សមាជិក​ព្រឹទ្ធសភា ហុង សុខហួរ ត្រូវ​បាន​ចាប់​ខ្លួន នៅ​ភ្នំពេញ​ថ្មី

សមាជិកព្រឹទ្ធិសភា មកពីគណបក្សសម រង្ស៊ី លោក ហុង សុខហួរ ត្រូវបានចាប់ខ្លួនហើយ កាលពីព្រឹក ថ្ងៃទី១៥ ខែ​សីហា ឆ្នាំ​២០១៥នេះ។ ជាការចាប់ខ្លួន នៅបន្ទាប់ពីបញ្ជា របស់លោក ហ៊ុន សែន ដែល​បាន​ធ្វើ​ជា​សាធារណៈ កាល​ពី​ថ្ងៃ​ទី១៣ ខែ​សីហា​កន្លង​មក។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី១៥ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 15, 2015
  • ប្រធានបទ: ព្រំដែន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នាថ្ងៃសៅរ៍ទី១១ ខេសីហា ឆ្នាំ២០១៥ វេលាម៉ោងជាង៦ ព្រឹក កងកម្លាំងអាជ្ញាធរចំរុះកម្ពុជា បានធ្វើការ​ឡោម​ព័ទ្ធ និងចាប់ខ្លួនសមាជិកព្រឹទ្ធិសភា មកពីគណបក្សសមរង្ស៊ី លោក ហុង សុខហួរ នៅគេហដ្ឋានរបស់​តំណាង​រាស្ត្រ នៃគណបក្សសង្គ្រោះជាតិដូចគ្នា ដែលស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី។

តាមប្រភពព័ត៌មានច្បាស់ការ ដែលទស្សនាវដ្តីមនោរម្យ.អាំងហ្វូទទួលបាន ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើង​បន្ទាប់ ពីសមាជិកព្រឹទ្ធិសភារូបនេះ បានចាកចេញ ពីស្ថានទូតបារាំង ឆ្ពោះទៅកាន់ផ្ទះលេខ ១០៦A ផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ របស់លោក យន្ត ថារ៉ូ តំណាង​រាស្ត្រ​​គណបក្ស​សង្គ្រោះជាតិ មណ្ឌលខេត្តបន្ទាយមានជ័យ។

លោក ហុង សុខហួរ ត្រូវបង្ខំចិត្តលាក់ខ្លួនមួយរយៈពេលខ្លី បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ប្រកាសឲ្យចាប់​ខ្លួន​​ជា​បន្ទាន់ មកផ្តន្ទាទោសតាមច្បាប់ កាលពីព្រឹកថ្ងៃទី១៣ ខែសីហា ដោយចោទប្រកាន់លោក ថាបានក្លែង​បន្លំ​​សន្ធិ​សញ្ញាព្រំដែនកម្ពុជាវៀតណាម តាមរយៈទំព័រហ្វេសប៊ុក របស់លោក សម រង្ស៊ី ដើម្បីបំពុល​​សាធារណមតិ​​ជាតិ និងអន្តរជាតិនោះ។ លោកនាយករដ្ឋមន្រ្តីបានចាត់ទុកថា នេះជាបទល្មើសជាក់ស្តែង និង​ជា​ទោស​«ក្បត់ជាតិ»។

» សូមអានអត្ថបទបន្ថែម ដោយចុចនៅលើទីនេះ

លោក ហុង សុខហួរ ក្នុងសំលៀកបំពាក់អាវធំ មានក្រវ៉ាត់ក និងស្លាកសញ្ញាព្រឹទ្ធសភាជាប់នឹងអាវផងនោះ ត្រូវ​បានសមត្ថកិច្ចកម្ពុជាក្រៀកស្លាបសេក វ៉ៃខ្នោះ ចេញពីលំនៅដ្ឋានឯកជនមួយ ក្នុងសង្កាត់ភ្នំពេញថ្មី  ហើយ​ចាប់​បញ្ចូល ចូលក្នុងរថយន្តឃ្លុបមួយបិទជិត ដឹកទៅកាន់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ តែម្តង។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលនៅនឹងកន្លែងចាប់ខ្លួន ក្នុងសង្កាត់ភ្នំពេញថ្មីនោះ បានប្រាប់​​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូថា មានភាពចំឡែកខុសប្រក្រតី និងខុសពីធម្មតា ដែលផ្ទះលោក យន្ត ថារ៉ូ មួយ​នេះ ត្រូវ​​បាន​ឡោមព័ទ្ធ ដោយកម្លាំងមានសមត្ថកិច្ច យ៉ាងក្រាសក្រែល (មិនក្រោម១០០នាក់)។ ពលរដ្ឋម្នាក់ ដែល​​ថ្លែង​​ក្នុង​លក្ខណ្ឌមិនបញ្ចេញឈ្មោះ បានធ្វើការសន្និដ្ឋានថា៖ «ការឡោមព័ទ្ធនេះ ប្រាកដជាមកចាប់​តំណាង​រាស្រ្ត គណបក្ស​សង្គ្រោះជាតិ ម្នាក់ដែលសម្តេចនាយករដ្ឋមន្រ្តី បញ្ជាឲ្យចាប់នោះហើយមើលទៅ»។

សូមរំលឹកថា មុនការចាប់ខ្លួននេះ លោក ហុងសុខហួរ បានប្រកាសតាមទំព័រហ្វេសប៊ុក របស់លោក សម រង្ស៊ី ថា លោកនឹងចូលខ្លួន ចំពោះមុខសមត្ថកិច្ចក្ នុងថ្ងៃទី១៧ ខែសីហានេះ ដើម្បីបំភ្លឺជុំវិញរឿងចោទប្រកាន់ រូប​លោក​ថាបាន«ក្លែងសន្ធិសញ្ញាឆ្នាំ១៩៧៩»នោះ។ អមនឹងលិខិតរបស់លោក ហុង សុខហួរ នោះ ទំព័រហ្វេសប៊ុក លោក សម រង្ស៊ី ក៏បានសរសេរដែរថា៖ «លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី នឹង​ចូល​​ខ្លួន​បំភ្លឺ ចំពោះមុខអាជ្ញាធរមានសមត្ថកិច្ច នៅថ្ងៃទី១៧ សីហា ២០១៥នេះ ជុំវិញការចោទប្រកាន់ ទៅ​លើ​រូប​លោក​ថា បានក្លែងសន្ធិសញ្ញាឆ្នាំ ១៩៧៩។»

សូមអានលិខិតទាំងស្រុងដូចខាងក្រោម (ចុចពីលើ ដើម្បីពង្រីកអាន)៖

តាមប្រភពពីមន្រ្តីសមត្ថកិច្ចម្នាក់ បានបង្ហើបឲ្យដឹងថា លោក ហុង សុខហួរ ត្រូវបានសង្ស័យ ថាបានលាក់ខ្លួន នៅ​ក្នុងផ្ទះនៃតំណាងរាស្រ្តពីររូប។ ដូច្នេះក្រុមអាជ្ញាធរ បានឃ្លាំមើលផ្ទះតំណាងរាស្រ្តទាំងពីរនោះ យ៉ាង​ដិត​ដល់ ដើម្បីត្រៀមចាប់ខ្លួន បើមានវត្តមានលោក ហុង សុខហួរ នៅផ្ទះណាមួយ។ លោកបន្តថា មួយ​ជា​ផ្ទះលោក ម៉ែន សុថាវរិន្រ្ទ ស្ថិតនៅសង្កាត់ចោមចៅ និងមួយទៀត ជាផ្ទះលោក យន្ត ថារ៉ូ ស្ថិត​នៅ​សង្កាត់​ភ្នំពេញថ្មី។

តាមគណនី​ហ្វេសប៊ុករបស់តំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ លោក នុត រំដួល បានបង្ហាញនូវ​រូបភាព​មួយចំនួន មុនឈានដល់ការចាប់ខ្លួន លោក ហុង សុខហួរ។ គណនីនោះ បានសរសេរដូច្នេះថា៖ «សភាព​ការណ៍ មុនពេលឯកឧត្តម ហុង សុខហួរ ប្រគល់ខ្លួន ជូនទៅស្នងការរាជធានីភ្នំពេញ ២នាទី មុន​ចូល​រថយន្ត​ប៉ូលិស នៅម៉ោង៦ គត់ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥»។

ទំព័រហ្វេសប៊ុក របស់ប្រធានគណបក្សសង្គ្រោះជាតិ ក៏បានសរសេរ នៅលើទំព័រហ្វេសប៊ុករបស់លោក ទទួល​ស្គាល់ការចាប់ខ្លួននេះដែរ។ ទំព័រហ្វេសប៊ុកលោក សម រង្ស៊ី បានសរសេរថា៖ «លោកក ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា មកពីគណបក្សសម រង្ស៊ី និងជាអ្នកជំនាញកិច្ចការព្រំដែន របស់គណបក្សសង្រ្គោះជាតិ ត្រូវ​បាន​អាជ្ញាធរ​រាជធានីភ្នំពេញ ចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង ៦:០០ ព្រឹកថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ ២០១៥​នេះ។»

ជុំវិញការចាប់ខ្លួន សមាជិកព្រឹទ្ធិសភាខាងលើនេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅមិនទាន់ស្វែងរក​ប្រតិកម្ម ពីមជ្ឈដ្ឋានឯករាជ្យ និងអង្គការសង្គមស៊ីវិល ដែលបានឃ្លាំមើលយ៉ាងដិតដល់ ពីព្រឹត្តិការណ៍នយោបាយ​​ចុង​ក្រោយនេះ បាននៅឡើយក្នុងថ្ងៃនេះ។ មន្រ្តីនៃសង្គមស៊ីវិលមួយចំនួន មិនទទួលទូរសព័ព្ទ ឯអ្នកទទួល​ទូរស័ព្ទ ក្រោយលឺសំនួរ ទាក់ទងនិងការចាប់ខ្លួន សមាជិកព្រឹទ្ធិសភា លោក ហុង សុខហួរ នោះ ក៏បាន​ឆ្លើយ​ថា ជាប់​រវល់ និងនិយាយថា នៅឆ្ងាយ គ្មានសេវា ពិបាកទំនាក់ទំនងជាដើម៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...