្យកម្ពុជាបោះបង្គោលព្រំដែន ឲ្យចប់ទាំងស្រុង (ទាំងបីប្រទេស វៀតណាម ឡាវ ថៃ) ចាំធ្វើ​វិសោធនកម្ម នៃច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាបច្ចុប្បន្ន ត្រង់មាត្រាពីរ៕


» សូមទស្សនាការបកស្រាយទាំងស្រុងដុចខាងក្រោម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...