នៅ​កម្ពុជា ឲ្យ​តែ​ជា​ជន​ក្រី​ក្រ នឹង​ត្រូវ​គេ​ឈូស​កម្ទេច​ផ្ទះ ទាំង​គ្មាន​ដំណោះ​ស្រាយ?

ព្រោះខ្លួន«ក្រ» ទើបគេឈូសឆាយ កំទេចផ្ទះសម្បែង ដោយគ្មានអាណិតអាសូរ និងបើសូម្បីប្រាប់ជាមុន ក៏គ្មានដែរ។ អ្នក​«ក្រ»នៅកម្ពុជា ត្រូវបានអ្នកមានអំណាច និងបុណ្យស័ក្តមួយចំនួន ទុកមិនស្មើនឹងសត្វគេ«ចិញ្ចឹម»ផង។ នេះ​ជា​សម្រែក​របស់​ពលរដ្ឋ​មួយ​រូប ដែលបានរងគ្រោះ ដោយការឈូសឆាយកំទេចផ្ទះសម្បែង កាលពីរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៥នេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញ ថ្ងៃទី០៦ មករា ២០១៤
  • កែប្រែចុងក្រោយ: January 06, 2015
  • ប្រធានបទ: ដីធ្លី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពលរដ្ឋ​ដែល​រងគ្រោះ​នឹង​ការ​ឈូស​កំទេច​ផ្ទះ ពី​សំណាក់​កង​កម្លាំង​របស់​អាជ្ញាធរ បាន​ថ្លែង​ត្អូញ​ពី​ការ​រំលោភ​សិទ្ធិ របស់​ពួក​គាត់​ជា​ពលរដ្ឋ​និង​ជា​ម្ចាស់​ផ្ទះ ហើយ​បាន​រៀប​រាប់​ថា នោះ​ដោយ​សារ​តែ​ពួក​គាត់​ជា​ពលរដ្ឋ​ក្រ​ក្រី គ្មាន​ប្រាក់​គ្មាន​អំណាច។ ពលរដ្ឋ​ទាំង​នោះ ថែម​ទាំង​បាន​ចោទ​លោក​ឧកញ៉ា ម៉ៅ សុផល ថា​ជា​អ្នក​នៅ​ពី​ក្រោយ​ហេតុការណ៍​ឈូស​កម្ទេច​កាល​ពី​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៥​នេះ​ទៀត​ផង។

ពលរដ្ឋ​រង​គ្រោះ​មួយ​រូប អ្នកស្រី ទិល សារ៉ន បាន​ថ្លែង​ប្រាប់​ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា លោក ម៉ៅ សុផល បាន​មក​បំពាន​លើ​ដី​របស់​អ្នកស្រី ក៏​ដូច​ជា​ប្រជា​ពលរដ្ឋ​ដទៃ​ទៀត តាំង​ពី​ឆ្នាំ​២០១៣។ រហូត​ដល់​ថ្ងៃ​នេះ​ស្រាប់​តែ​មាន​ការ​ឈូស​ឆាយ​កំទេចតែម្ដង ដោយ​មិន​បាន​ជូន​ដំណឹង ឬ​ប្រាប់​ជា​មុន​ឡើយ។ អ្នកស្រីបានរៀបរាប់ថា អ្នកស្រី​និង​គ្រួសារ រួមទាំងឪពុកម្តាយជរាពីរនាក់ផ្សេងទៀត បានមករស់នៅលើដីទំនាស់នេះ តាំងពីឆ្នាំ១៩៨៥ មក ខណៈ​ពេល​ដែល​អ្នកស្រីប្រកបមុខរបជាអ្នកដាំត្រកូន កាឆែត និងធ្វើស្រូវប្រាំងដើម្បីចិញ្ចឹមជីវិត ហើយ​ដោយ​មាន​ការ​ដឹង​លឺ និង​ទទួល​ស្គាល់ពីភូមិ សង្កាត់។

ឈូសផ្ទះពលរដ្ឋបណ្ដើរ ហុតស៊ុតមាន់របស់ពលរដ្ឋបណ្ដើរ

អ្នកស្រីបន្តដោយទឹកភ្នែករលីងរលោងថា រូបភាពនៃការឈូសឆាយផ្ទះនេះ មានលក្ខណៈជាការរំលោភសិទ្ធិ និងប្លន់យកឥវ៉ាន់របស់ពលរដ្ឋ។ អ្នកស្រីបានអះអាងថា ក្នុងការកម្ទេចផ្ទះនេះ ដំបូងគេមិនអនុញ្ញាត ឲ្យម្ចាស់ផ្ទះ​មកជិតឡើយ ហើយពួកគេថានឹងវាយ ប្រសិនមានជនណា ហ៊ានចូលមកហាមឃាត់។ បន្ទាប់មកគេឈូស​កំទេច​ដំណាំ ឈូសកំទេចផ្ទះ និង«ប្លន់»យកឥវ៉ាន់មានតម្លៃមួយចំនូនរួមទាំងសម្ភារៈផ្ទះបាយ ដាក់ក្នុងឡាន​យក​ទៅ​អស់។ មន្ត្រីខ្លះ ដែលចុះមកអនុវត្តន៍កិច្ចប្រតិបត្តិការឈូសផ្ទះពលរដ្ឋ ដឹកនាំដោយលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌដង្កោនេះ ថែមទាំងបានយកពងមាន់ក្នុងសំបុកមកហុត នៅនឹងមុខម្ចាស់ផ្ទះនោះថែមទៀត។

ពលរដ្ឋជាស្ត្រីរូបនេះ បានបន្ថែមទៀតថា សូម្បីម្តាយអ្នកស្រីចាស់ជរាមានអាយុជាង៧០ ឆ្នាំទៅហើយ ដែល​កំពុងតែសម្រាកលើអង្រឹង ក៏ត្រូវបានក្រុមទាំងនោះកាប់ផ្តាច់ខ្សែរអង្រឹង ឲ្យធ្លាក់ចុះ និងមានរបួសដល់សន្លប់ រហូតត្រូវបញ្ជូនទៅមន្ទីពេទ្យជាបន្ទាន់។

រីឯលោក ទិល សាម៉ន ដែលត្រូវជាឪពុក ដែលមានវត្តមានក្នុងហេតុការណ៍នៃការឈូសឆាយនេះ បានលើក​ឡើងថា មិនមានការផ្តល់ព័ត៌មានណាមួយ សម្រាប់បយកគាត់បានត្រៀម ដើម្បីតវ៉ានោះឡើយ។ ក្នុង​សកម្មភាព​ឈូសកម្ទេចផ្ទះពលរដ្ឋនេះ អ្នកនៅខាងក្នុង ក៏មិនអនុញ្ញាតឲ្យចេញក្រៅ ឯអ្នកនៅខាងក្រៅក៏មិន​អនុញ្ញាតិឲ្យចូលមកក្នុងដែរ។ ក្នុងនោះរួមទាំងអ្នកសារព័ត៌មាន និងមន្រ្តីតំណាងអង្គការសហប្រជាជាតិ​ប្រចាំ​នៅកម្ពុជា មិនត្រូវបានឲ្យចូលមកសួរនាំអ្វីឡើយ។

លោកបញ្ជាក់ដូច្នេះថា «អ្នកថតរូបទាំងប៉ុន្មាន ត្រូវបានក្រុមនោះចាប់យកកាមេរ៉ា បន្ទាប់មកលុបចោលអស់។ មិនអនុញ្ញាតិឲ្យថតឡើយ។ អ្នកដែលថតពីសកម្មភាពនេះ នឹងត្រូវចាប់យកការមេរ៉ាទាំងអស់។»

ខ្ទប់ពីមុខពីក្រោយ ដើម្បីវាយកម្ទេច

អ្នកស្រី ទិល សារ៉ន បានរៀបរាប់ទៀតថា៖ «ក្នុងពេលកំពុងឈូសឆាយនោះ ពួកគេបានស្ទាក់ទាំងមុខ ស្ទាក់​ទាំងក្រោយ មិនអនុញ្ញាតិឲ្យអ្នកស្រីបានចេញក្រៅ ដើម្បីស្វែងរកអន្តរាគមពីអ្នកណាឡើយ ពិសេសពីអង្គការ​សង្គមស៊ីវិល»។ អ្នកស្រីបានបន្តថា ការឈូសឆាយកម្ទេចនេះ គឺក្នុងចេតនាយកដាច់តែម្តង ដោយគ្មាន​ដំណោះស្រាយណាមួយ ឬផ្តល់ជាសំណាងអ្វីទាំងអស់។

បើតាមអ្នកស្រី បានឲ្យដឹងថា ក្រុមសមត្ថកិច្ចចម្រុះទាំងនេះ ក្នុងឆ្នាំ២០១៣ បានមកកាន់ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោម្តងរួចទៅហើយ តែមិនអាចអនុវត្តបាន ព្រោះតែអ្នកស្រី ជាម្ចាស់កម្មសិទ្ធិ ។ អ្នកស្រីបានបញ្ជាក់​បន្ថែមថា៖ «ឥឡូវ ២០១៥ វាមកធ្វើបានសម្រេចហើយ។ វាកម្ទេចកម្ទីអស់ហើយ លួចប្លន់ទ្រព្យសម្បត្តិខ្ញុំ​លើក​ដាក់ឡាន។ ផ្ទះរើហើយ ឈើល្អយកទៅអស់។ ឯឈឺនៅសល់កំទេចកម្ទីរ ត្រូវបានដុតចោល ឯកសារភស្តុតាង​នានា ត្រូវបានប្រមូលយកទៅអស់ហើយ។ (...) វាជាចោរ អ្នកដឹកនាំចោរ ខ្ញុំអស់ហើយពេលនេះ វាដុតហើយ​ចោទថាខ្ញុំជាអ្នកដុតទៀត។»

សកម្មភាពឈូសឆាយនេះ មិនត្រូវបានអនុញ្ញាតិឲ្យអ្នកសារព័ត៌មាន ឬអង្គការសង្គមស៊ីវិលចូលឡើយ។ តាម​មន្រ្តីប៉ូលីសក្នុងឯកសណ្ឋានជា ប៉ូលីសយុត្តិធម៌ម្នាក់ ដែលធ្វើការហាមឃាត់អ្នកសារព័ត៌មាន និងអង្គការ​សង្គម​ស៊ីវិល ពិសេសតំណាងអង្គការសហប្រជាជាតិប្រឆាំនៅកម្ពុជា ក៏មិនត្រូវបានឲ្យចូលឃ្លាំមើល បាននិយាយ​យ៉ាងខ្លីថា «ក្រុមការងារលោក មិនអនុញ្ញាតិឲ្យចូលក្នុងគោលដៅ នៃការប្រតិបត្តការនោះឡើយ»។

ភ្លាមៗនេះ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ពីអាជ្ញាធរខ័ណ្ឌដង្កោបានទេ។ ប៉ុន្តែ នៅក្នុង​កំណត់ហេតុមួយ នៃកិច្ចប្រជុំ​ ស្តីពីការទន្ទ្រានកាន់កាប់ដី ចំណុចព្រំប្រទល់តំបន់​អភិវឌ្ឍន៍​បឹង​ទំពុន បឹងជើង​ឯកស្ថិតក្នុងភូមិខ្វា លោក ប្រាជ្ញ សីហា អភិបាលរងខ័ណ្ឌដង្កោ បានថ្លែងនៅក្នុងកិច្ចប្រជុំនេះថា ដីនេះមាន​អនុក្រឹត្យ ស.ជ.ណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី និងរបស់សាលារាជធានីភ្នំពេញ។ ទីតាំងដីនេះ​កន្លងមក មិន​មានការសាងសង់រោង ឫខ្ទមនោះទេ ទើបតែមុនពេលយុទ្ធនាការបោះឆ្នោត ប្រហែលពីរខែ ទើប​មាន​ប្រជា​ពលរដ្ឋមកធ្វើការសាងសង់រោង ឫខ្ទមលើទីតាំងដីនេះ។ លោកបានថ្លែងឲ្យដឹងថា អាជ្ញាធរបាន​ចុះ​ទៅធ្វើការ​ហាមឃាត់ តែពួកគាត់នាំគ្នាធ្វើការប្រឆាំងតវ៉ា ហើយក៍មានអ្នកនយោបាយនៅពីក្រោយ​រឿងនេះ​ទៀត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...