កឹម សុខា ថា ទីលានប្រជាធិបតេយ្យកំពុងជាប់គុក
អនុប្រធានគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់លោកកឹម សុខា បានលើកឡើងថា រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា កំពុងបង្ហាញភាពខ្សោយរបស់ខ្លួន តាមរយៈការដាក់«គុក»ទីលានប្រជាធិបតេយ្យ និងគំរាមកំហែងអ្នកហ៊ានរិះគន់ និងតវ៉ា។
ច្រកចេញចូលទីលានប្រជាធិបតេយ្យ គ្រប់ច្រកល្ហកទាំងអស់ ត្រូវបានហ៊ុំព័ន្ធដោយបន្លាលួស។ (រូបថត MONOROOM.info/ C. Nita)
នយោបាយ - «ទីលានប្រជាធិបតេយ្យជាប់គុកទៅហើយ។ គឺរបងលួសព័ទ្ធជុំវិញទៅហើយ។ វាទៅជាគុកទៅហើយ វាមិនមែនទីលានប្រជាធិបតេយ្យទៀតទេ។ គណបក្សប្រជាជន បានប្រែក្លាយទីលានប្រជាធិបតេយ្យទៅជាគុក។ ដូច្នេះកន្លែងហ្នឹងទៅជាគុកហើយ»។ នេះជាការបញ្ជាក់របស់លោកកឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ក្នុងសន្និសីទសារព័ត៌មាន នៅទីស្នាក់ការកណ្តលរបស់គណបក្ស ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤។
ភ្លាមៗទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនទាន់អាចទាក់ទង មន្រ្តីរដ្ឋាភិបាល មន្រ្តីគណបក្សប្រជាជនកម្ពុជា និងមន្រ្តីពាក់ព័ន្ធផ្សេងទៀតដើម្បីធ្វើការអត្ថាធិប្បាយ បាននៅឡើយទេ។ តែលោកអភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស កាលពីថ្ងៃទី១២ មីនា ឆ្នាំ២០១៤ បានប្រកាស ថា ទីតំាងទីលានប្រជាធិបតេយ្យ នឹងត្រូវបិទមិនឲ្យមានការប្រមូលផ្តុំជួបជុំគ្នា ធ្វើបាតុកម្ម ឬបង្ហាញសិទ្ធិអ្វីទាំងអស់ រហូតដល់ការស៊ើបអង្កេតករណី អំពើហិង្សានៅផ្លូវវ៉េងស្រេង ត្រូវបានបិទបញ្ចប់។
ជាមួយគ្នានេះ គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតបានចេញផ្សាយសេចក្តីថ្លែងការណ៍របស់ខ្លួន ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ ដោយអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ ត្រូវរក្សាភាពស្ងប់ស្ងាត់ ខណៈអាជ្ញាធរកត់សម្គាល់ឃើញថា មានគណបក្សនយោបាយមួយ បានបង្ហាញបំណងចង់យកសកម្មភាពឃោសនាបោះឆ្នោត ជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត ស្រុក-ខណ្ឌ ធ្វើជាការប្រមូលផ្តុំ បាតុកម្ម ទាមទារផ្នែកនយោបាយទៅវិញ។
ក្នុងថ្ងៃការប្រារព្ធទិវាពលកម្មអន្តរជាតិទី០១ ខែឧសភា ឆ្នាំ២០១៤ នេះលោកសម រង្ស៊ី និងលោកកឹម សុខា ជាថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ បានដឹកនាំអ្នកគាំទ្រ និងកម្មករច្រើនរយនាក់ ប្រមូលផ្តុំលើស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យដើម្បីសម្តែងពីសិទ្ធិ និងលើកឡើងពីកង្វល់ផ្សេងៗ ខណៈទីលានប្រជាធិបតេយ្យហុំព័ទ្ធដោយបន្លាលួស។ ក្រោយបញ្ចប់ការប្រមូលផ្តុំនោះ យ៉ាងហោចណាស់មានអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ និងកម្មករចំនួនប្រាំនាក់ ត្រូវបានក្រុមសន្តិសុខសាលារាជធានីភ្នំពេញ វាយឲ្យរងរបួស។
លោកកឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ បានអះអាង ក្នុងសន្និសីទសារព័ត៌មាន ថា នៅពេលដែលគណបក្សប្រជាជនកម្ពុជា បានប្រែក្លាយទីលានប្រជាធិបតេយ្យ ទៅជាទីលានជាប់គុក វាបានជំរុញឲ្យគណបក្សសង្រ្គោះជាតិ គ្មានជម្រើសអ្វីផ្សេង ក្រៅពីការបង្កើតទីលានប្រជាធិបតេយ្យថ្មី ក្បែរទីលានប្រជាធិបតេយ្យចាស់។ អនុប្រធានគណបក្សជំទាស់ រូបនេះសង្កត់ធ្ងន់ថា៖ «គណបក្សសង្រ្គោះជាតិ យកច្បាប់ជាមូលដ្ឋាន។ អត់មានមកស្តាប់បញ្ជា អាជ្ញាធរឲ្យធ្វើ មិនឲ្យធ្វើទេ គឺយកច្បាប់បោះឆ្នោតជាមូលដ្ឋាន៕»
-------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០១ ឧសភា ២០១៤