ហ៊ុន សែន ការពារ ខឹម វាសនា រឿង«ជេរបញ្ចោរ»
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៦ មិថុនា ២០១៧
- កែប្រែចុងក្រោយ: June 16, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ចាប់ពីថ្ងៃទី១៥ ខែមិថុនាម្សិលម៉ិញមក យ៉ាងហោចណាស់ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហៅ«បក្សជួង» រកបាន«អ្នកយល់ LDP»ម្នាក់ទៀត ដែលមានឥទ្ធិពលក្រៃ។ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-ប្រធានគណបក្សប្រជាជនកម្ពុជា បានចេញមុខការពារ«ការជេរ» របស់ប្រធានគណបក្ស«ជួង» ដោយប្រៀបធៀប ពាក្យជេរបញ្ចោរដូចខាងក្រោម របស់លោក ខឹម វាសនា ទៅនឹង«ភាពល្អប្រសើរ»មួយ។
«អាគុក» និង«អាចោរថង់យាម»
នៅចំពោះនិស្សិតបញ្ចប់ការសិក្សា ជាច្រើនរយនាក់ ក្នុងពិធីចែកសញ្ញាបត្រមួយ កណ្ដាលរាជធានីភ្នំពេញ លោក ហ៊ុន សែន បានថ្លែងព្រមាន ក្រុមអ្នកជេរបញ្ចោរ ឬជេរប្រមាថ ថាអ្នកទាំងនោះ នឹងមិនរួចខ្លួនឡើយ បើទោះជាខ្លួនអ្នកជេររូបនោះ នៅទីកន្លែងណា ក្នុងកម្ពុជា ឬនៅបរទេសក្ដី។ បន្ទាប់មក បុរសខ្លាំងកម្ពុជា និងជាម្ចាស់ពាក្យ «អាគុក» ដ៏ល្បីល្បាញ បានដកឃ្លាបន្តិច ដើម្បីងាកមកសរសើការជេរ របស់លោក ខឹម វាសនា ដោយមិនចេញឈ្មោះ។
នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងឡើងថា៖ «ហើយការជេរបញ្ចោរគ្នានេះ ខ្ញុំក៏ដូចជាវា [សុំ]បើករវង់ក្រចក ជាមួយនឹង[ការជេរ ដែលមាន]ភាពល្អប្រសើរ។ ប៉ុន្តែថ្ងៃមុន ខ្ញុំករុណាខ្ញុំ អត់ដែលឮសូរអាចោរថង់យាម [ស្រាប់តែមាន]ក្មេងស្រីម្នាក់ គាត់ថា មេរបស់គាត់ អត់បានជេរលោក[សង្ឃ]ទេ តែជេរមនុស្សហ្នឹង ថាអាចោរថង់យាម។»។
ពាក្យ «អាចោរថង់យាម» ប៉ុន្មានម៉ាត់នេះ ត្រូវបានគេស្គាល់ថា ជាពាក្យដែលលោក ខឹម វាសនា និងក្រុមសកម្មជន សមាជិក និងអ្នកគាំទ្ររបស់លោក ឧស្សាហ៍យកទៅប្រើប្រាស់ ដើម្បីវាយប្រហារទៅលើព្រះសង្ឃ ឬសាមណេរអង្គណា ដែលក្រុមគណបក្សមួយនេះយល់ថា ធ្វើខុសវិន័យ ឬមិនត្រូវនឹងក្រុមខ្លួន៕