ទាហានអាមេរិកបង្ក្រាបខ្មាន់កាំភ្លើង លើរថភ្លើងអាមស្ទែដាម-ប៉ារីស
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី២២ សីហា ២០១៥
- កែប្រែចុងក្រោយ: August 22, 2015
- ប្រធានបទ: ភេរវកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជនរងរបួសធ្ងន់ទាំងពីរនាក់ ម្នាក់រងគ្រោះនឹងគ្រាប់កាំភ្លើង ម្នាក់ទៀតរងរបួសនឹងកាំបិត ជាទាហានអាមេរិកាំង ទាំងពីររូប ដែលចេញមកវិស្សមកាល នៅក្នុងទ្វីបអ៊ឺរ៉ុប។ ទាហានទាំងពីរបានសម្លឹងមើលឃើញ ពីសកម្មភាពខុសប្រក្រតីរបស់ជនសង្ស័យ (ដូចជាមានកាន់កាបូបស្ពាយមួយ ដែលត្រូវបានរកឃើញ មានបង់គ្រាប់កាំភ្លើងជាច្រើន នៅពេលក្រោយមក) ហើយបានធ្វើអន្តរាគមន៍ ទៅលើជននេះភ្លាម នៅពេលបានស្ដាប់ឮជននេះ កំពុងធ្វើអ្វីមួយ (សម្លេងរៀបចំអាវុធ អាការ - ទាហានដឹងថាសម្លេងនេះយ៉ាងម៉េច) នៅក្នុងបន្ទប់ទឹករបស់រថភ្លើង។
នៅពេលធ្វើអន្តរាគមន៍នោះ ជនខ្មាន់កាំភ្លើង បានបើកការបាញ់ប្រហារមកលើទាហានអាមេរិកម្នាក់នោះមុន បង្កឲ្យរបួស និងបន្ទាប់មកបានប្រើកាំបិត ចាក់ទៅលើទាហានអាមេរិកាំម្នាក់ទៀត។ ស្ថានភាពសុខភាព របស់ទាហានអាមេរិកាំងម្នាក់ ពីក្នុងចំណោមពីរនាក់ កំពុងស្ថិតក្នុងលក្ខណៈធ្ងន់ធ្ងរនៅឡើយ បន្ទាប់ពីពួកគេត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ប្រមាណជា ១៧ និង៥០នាទីល្ងាច លើរថភ្លើងរបស់ក្រុមហ៊ុន តាលីសអន្តរជាតិ ដែលជាក្រុមហ៊ុន ធ្វើអាជីវកម្មផ្លូវដែកភ្ជាប់ទីក្រុងធំៗ នៅអ៊ឺរ៉ុបខាងលិច ។ រថភ្លើងដែលភ្ជាប់រាជធានី អាមស្ទែដាម (ហូឡង់) ឆ្ពោះមកកាន់រដ្ឋធានីប៉ារីស (បារាំង) ដោយកាត់តាមរាជធានី ប្រ៊យសែល (ប៊ែលហ្សិក) បានចូលមកក្នុងទឹកដីបារាំង ក្បែរនឹងក្រុងអារ៉ាស ភាគខាងជើងរដ្ឋធានីប៉ារីស។
ជនសង្ស័យត្រូវបានបង្ក្រាប នៅពេលចេញពីបន្ទប់ទឹកមកវិញ។ នេះបើតាមសេចក្ដីសន្និដ្ឋានជំហានដំបូង នៃការស៊ើបអង្កេត។ សារព័ត៌មានក្នុងតំបន់ បានរាយការណ៍ថា ទាហានអាមេរិកាំងពីរនាក់ ដែលសង្ស័យ ពីដំណើររូបរាងមិនប្រក្រតី របស់ជនសង្ស័យ បានស្ដាប់ឮសម្លេងរៀបចំកាំភ្លើង ដូចជាដកដាក់បង់គ្រាប់ និង«អាម៉េ»កាំភ្លើងនោះ បានបង្ក្រាបជននេះ ភ្លាមៗនៅនឹងមុខបន្ទប់ទឹក។ សារព័ត៌មានបានឲ្យដឹងទៀតថា គេបានរកឃើញបង់គ្រាប់ជាច្រើនទៀត នៅក្នុងកាបូបស្ពាយ របស់ខ្មាន់កាំភ្លើង ដោយទំនងជាគម្រោងមួយ ចង់បង្កឲ្យមានវិនាសកម្ម ជាថ្លុកឈាម នៅក្នុងរថភ្លើងនេះ។
តារាភាពយន្ដបារាំង លោក ហ្សង់-អ៊ូគ អង់គ្លាស (Jean-Hugues Anglade) ជាជនរងរបួសទីបី (របួសនៅនឹងដៃ) បន្ទាប់ពីបានវាយបំបែកប្រអប់មួយ ដើម្បីបញ្ជូនសញ្ញាបន្ទាន់ទៅអ្នកបើករថភ្លើង និងបញ្ឈប់រថភ្លើង។ តារាភាពយន្ដរូបនេះ មិនបានរងគ្រោះ ជាមួយនឹងជនសង្ស័យនោះទេ។
ក្រោយហេតុការណ៍នោះ រដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក ប៊ែរណា កាស្ន័រ (Bernard Cazeneuve) បានធ្វើដំណើរទៅផ្ទាល់ នឹងនៅកន្លែង ខណៈការិយាល័យស៊ើបអង្កេតបារាំង ជំនាញខាងភេរវកម្ម បានទទួលបន្ទុក យកសំនុំរឿងនេះ មកធ្វើការស៊ើបអង្កេត។ ប្រទេសប៊ែលហ្សិក បានធ្វើការសន្និដ្ឋានភ្លាម ថាសកម្មភាពរបស់ខ្មាន់កាំភ្លើង ជា«ភេរវកម្ម»។ ជនសង្ស័យមានដើមកំណើត នៅប្រទេសម៉ារ៉ុក អាយុ២៦ឆ្នាំ ធ្លាប់ត្រូវបានផ្នែកស៊ើបអង្កេតបារាំង ស្គាល់ និងស្ថិតក្នុងបញ្ជីនៃជន ដែលមានការទាក់ទង ជាមួយបណ្ដាញភេរវកម្ម។ ប៉ុន្តែជននេះ មិនស្ថិតក្នុងចំណោម ជនដែលត្រូវអាជ្ញាធរតាមដាននោះទេ៕
» ខាងក្រោមនេះ ជារូបភាពវីដេអូដំបូងគេ ដែលត្រូវបានថត នៅក្រោយហេតុការណ៍នោះបន្តិច៖