ពលរដ្ឋ​ឃុំ​ជីខ​ក្រោម​រង​ទឹក​ភ្នែក​ជា​ថ្មី ក្រោយ​ចាញ់​ក្តី​ក្រុម​ហ៊ុន​ហេងហ៊ុយ

ប្រជាពលរដ្ឋនៅភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល បានសម្ដែងការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីសាលក្រមសម្រេច របស់តុលាការកំពូល បានសម្រេចឱ្យលោក ហេង ហ៊ុយ ឈ្នះក្តីលើប្រជាពលរដ្ឋពីរនាក់ កាលពីថ្ងៃទី២៧ ខែវិចិ្ឆកា កន្លងមកនេះ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ប្រាថ្នា ([email protected] ) - ភ្នំពេញ ថ្ងៃទី៣០ វិច្ឆិកា ២០១៤
  • កែប្រែចុងក្រោយ: December 02, 2014
  • ប្រធានបទ: វិបត្តិដីធ្លី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សម្លេងខ្សឹបខ្សួលអួលដើមក បាន​បន្លឺ​ឡើង​ចេញ​ពី​ប្រជា​ពលរដ្ឋ​ រស់​នៅ​ភូមិ​ព្រែក​ជីក ឃុំ​ជីខ​ក្រោម​ សារ​​ជា​ថ្មី បន្ទាប់​ពី​តុលាការ​កំពូល ក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី២៧ ខែ​វិចិ្ឆកា កន្លង​មក​នេះ បាន​សម្រេច​សេច​ក្តី​ឱ្យ​លោក ឈឹម ផាន់ ដែល​មាន​ដី​ទំហំ​ជាង​៧ហិចតា និង​អ្នកស្រី ឈុន រីម មាន​ដី​ជាង​២​ហិចតា ឱ្យ​ចាញ់​ក្តី​លោក ហេង ហ៊ុយ ជា​ប្រធាន​ក្រុមហ៊ុន​ ហេងហ៊ុយ។

តុលាការកំពូល​បាន​ចាត់ទុក ការ​ចោទ​ប្រកាន់​លើ​ប្រជា​ពលរដ្ឋ​ទាំង​ពីរ​ខាង​លើ តាម​បណ្តឹង​របស់​លោក ហេង ហ៊ុយ ថា​បាន​ទៅ​រស់នៅ​លើ​ដី​សម្បទាន ដែល​រដ្ឋាភិបាល​បាន​ធ្វើ​សម្បទាន ឱ្យ​ទៅ​ក្រុមហ៊ុន ហេង ហ៊ុយ នៅ​ភូមិ​បឹង​ឈូក ឃុំ​ជីខ​លើ។ នេះ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី កើត ពៅ តំណាង​ពលរដ្ឋ​នៅ​ភូមិ​ព្រែក​ជីក ឃុំ​ជី​ខ​ក្រោម។

តំណាងពលរដ្ឋរូបនេះ បន្ថែមថា៖ «តុលាការកាត់ហើយ កាត់ឱ្យចាញ់លោក ហេង ហ៊ុយ ថាអត់មាន​ភូមិ​ព្រែកជីក ជាប់ផ្លូវជាតិលេខ៤៨ទេ។ គាត់ចោទថា លោក ឈឹម ផាន់ និងអ្នកស្រី ឈឹម រីម ហ្នឹងរស់នៅ​លើ​ភូមិ​ឈូក ឃុំជីខលើ ប៉ុន្តែពួកបងមានលិខិតបញ្ជាក់ដូចជា អាត្រានុកូលដ្ឋាន សៀវភៅគ្រួសារអត្តសញ្ញាណប័ណ្ណ ប័ណ្ណក្រីក្រ លិខិតបញ្ជាក់ដី និងក្រដាសបោះឆ្នោត ហ្នឹងហើយថា ពួកបងនេះពិតជាប្រជាពលរដ្ឋ​រស់នៅភូមិ​ព្រែកជីក ភូមិជីខក្រោមពិតប្រាកដមែន។ អញ្ចឹងគាត់ថា ពួកបងនេះជាអ្នកក្លែងឯកសារ។ អញ្ចឹងបង​អត់សុខ​ចិត្តទេ បងអត់ចេះផលិតទេ។»

អ្នកស្រី កើត ពៅ បានបន្តថា បើតុលាការយុត្តិធម៌ពិតប្រាកដមែន តុលាការត្រូវតែទៅចាប់ក្រសួងមហាផ្ទៃ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ខេត្ត ស្រុក ភូមិ ឃុំ ព្រោះគាត់ គឺជាអ្នកចេញប័ណ្ណឱ្យប្រជាពលរដ្ឋ។

ចំពោះការសម្រេចនេះ ត្រូវបានប្រជាពលរដ្ឋ ដែលបានឈរតវ៉ានៅមុខតុលាការកំពូលផ្ទុះកំហឹងឡើង និង​ប្តេជ្ញាថា នឹងនៅតែបន្តការតវ៉ា រហូតទាល់តែមានដំណោះស្រាយ។ ថ្លែងឡើងទាំងកំហឹង ព្រមជាមួយ​សម្លេង​ខ្សឹបខ្សួលអួលដើមករ តំណាងពលរដ្ឋអ្នកស្រី កើត ពៅ បានអះអាងទៀតយ៉ាងដូច្នេះថា៖ «ពួកខ្ញុំស៊ូស្លាប់ នៅ​ចំពោះមុខតុលាការកំពូល ពួកខ្ញុំនឹងអំពាវនាវកម្លាំង២៤ខេត្តក្រុង ក៏ដូចជាអាស៊ានទាំងដប់ដែរ មកជួយស្តាប់​មើលតុលាការកំពូលប្រទេសកម្ពុជាយើងនេះ អយុត្តិធម៌ណាស់ ពុករលួយណាស់សម្រាប់ពួកបង ក៏ដូច​ជា​សម្រាប់ប្រជាពលរដ្ឋ នៅទូទាំងព្រះរាជាណាចក្រកម្ពុជារបស់ពួកយើងដែរ»។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនអាចសុំការអត្ថាធិប្បាយពីលោក ហេង ហ៊ុយ បានទេ ចំពោះករណីនេះ។

ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង រវាងក្រុមហ៊ុន ហេង ហ៊ុយ និងប្រជាពលរដ្ឋ ដោយសារ​ការបែងចែកព្រំប្រទល់ដីឃុំ មិនច្បាស់លាស់ បានបណ្តាលឱ្យមានបញ្ហាមិនចេះចប់ មិនចេះហើយ និងបង្ក​ឱ្យ​ប្រជាពលរដ្ឋរស់នៅទាំងព្រួយបារម្ភ និងភ័យខ្លាច បន្ទាប់ពីរដ្ឋាភិបាលបានធ្វើសម្បទានដីសេដ្ឋកិច្ច ឱ្យទៅ​ក្រុមហ៊ុន ហេង ហ៊ុយចំនួន៧៧៩ហិចតាពីរដ្ឋាភិបាល នៅភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្ត​កោះកុង​កាលពិឆ្នាំ២០០៩៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...