ហ៊ុន សែន ថាលោកជាគ្រូ បង្រៀនប្រធានាធិបតីអាមេរិក
«ឯកឧត្តមពិតជាកំពុងនិយាយ ជាមួយសាស្ត្រាចារ្យម្នាក់ ដែលអាចបង្រៀនឯកឧត្តម ឬប្រធានាធិបតីប្រទេសឯកឧត្តម ឬនាយករដ្ឋមន្ត្រីប្រទេសផ្សេង លើបញ្ហាការផ្លាស់ប្ដូរ» នេះជាការលើកឡើង របស់លោក ហ៊ុន សែន នៅក្នុងពិធីជួបជុំពិសារ ភោជនាហារសាមគ្គី ដែលរៀបចំឡើង ដោយសមាគមអ្នកឧកញ៉ា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ កាលពីល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥។
លោក ហ៊ុន សែន បានថ្លែងឡើងថា៖ «ថ្ងៃមុនខ្ញុំជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិក មុនពេលដែលចាកចេញពីកម្ពុជា។ នៅពេលដែលគាត់និយាយ ជាមួយខ្ញុំ គាត់និយាយយ៉ាងច្រើន អំពីអ្វីដែលហៅថាការផ្លាស់ប្ដូរ។ ខ្ញុំក៏បាននិយាយទៅកាន់គាត់វិញថា តើអ្នកភ្លេចទេ ឬអ្នកកំពុងនិយាយ ជាមួយអ្នកណា? ឯកឧត្តមកំពុងនិយាយ ជាមួយអ្នកណា? ឯកឧត្តមពិតជាកំពុងនិយាយ ជាមួយសាស្ត្រាចារ្យម្នាក់ [...]