អភិបាល​ក្រុង​បានលុង​ ​ថា​មាន​មនុស្ស​ដើរ​អុច​អាល ឲ្យ​ប្ដឹង​លោក

អភិបាលក្រុងបានលុង បានថ្លែងអះអាងថា បណ្តឹងប្រជាពលរដ្ឋប្តឹងលោក ពាក់ព័ន្ធនឹង រឿងផ្សារបានលុង បានកើតឡើង ក្រោម​ការ​ញុះញង់ នៃបុគ្គលម្នាក់​ដែលបង់ប្រយោជន៍ ក្រោយមានការអភិវឌ្ឍន៍ផ្សារនេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី២៦ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 28, 2015
  • ប្រធានបទ: ជ្រុងមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខណៈពេលដែលបណ្ដឹង របស់ពលរដ្ឋ ត្រូវបានលោក ប៊ូ ឡាំ តំណាងរាស្ត្រ មកពីគណបក្សប្រជាជនកម្ពុជា បន្តប្ដឹងមក​រដ្ឋសភា ឲ្យធ្វើអន្តរាគមន៍ទៅក្រសួងមហាផ្ទៃ ឲ្យដកលោក អ៊ុក សំអុល អភិបាលក្រុងឲ្យចេញពីតំណែងនោះ នៅថ្ងៃទី២៦ ខែឧសភានេះ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានទទួលការឆ្លើយតប ពីលោកអភិបាលក្រុង បានលុង មកវិញ ដោយ​លោក​បានអះអាងថា ករណីនេះកើតឡើង ដោយសារមានបុគ្គល ដើរអុចអាលញុះញ៉ង់ប្រជាពលរដ្ឋ។

លោក អ៊ុក សំអុល បានបញ្ជាក់ ក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីថា ក្រោមកិច្ចវិនិយោគ ផ្សារបានលុងនេះ ក្រុមហ៊ុន ហេង ដារ៉ា ដែលមានឈ្មោះ សា លាង ជានាយកក្រុមហ៊ុន មិនបានអនុវត្តអោយបានត្រឹមត្រូវ តាមសៀវភៅបន្ទុក និង​កិច្ច​សន្យាឡើយ។ លោកបន្តថា ជាងនេះទៅទៀត ក្រុមហ៊ុននេះ បានរំលោភបំពាន យកដីរដ្ឋខាងមុខ និងជុំវិញផ្សារបានលុង ធ្វើអាជីវកម្មដោយខុសច្បាប់ កេងប្រវ័ញ្ចថវិកាចំណូល ពីទីតាំងនេះ រាប់សិបលានរៀល ក្នុងមួយឆ្នាំៗចាប់តាំពីឆ្នាំ២០០៨ រហូតមក។

លោកបញ្ជាក់ថា ក្រុមហ៊ុននេះ មិនបានធ្វើអ្វីទាំងអស់ ក្រៅពីដើរប្រមូលលុយ ពីអាជីវករ។ លោកបញ្ជាក់ថា៖ «ដំបូល​​ផ្សារ​លិច ក៏មិនជួសជុល ប្រព័ន្ធភ្លើងអគ្គិសនីក្នុងផ្សារ ក៏មិនដោះស្រាយ លូស្ទះក៏មិនស្តារ ភាស៊ី និងតម្លៃតូប យកលើស​សៀវភៅ​បន្ទុក។ ធ្វើបាបបងប្អូន ជនជាតិដើមភាគតិចគ្រប់យ៉ាង យកភាស៊ីអនាម័យ ពីពួកគាត់ អត់បានរៀបចំ​កន្លែង​លក់​ដូរ ជូនពួកគាត់ អោយអាជីវករដាក់លក់ បិទផ្លូវជុំវិញផ្សារបានលុងជិតជាដើម។»

លោកបន្តទៀតថា ព្រោះតែក្រុមហ៊ុនខាងលើ មិនបានអនុវត្តតាមកិច្ចសន្យា និងតាមសៀវភៅបន្ទុកបានត្រឹមត្រូវ ព្រម​ទាំង​រំលោភដីរដ្ឋខាងមុខ និងជុំវិញផ្សារបានលុង ធ្វើអាជីវកម្មដោយខុសច្បាប់នោះ ក្នុងនាមលោក ជាអាជ្ញាធរមូលដ្ឋាន មាន​ភារកិច្ច កាតព្វកិច្ច និងការទទួលខុសត្រូវ ពីសុខទុករាស្រ្ត ពិសេសទុក្ខលំបាក របស់បងប្អូនជនជាតិដើមភាគតិច ទើប​សម្រេច​ចិត្ត រៀបចំផែនការអភិវឌ្ឍន៍តំបន់ជុំវិញ និងខាងមុខផ្សារបានលុង ក្រៅដែនវិនិយោគផ្សារ ដើម្បីធានាបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់ សោភ័ណភាព របៀបរៀបរយ អនាម័យ និងបរិស្ថានល្អ។

លិខិតចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៥ របស់លោកតំណាងរាស្ត្រ ប៊ូ ឡាំ ដាក់ទៅកាន់​គណកម្មការ​ទី៤ (គណកម្មការ​មហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ) នៃរដ្ឋសភា ដែលបានស្នើសុំអន្តរាគមន៍ ដើម្បីដក​តំណែងលោក អ៊ុក សំអុល ពីអភិបាលក្រុង បានលុងនោះ បាន​សរសេរ​ថា៖ «ប្រជាពលរដ្ឋចំនួន២១១នាក់ បណ្តឹងចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៥ បានប្តឹងតាមរយៈតំណាងរាស្រ្ត ខេត្ត​រតនគីរី ដើម្បីឲ្យជួយអន្តរាគមន៍ ផ្លាស់ប្តូរលោក អ៊ុក សំអុល ចេញពីអភិបាលក្រុង​បានលុង ខេត្តរតនគីរី។» ប៉ុន្តែនៅក្នុងលិខិតនោះ លោកតំណាងរាស្ត្រ មកពីគណបក្សកាន់អំណាច មិនបានបង្ហាញ ពី​មូលហេតុ​ច្បាស់លាស់ទេ តែលោកបានបញ្ជាក់ថា ការស្នើសុំនេះ ព្រោះតែធ្វើតាមពាក្យ​បណ្តឹង របស់ប្រជាពលរដ្ឋ ក្នុង​ក្រុង​បានលុង ចំនួន២១១នាក់ ដែលប្តឹងសុំការអន្តរាគមន៍។

នៅចំពោះគម្រោងអភិវឌ្ឍន៍ថ្មី ក្នុងក្រុងបានលុង លោក អ៊ុក សំអុល បានរៀបរាប់បន្តថា ការរៀបចំនេះ មានការដឹងឭពី លោក ថង សាវុន អភិបាលខេត្តរតនគិរី ដោយសារតែលោក ថង សាវុន បានមើលឃើញ ពីទុក្ខលំបាករបស់ប្រជា​ពលរដ្ឋ។ លោក សំអុល បានបញ្ជាក់ទៀតថា គឺអភិបាលខេត្តរតនគិរី ជាអ្នកបាន«ប្រតិភូកម្ម» មកអាជ្ញាធរក្រុង បានលុង ជាអ្នក​អនុវត្ត​ផ្ទាល់ ផ្សារបានលុងនេះ ដើម្បីចែកជូនតូប ដល់អាជីវករចាស់ ដោយមិនគិតកម្រៃ និងរៀបចំអោយមានផ្លូវ រថយន្ត​ជុំវិញ​ផ្សារ កន្លែងលក់ដូរ សម្រាប់បងប្អូនជនជាតិដើមភាគតិច បានសមរម្យ។

លោកបន្តទៀតថា៖ «ពាក់ព័ន្ធនឹងផែនការអភិវឌ្ឍន៍ផ្សារនេះ អាជ្ញាធរមិនមានគម្រោង សាងសង់ជាផ្ទះល្វែង ឬសាងសង់​តូបថ្មី ដើម្បីលក់ដូចការដើរញុះញង់ ឃោសនាអកុសល ផ្ទុយការពិត របស់ជនខិលខូចមួយក្តាប់តូច ដែលតែងតែបង្ក​បក្ខ​ពួក អុកឡុករំខានដល់ការអភិវឌ្ឍន៍របស់រដ្ឋ ក្នុងគោលដៅ ការពារផលប្រយោជន៍បុគ្គលនោះទេ។»

ជាមួយគ្នានេះលោក ក៏សូមអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសអាជីវករ ដែលជាជនរងគ្រោះ ឈប់ចាញ់​បោក​ល្បិចកល ជនបោកប្រាស់ ដែលបានដើរធានាអះអាង លក់តូបជាដើម។ លោកស្នើឲ្យពលរដ្ឋ ដែលរងគ្រោះទាំងអស់ សហការជាមួយសាលាក្រុង បានលុង ដើម្បីរកយុត្តិធម៌សម្រាប់ខ្លួនផង និងដើម្បីវែកមុខ រកជនឆ្លៀតឱកាស យកមក​ផ្តន្ទា​ទោស​តាមច្បាប់ផង។

ផ្ទុយនឹងការលើកឡើងខាងលើ លោក ឆាយធី មន្រ្តីសម្របសម្រួល របស់សមាគមការពារសិទ្ធិមនុស្ស អាដុក ប្រចាំខេត្ត​រតនគីរី បានលើកឡើងថា អាជីវករផ្សារបានលុង មិនយល់ព្រមទៅនឹង គម្រោងរៀបចំអភិវឌ្ឍន៍ សាងសង់តូបថ្មី នៅជុំវិញ​ផ្សារបានលុងនោះទេ។ លោកបន្តថា ប្រជាពលរដ្ឋទាំងអស់ ដែលជាអាជីវករផ្សារទាំងនោះ នឹងបន្តការតវ៉ា ពីគម្រោង​សាង​សង់តូបថ្មីនេះ។

មន្រ្តីសម្របសម្រួលរូបនេះ បាននាំពាក្យសំដី របស់ប្រជាពលរដ្ឋ ដែលគ្រោងបន្តបណ្តឹងនេះ មកបញ្ជាក់ដូច្នេះថា៖ «ពួក​គាត់​មានការព្រួយបារម្ភ ទៅនឹងការអភិវឌ្ឍន៍ សាងសង់តូបថ្មីនេះ ដោយពួកគាត់គិតថា មិនបានបម្រើ ដល់ផលប្រយោជន៍​ជន​ក្រីក្រ នោះឡើយ។ (…) មុនគម្រោង សាងសង់តូបថ្មីនេះ មានអ្នកមានលុយខ្លះ បានកក់លុយមុន ដើម្បីទិញតូបថ្មី ក្នុង​១នាក់ ២ទៅ៣តូប រួចទៅហើយ។ នៅពេលតូបសាងសង់រួច តើឲ្យពួកគាត់សង្ឃឹមថា មានតូបលក់នឹងគេដូចម្តេចទៅ?»

លោក ឆាយ ធី បានធ្វើការកត់សំគាល់ ពីការគ្រប់គ្រងរបស់លោក អ៊ុក សំអុល ក្នុងរយៈពេលជិតមួយឆ្នាំទៀតថា បង្កឲ្យ​មាន​ទំនាស់ យកទីតាំងផ្ញើឡាន និងម៉ូតូជាមួយលោក សា លាង (ប្រធានក្រុមហ៊ុន ហេង តារា) មកគ្រប់គ្រង និងរក​ចំណូល។ ទំនាស់ជាមួយអ្នកលក់ដូរ លើបញ្ហាសាងសង់តូបថ្មី គ្មានតម្លាភាព និងការយកភាស៊ីខ្ពស់ ១ខែ៤ម៉ឺនរៀល ព្រម​ទាំង​មាន​ទំនាស់ ជាមួយអាជ្ញាធរសង្កាត់ និងអ្នកតំណាងរាស្ត្រ រហូតដល់មានការស្នើសុំ ដកតំណែងលោក អ៊ុក សំអុល ពី​អភិបាល​ក្រុង កាលពីខែមេសាថ្មីៗនេះ។

មិនអាចស្វែងរកការបញ្ជាក់ ពីលោក ថង សាវុន អភិបាលខេត្តរតនគិរី និងពីលោក សា លាង ជានាយកក្រុមហ៊ុន ហេង តារ៉ា បានទេ ក្នុងពេលនេះ។ តែបើតាមការអះអាង របស់លោក ឆាយ ធី បានលើកយកសម្ដី លោកទេសរដ្ឋមន្ត្រី លី ធុច ដែលថ្លែងនៅក្រោយបញ្ចប់ កិច្ចប្រជុំស្វែងរកដំណោះស្រាយ ក្នុងរឿងនេះ មកបញ្ជាក់ថា ការសាងសង់តូបថ្មី មិនតម្រូវ​ឲ្យ​យក​លុយ ពីបងប្អូនជនជាតិ ជាដាច់ខាត ហើយការសាងសង់តូបថ្មីនេះ នឹងធ្វើឲ្យផ្សារ មានសោភ័ណ្ឌភាព អនាម័យស្អាត ផ្លូវ​ចេញ​ចូល ដើម្បីការពារពេលមានអគ្គីភ័យ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...