មន្រ្តីនគរបាលប៉ុស្តិ៍ និងអនុប្រធានប៉ុស្តិ៍អន្តរជាតិប៉ោយប៉ែត ប៉ះសម្ដីគ្នាផ្អើលមហាជន
- ដោយ: ក. ស្រីនាង អត្ថបទ និងយកការណ៍៖ ក. ស្រីនាង ([email protected]) - ភ្នំពេញថ្ងៃទី ២១ សីហា ២០១៥
- កែប្រែចុងក្រោយ: August 21, 2015
- ប្រធានបទ: ជម្លោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅព្រឹកថ្ងៃទី ២១ ខែ សីហា ឆ្នាំ២០១៥នេះ ហេតុការណ៍ឈ្លោះគ្នាមួយ បានកើតឡើងដោយសារតែការ ខ្វែងគំនិតគ្នា រវាងសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចអន្តោប្រវេសន៍ ដែលស្ថិតនៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នៅក្នុងករណីខាងនេះ មិនបានបង្កគ្រោះថ្នាក់ ដល់អ្នកណាម្នាក់ឡើយ គ្រាន់តែបង្កការភ្ងាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងអ្នកដំណើរតាមផ្លូវប៉ុណ្ណោះ។
ដើមហេតុ នៃការជជែងគ្នា យ៉ាងតឹងសរសៃរកនេះ មានពាក់ព័ន្ធ ដល់ការអន្តរាគមន៍ រឿងករណីចោរឆក់ទូរស័ព្ទដៃមួយគ្រឿង ពីពលរដ្ឋមួយរូប។ មន្ត្រីនគរបាលមូលដ្ឋាន ទទួលបណ្ដឹងជនរងគ្រោះ និងចាប់ជនល្មើសបាន តែលោកអនុប្រធានប៉ុស្តិ៍ មកអន្តរាគមន៍យកជនល្មើសទៅ ដោយចោទមន្ត្រីមូលដ្ឋាន មិនបានសហការណ៍
ជាមួយគាត់ ។
ហេតុការណ៍នេះ ត្រូវបានថតជាប់ជាវីដេអូ ហើយយកមកបង្ហោះ នៅលើបណ្ដាញសង្គម បង្កឲ្យមានការចែករំលែក យ៉ាងច្រើន។ មិនត្រឹមតែប៉ុណ្ណឹង ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងនោះ ក៏បានបញ្ចេញមតិយោបល់ ទៅតាមការគិតឃើញរៀងៗខ្លួន។
ម្ចាស់គណនី« Kao Sookhun HM» បានសរសេរថា៖ «អោយតែករណីជាក់ស្ដែង មន្ត្រីនគរបាលជាតិ គ្រប់ស្ថាប័នមានសិទ្ធិចាប់ឃាន់ខ្លួនទុកបាន រួចបញ្ជូនទៅតាមនីតិវិធីនៃច្បាប់។ អនុប៉ុស្ដិ៍អន្តោប្រវេសន៍ គាត់និយាយត្រូវ ហើយទីនោះ ក៏ជាមូលដ្ឋានរបស់អន្តោប្រវេសន៍ ហើយស្រាប់ដែរ តាមអនុក្រឹត រាជរដ្ឋាភិបាល ប៉ូលីសប៉ុស្ដិ៍មូលដ្ឋាន ក្រុងប៉ោយប៉ែតគួរតែ មកសហការ ជាមួយអនុប៉ុស្ថិ៍អន្ដោប្រវេសន៍ សុំស្នើខ្លួនជនល្មើលនោះ ទៅចាត់ការតាមផ្លូវច្បាប់ទើបត្រូវ។»។
ប៉ុន្តែម្ចាស់គណនីឈ្មោះ«Linazano Ngin»បានសរសេរថា៖ «ប្រហែលជាប៉ូលីស មានតែស័ក្តធំ ប៉ុន្តែទទួលបានចំណេះដឹងតិចតួច បានគ្មានដំណោះស្រាយ បែរជាឈ្លោះតាមផ្លូវ មិនខ្មាសប្រជាពលរដ្ឋ ឫក៏អាងមេអញខ្លាំងរាងៗខ្លួន»។
រីឯគណនីឈ្មោះ«You Sara»សរសេរថា៖ «នៅតាមច្រកអន្តរជាតិ ភាគច្រើនតែងតែមិនសូវសហការ ជាមួយកម្លាំងប៉ុស្តិ៍មូលដ្ឋានទេ តែតែងបែងចែកទឹកដីគ្នា នៅពេលដែលមានបទល្មើសព្រហ្មទណ្ឌ កំរិតធ្ងន់ទើបប្រគល់អោយមូលដ្ឋានធ្វើ ល្មមៗមិនអោយទៅក្បែរទេ បង»។
» សូមទស្សនាជម្លោះតឹងសរសៃក ដាក់គ្នារវាងមន្ត្រីនគរបាលទាំងពីរ ដូចខាងក្រោម៖