ផែនទី៖ «គោ និងក្របីដូចគ្នាទេតើ... ដូចគ្នាត្រង់រាងនិងកន្ទុយ!»
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី២២ សីហា ២០១៥
- កែប្រែចុងក្រោយ: August 23, 2015
- ប្រធានបទ: ព្រំដែន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មន្រ្តីជាន់ខ្ពស់មួយរូប របស់គណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា តាមអ្វី ដែលលោកបានដឹង ផែនទីទាំងបី (របស់រដ្ឋាភិបាល - UN និងរបស់គណបក្សសង្គ្រោះជាតិ) ពិតជាដូចគ្នា ព្រោះផែនទីទាំងនោះ «អាច»ជាប្រភេទផែនទី តែមួយដូចគ្នា ដែលប្រើប្រាស់ក្នុងសម័យសង្គ្រាម គឺក្នុងសម័យខ្មែរប្តឹងទៅអាមេរិក រឿងអាមេរិកទម្លាក់គ្រាប់បែក លើទឹកដីកម្ពុជាប៉ុណ្ណោះ។
ការថ្លែងជាទស្សនៈផ្ទាល់ខ្លួន របស់មន្ត្រីរូបនេះ បានធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានប្រកាសជាសាធារណៈ នៅក្រោយពិធីពិនិត្យ និងផ្ទៀងផ្ទាត់ផែនទី កម្ពុជា និង UN កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ នៅទីស្តីការគណរដ្ឋមន្រ្តីថា គ្រប់ផែនទីទាំងអស់ មានលក្ខណៈដូចគ្នាទាំងអស់ ហើយរដ្ឋាភិបាល អាចបន្តបោះបង្គោលព្រំដែន ជាមួយវៀតណាមជាបន្តបាន។ ក្នុងព្រឹត្តិការណ៍ជាបន្តបន្ទាប់នោះ រដ្ឋាភិបាលថែមទាំង បានព្រមានចាត់វិធានការ ដល់ជនណា ឬក្រុមណាក៏ដោយ ដែលលើកឡើងថា រដ្ឋាភិបាលបានប្រើប្រាស់ផែនទីក្លែងក្លាយ។
នៅក្រោយការប្រកាស របស់រដ្ឋាភិបាលនោះ លោក សុខ ទុច ប្រធានក្រុមស្រាវជ្រាវ បញ្ហាព្រំដែននៃរាជបណ្ឌិតសភាកម្ពុជា ក៏បានប្រកាសដែរថា មានតែផែនទីរដ្ឋាភិបាលទេ ដែលយកជាការបាន ក្នុងការបោះបង្គោលសីមា។ តែលោក សុខ ទូច ទទួលស្គាល់ថា ផែនទីរបស់អង្គការសហប្រជាជាតិនោះ មិនមែនជាផែនទីផ្លូវការ ដែលកម្ពុជាយកទៅទុក នៅអង្គការសហប្រជាជាតិ ឆ្នាំ១៩៦៤នោះឡើយ។
ភាពប្រទាំងប្រទើសគ្នានេះ បានបង្កឲ្យមានចំងល់ស្រាយមិនចេញ នៅក្នុងចំណោមសាធារណៈមតិមួយចំនួន។ លោក ជុន ចាន់បុត្រ នាយករងការផ្សាយ ផ្នែកខេមរៈភាសា របស់វិទ្យុអាស៊ីសេរី បានលើកជាចម្ងល់ថា៖ «ផែនទីដែល អ.ស.ប អោយខ្ចីនេះ មិនមែនជាផែនទី ដែលរដ្ឋាភិបាលចង់ខ្ចីទេ។ ឥឡូវរបស់ដែលគេមិនចង់បាននោះ ស្រាប់តែគេថាវាដូចគ្នា ទៅនឹងផែនទីដែលរដ្ឋាភិបាលបានប្រើ។ អញ្ចឹងតើវាមានន័យយ៉ាងណាទៅវិញ?។ (...) រដ្ឋាភិបាលធ្លាប់ថា ផែនទី UN ជាផែនទីដែលខ្មែរធ្លាប់ប្រើប្រាស់ តវ៉ាប្រឆាំងនឹងសហរដ្ឋអាមេរិក ក្នុងការទម្លាក់គ្រាប់បែក នៅតាមព្រំដែនរវាងកម្ពុជា និងវៀតណាម គឺពុំមែនជាផែនទីខ្សែព្រំដែន កំណត់អធិបតេយ្យភាពកម្ពុជាទេ។ ក្រោយផ្ទៀងផ្ទាត់ទៅ ផែនទី UN នេះដូចគ្នា នឹងផែនទីដែលរដ្ឋាភិបាលប្រើប្រាស់ សំរាប់រៀបចំព្រំដែន។ ដូចនេះមិនបានសេចក្តីថា ផែនទីដែលរដ្ឋាភិបាល ប្រើសំរាប់កំណត់ព្រំដែន ដូចគ្នាទៅនឹងផែនទី ដែលមិនសំរាប់កំណត់ព្រំដែនទៅហើយ?»
សម្រាប់មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិខាងលើ ដែលបានថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបន្តការអះអាង ផ្ទុយនឹងសេចក្ដីសន្និដ្ឋានរបស់រដ្ឋាភិបាលថា៖ «ផែនទីដែលកម្ពុជាត្រូវបង្ហាញ និងយកជាគោល សម្រាប់ការវាស់វែង ព្រំដែនកម្ពុជា-វៀតណាមនោះ ត្រូវតែជាផែនទី ដែលអាជាជ្ញាធរ សម័យបារាំង ជាអ្នកចុះវាស់វែងដោយផ្ទាល់ នឹងកន្លែង ហើយមានកំណត់ត្រា និងកំណត់ហេតុត្រឹមត្រូវ មិនមែនជាផែនទី ដែលបាញ់ដោយម៉ាស៊ីនស្វ័យប្រវត្តិ (GPS) នោះទេ។ (...) ទាំងផែនទី និងកំណត់ហេតុនៃការវាស់វែង ព្រំដែនកម្ពុជា-វៀតណាម អំឡុងពេលបារាំងគ្រប់គ្រង និងបែងចែកតំបន់រដ្ឋបាល នាសម័យនោះ អាចរកបាននៅប្រទេសបារាំង ព្រោះគេរក្សាទុកទាំងអស់ មិនមានបាត់បង់ទេ។»
សម្រាប់អ្នកស្រាវជ្រាវផ្នែកសង្គម លោក កែម ឡី វិញ បានប្រៀបធៀប តាមបែបបញ្ឆិតបញ្ឆៀងថា៖ «គោនិងក្របីមិនដូចគ្នា គ្រាន់តែមានរាងនិងកន្ទុយដូចគ្នា»។ លោក កែមឡី មិនបានសរសេរលំអិតនៅលើជញ្ជាំង នៃទំព័រហ្វេសប៊ុករបស់លោក ពីការភាពខុសគ្នា យ៉ាងណានោះឡើយ តែលោកបានសរសេរថា៖ «សំខាន់រដ្ឋាភិបាល ត្រូវស្នើឲ្យអគ្គលេខាធិការ របស់អង្គការសហប្រជាជាតិ ចេញលិខិតបញ្ជាក់ ឲ្យបានច្បាស់ថា តើវីរបុរសខ្មែរ បានយកផែនទី ទៅដាក់នៅអង្គការសហប្រជាជាតិដែរឬអត់? ករណីដែលអង្គការសហប្រជាជាតិ រកពុំទាន់ឃើញ ត្រូវផ្តល់ពេលវេលាគ្រប់គ្រាន់ ដល់ភ្នាក់ងារអង្គការសហប្រជាជាតិ ក្នុងការផ្តល់ផែនទីផ្លូវការ ស្របច្បាប់រដ្ឋធម្មនុញ្ញមាត្រា២ និងមានការទទួលស្គាល់ ជាលក្ខណៈអន្តរជាតិ។»៕