បោះឆ្នោត​ព្រឹទ្ធសភា នឹង​ធ្វើ​​នៅ​ថ្ងៃ​អាទិត្យ ទី​១៤​មករា​​២០១៨

ការបោះឆ្នោតអសកល ដើម្បីជ្រើសរើស​សមាជិក​ព្រឹទ្ធសភា អាណត្តិ​ថ្មី នឹងប្រព្រឹត្ត​ទៅ​នៅ​​ថ្ងៃអាទិត្យ ទី​១៤ ខែមករា ឆ្នាំ​​​២០១៨​​ខាង​មុខ។ នេះបើតាមការសម្រេច របស់រដ្ឋាភិបាលកម្ពុជា បន្ទាប់ពីកិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី កាល​ពីព្រឹក​​ថ្ងៃ​សុក្រ ទី១៦ ខែ​មិថុនា​នេះ និងបញ្ជាក់អះអាង​បន្ថែម ដោយលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន។
បោះឆ្នោត​ព្រឹទ្ធសភា នឹង​ធ្វើ​​នៅ​ថ្ងៃ​អាទិត្យ ទី​១៤​មករា​​២០១៨
ព្រឹទ្ធសភានីតិកាលទី៣ បើកសម័យប្រជុំលើកទី៧របស់ខ្លួន ក្រោមប្រធានព្រឹទ្ធសភាថ្មី លោក សាយ ឈុំ (អនុប្រធានគណបក្សប្រជាជនកម្ពុជា) បន្ទាប់ពីលោក ជា ស៊ីម (អតីតប្រធានគណបក្សប្រជាជនកម្ពុជា) បានទទួលមរណភាព។ (រូបថត MONOROOM.info)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៦ មិថុនា ២០១៧
  • កែប្រែចុងក្រោយ: June 16, 2017
  • ប្រធានបទ: បោះឆ្នោតព្រឹទ្ធសភា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃសុក្រ ទី១៦ ខែមិថុនានេះ ដែលធ្វើឡើងក្រោមវត្តមាន របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-​ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា រដ្ឋាភិបាលកម្ពុជា​បានកំណត់​​យកថ្ងៃអាទិត្យទី ១៦ ខែមករា ឆ្នាំ២០១៨ ជាថ្ងៃបោះឆ្នោតអសកល នៃការជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ជាតិ។ រដ្ឋមន្ត្រី​ក្រសួង​​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបញ្ជាក់កាលបរិច្ឆេទនេះ នៅតាមបណ្ដាញសង្គម បន្ទាប់ពី​លោកចេញ​ពីកិច្ច​ប្រជុំ​នោះ។ 

សេចក្តី​​ស្នើ​ច្បាប់ថ្មី ស្តីពីការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ដែលនឹងត្រូវ​រដ្ឋសភា គ្រោង​បើក​កិច្ច​ប្រជុំ​ពិភាក្សា និង​អនុម័ត​ នៅ​ថ្ងៃ​ទី២០ ខែមិថុនា​ខាងមុខ​ បានកំណត់ ឲ្យបន្ថែមសមាជិកមួយរូបទៀត ចាប់ពី​អាណត្តិ​ក្រោយ​នេះទៅ។ ពោល គឺសមាជិតព្រឹទ្ធសភា​ នឹង​កើនចំនួន​ពី ៦១រូប ទៅ ៦២រូប ដែល​នឹងត្រូវបោះឆ្នោត​ជ្រើស​តាំង ដោយសមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ក្រុង​-​ស្រុក​-​ខណ្ឌ រាជធានី​-​ខេត្ត តាមរយៈ​ការបោះឆ្នោត​អសកល​ (មិន​​មែន​ពលរដ្ឋ ជា​អ្នកបោះឆ្នោតដោយផ្ទាល់ទេ)។

សេចក្ដីព្រាងធ្វើវិសោធនកម្មច្បាប់ដដែល ដែលត្រូវបាន​ធ្វើឡើងតាម​ស្មារតី​ នៃកិច្ច​ព្រមព្រៀង​ បញ្ចប់​ជម្លោះ​នយោបាយ ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ​២០១៤ នោះ នៅមានការ​កែប្រែ​មាត្រា​មួយ​ចំនួន​ទៀត ដូចជា​ កាត់បន្ថយ​រយៈពេល ​យុទ្ធនាការ​ឃោសនា​​បោះឆ្នោត​​​ព្រឹទ្ធសភា ពី ២១ថ្ងៃ មក​នៅ​ត្រឹម ១៤ថ្ងៃ ព្រម​ទាំង​លើក​ពេល​បោះឆ្នោត ​ព្រឹទ្ធសភា ពី​ចុង​ខែមករា ទៅ​ចុង​ខែ​កុម្ភៈ​​ជា​ដើម (មិន​ទាន់​អនុវត្តន៍​​សម្រាប់​អាណត្តិក្រោយ)។

ជាការរំលឹកឡើងវិញ ព្រឹទ្ធសភាកម្ពុជា ត្រូវ​បាន​បង្កើតឡើង ​នៅក្រោយ​ការ​បោះឆ្នោត​ជាសកល ​ជ្រើស​តាំង​តំណាង​​រាស្ត្រ នីតិកាល​ទី២ ឆ្នាំ១៩៩៨។ សមាជិកព្រឹទ្ធសភា នីតិកាលទី១ ទាំង៦១រូប ដែល​ចូលរួមបើក​សម័យ​ប្រជុំ​ដំបូង របស់ព្រឹទ្ធសភានៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៩៩ សុទ្ធតែបានកើតចេញ ពីការតែងតាំង ​ពី​ក្នុងចំណោម​ឥស្សរជន​​ជាន់ខ្ពស់ នៃ​គណបក្សនយោបាយ ដែលមាន​អាសនៈ​​នៅក្នុង​រដ្ឋសភា នីតិកាល​ទី​២។ ព្រឹទ្ធសភា​នីតិកាល​ទី១ មានអាណត្តិ ត្រឹមតែ៥ឆ្នាំប៉ុណ្ណោះ។

ចាប់ពីនីតិកាលទី២មក ការបោះឆ្នោតជាអសកល ដើម្បីជ្រើសតាំង​សមាជិកព្រឹទ្ធសភា ទាំង៥៧រូប ត្រូវបាន​ធ្វើ​ឡើង​ជារៀងរាល់៦ឆ្នាំម្ដង (ការបោះឆ្នោតសម្រាប់នីតិកាលទី២ ប្រព្រឹត្តិទៅនៅថ្ងៃទី ២២ ខែមករា ឆ្នាំ២០០៦ និង​នីតិកាលទី៣ ប្រព្រឹត្តិទៅនៅថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១២) ខណៈ ២រូបផ្សេង ​ជ្រើសតាំង​ដោយ​រដ្ឋសភា និង​២រូប​ទៀត តែងតាំង​ដោយ​ព្រះមហាក្សត្រ។ សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី៣ (ពី​ឆ្នាំ២០១២ ដល់ឆ្នាំ២០១៨) ទាំង​៥៧រូប ដែលកើតចេញពីការបោះឆ្នោត មាន​៤៦​រូប ជាប់ឆ្នោត​មកពី​គណបក្ស​ប្រជាជន​កម្ពុ​ជា និង​១១​រូប ជាប់​ឆ្នោត​​មកពី​គណបក្ស​សមរង្ស៊ី៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...