ហ៊ុន សែន ថា​លោក​ជា​គ្រូ បង្រៀន​ប្រធានាធិបតី​អាមេរិក

ស្ថិតក្នុងតំណែងជាង៣ទសវត្សន៍ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមែនធម្មតា​ឡើយ។ ដូច្នេះ​ហើយ​ទើប​លោក បាន​បង្ហាញ​មោទនភាពយ៉ាងខ្លាំង ពីសមត្ថភាពរបស់លោក រហូតតាំងខ្លួនថា ជាគ្រូបង្រៀន​ប្រធានាធិបតី​អាមេរិក ក្នុង​បញ្ហា​នៃ​«ការ​ផ្លាស់ប្ដូរ»។
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី២៣​ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 23, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ឯកឧត្តម​ពិត​ជា​កំពុង​និយាយ ​ជាមួយ​សាស្ត្រាចារ្យ​ម្នាក់​ ដែល​អាច​បង្រៀន​ឯកឧត្តម ឬ​ប្រធានាធិបតី​ប្រទេស​ឯកឧត្តម ឬ​នាយក​រដ្ឋមន្ត្រី​ប្រទេស​ផ្សេង​ លើ​បញ្ហា​ការ​ផ្លាស់ប្ដូរ» នេះជាការលើកឡើង របស់លោក ហ៊ុន សែន នៅ​ក្នុង​ពិធី​ជួប​ជុំ​ពិសារ ​ភោជនាហារ​សាមគ្គី ដែល​រៀបចំ​ឡើង ​ដោយ​សមាគម​អ្នក​ឧកញ៉ា នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៥។

លោក ហ៊ុន សែន បានថ្លែងឡើងថា៖ «ថ្ងៃ​មុន​ខ្ញុំ​ជួប​ជាមួយ​ឯកអគ្គ​រដ្ឋទូត​អាមេរិក ​មុនពេល​ដែល​ចាក​ចេញ​ពី​កម្ពុជា។ នៅ​ពេល​ដែល​គាត់​និយាយ ​ជាមួយ​ខ្ញុំ គាត់​និយាយ​យ៉ាង​ច្រើន ​អំពី​អ្វី​ដែល​ហៅ​ថា​ការ​ផ្លាស់ប្ដូរ។ ខ្ញុំ​ក៏​បាន​និយាយ​ទៅ​កាន់​គាត់​វិញ​ថា តើ​អ្នក​ភ្លេច​ទេ ឬ​អ្នក​កំពុង​និយាយ ​ជាមួយអ្នក​ណា? ឯកឧត្តម​កំពុង​និយាយ ​ជា​មួយ​អ្នក​ណា? ឯកឧត្តម​ពិត​ជា​កំពុង​និយាយ ​ជាមួយ​សាស្ត្រាចារ្យ​ម្នាក់​ ដែល​អាច​បង្រៀន​ឯកឧត្តម ឬ​ប្រធា​នាធិបតី​​ប្រទេស​ឯកឧត្តម ឬ​នាយក​រដ្ឋមន្ត្រី​ប្រទេស​ផ្សេង​ លើ​បញ្ហា​ការ​ផ្លាស់ប្ដូរ។»

នាយករដ្ឋមន្ត្រីបីទសរត្សន៍របស់កម្ពុជា បានអះអាងទៀតថា លោកយល់ច្បាស់ណាស់ នៃពាក្យថា «ការផ្លាស់​ប្ដូរ» ហើយរយៈពេល នៃការកាន់អំណាច ដ៏យូររបស់លោក ជាសាក្សីស្រាប់។ លោកបានថ្លែងឲ្យដឹងថា៖ «ខ្ញុំ​ត្រូវ​តែ​អរគុណ​ ចំពោះ​អ្នក​ទាំងអស់​នៅ​ទី​នេះ (...) ដែល​គាំទ្រ​នូវ​នយោបាយ និង​ការ​ដឹក​នាំ​របស់​ខ្ញុំ​ ដែល​​មាន​​ការ​ផ្លាស់ប្ដូរ​ ជា​បន្តបន្ទាប់ និង​គ្រប់គ្រង​ការ​ផ្លាស់ប្ដូរ​បាន​ តាម​រយៈ​ការ​បង្កើត​ឡើង​ នូវ​ស្ថានភាព​​ច្រើន​បែប​ច្រើន​យ៉ាង ដោយ​ក្នុង​នោះ​ រាប់​បញ្ចូល​ទាំង​ការ​ផ្លាស់ប្ដូរ​ ពី​សង្គ្រាម​មក​កាន់​ សន្តិភាព​ តាម​រយៈ​នយោបាយ​ឈ្នះៗ»។

ការលើកឡើងរបស់លោក ហ៊ុន សែន ទំនងជាយោងលើករណីមួយ ដែលជាការស្នើសុំក្នុងពេលកន្លងមក របស់​ក្រុមមេដឹកនាំយោធាផ្ដាច់ការភូមា ដែលធ្លាប់បានមកស្នើសុំចែករំលែក បទពិសោធន៍របៀបដឹកនាំ តាម​បែប​«ប្រជាធិបតេយ្យ» ពីរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែសម្រាប់អ្នកតាមដាន ស្ថានការណ៍នយោបាយ​កម្ពុជា និង​ជា​អតីត​មន្ត្រី​អ្នកច្បាប់ចាស់វស្សា ពីប្រទេសកម្ពុជា លោក ព្រហ្ម គិត បានថ្លែងឡើងថា ការថ្លែង​របៀប​នេះ មិន​មែន​លោក ហ៊ុន សែន មិនដឹងថាខ្លួនលោក វាយ៉ាងណានោះទេ។ លោក ព្រហ្ម គិត បានថ្លែង​តាមទូរស័ព្ទ ពី​តំបន់​ពីរ៉ាណេ​ភាគ​ខាង​ត្បូង ប្រទេសបារាំងថា នៅពេលចេញ ទៅជួបមេដឹកនាំនៃ​ប្រទេស​ធំៗ ឬមហាអំណាចម្ដងៗ តើលោក ហ៊ុន សែន ត្រូវបានមេដឹកនាំទាំងនោះ ប៉ុន្មាននាក់ ដែលជជែករាក់ទាក់ជាមួយ?

លោក ហ៊ុន សែន ចូលរួមប្រជុំ G20 នៅប្រទេសម៉ិចស៊ិក កាលពីឆ្នាំ២០១២ ក្នុងនាមកម្ពុជា ជាប្រធានអាស៊ានប្ដូរវេន។ (រូបថត ឯកសារ)


លោក ព្រហ្ម គិត អតីតមន្ត្រីច្បាប់ខ្មែរ ដែលចូលនិវត្តន៍រូបនេះ បាននិយាយពន្យល់ទៀតថា តាមពិតទៅលោក ហ៊ុន សែន មិនអាចក្អេងក្អាងរបៀបនេះ នៅក្រៅស្រុកបានឡើយ ព្រោះនៅក្នុងស្រុក នរណាៗក៏មើល​ឃើញថា​លោកសម្បើមដែរ។ ហើយមួយទៀត វាជាសារនយោបាយមួយ របស់លោក ហ៊ុន សែន ព្រមានដោយ​ប្រយោល ទៅកាន់អគ្គរដ្ឋទូតថ្មី របស់ប្រទេសអាមេរិក ដែលទើបនឹងមកជំនួសតំណែង លោកអគ្គរដ្ឋទូតចាស់ លោក វីល្លៀម ថក (William Todd) កុំឲ្យដើរតួជា«គ្រូបង្រៀន» ប្រជាធិបតេយ្យ ឲ្យលោកនាយករដ្ឋមន្ត្រី និង​ការ​ដឹកនាំ​របស់​លោក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...