ទិវា១ឧសភា៖ មនុស្សវិកលចរិកបើកឡានមកអុកឡុក ផ្អើលស្ពាននាគ
ប្រជាពលរដ្ឋដែលមកចូលរួមទិវាពលកម្មអន្តរជាតិ ១ឧសភា កំពុងតែស្រែកហ៊ោគាំទ្រជាមួយការថ្លែងសាររបស់លោកសម រង្ស៊ី និងលោក កឹម សុខា ស្រាប់តែមានស្រ្តីម្នាក់ដែលទំនងមានសតិមិនល្អ បើកឡានតម្រង់មក បានធ្វើឱ្យការភ្ញាក់ផ្អើលមួយ បានផ្ទុះឡើង។
ស្ត្រីអ្នកបើកបរ សម្រុកបុកហ្វូងមនុស្ស រាំនៅក្នុងឡាន។ (រូបថត MONOROOM.info/ C. Nita)
ប្លែកៗ - ហេតុការណ៍មួយ បានកើតឡើងធ្វើឱ្យប្រជារដ្ឋផ្អើលឆោឡោមកមើល ស្របពេលដែលលោក សម រង្ស៊ី លោក កឹម សុខា កំពុងថ្លែងសាទៅកាន់អ្នកចូលរួមនៅក្បែរស្ពាននាគ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤នេះ ខណៈពេលមានស្រ្តីម្នាក់ ដែលមានកាយវិការមើលទៅដូចជាមនុស្សវិកលចរិក បើឡានពណ៌សមួយតម្រង់ឆ្លងកាត់ផ្លូវស្ពាននាគនោះ។
បុរសជាសាក្សីម្នាក់ ដែលនៅកន្លែងនោះផ្ទាល់មុនពេលមានការឃាត់រថយន្តឱ្យឈប់ បានបញ្ជាក់ថា ស្រ្តីម្នាក់នេះមិនមែនជាមនុស្សឆ្កួតនោះទេ តែនាងគ្រាន់តែធ្វើដើម្បីបន្លំពីការជេររបស់ក្រុមអ្នកតវ៉ាតែប៉ុណ្ណោះ។ លោកថាស្រ្តីម្នាក់នោះ បានបើកឡានលឿនកុំតែប្រជាពលរដ្ឋជួយទប់ទាន់ កុំអីប្រហែលជានឹងបុកគេឯងឱ្យរបួសជាមិនខាន។ បុរសដែលមាឌធំរូបនេះ ចោទប្រកាន់ស្រ្តីរូបនោះថា៖ «វាបើកឡានមកបង្កហេតុចង់បុកគេ»។
អ្វីដែលធ្វើឱ្យគេមានការងឿងឆ្ងល់នោះ ថាតើហេតុអ្វីបានជាមនុស្សឆ្កួតចេះបើកឡាន តើនាងមានឡានមកពីណាមកបើក ហើយហេតុអ្វី បានជាក្រុមគ្រួសារបណ្តោយឱ្យមនុស្សដែលមានសតិមិនល្អ បើកបរដោយខ្លួនឯងយ៉ាងដូចច្នេះ?
បន្ទាប់ពីចោទសួរនូវសំនួរទាំងនេះ ប្រជាពលដែលបានមកចូលរួមប្រារព្វទិវាលកម្មអន្តរជាតិ បានចោទស្រីនោះថា ជាយួនមកដើម្បីបង្កចលាចល និងបានវាយឡានរបស់ស្រ្តីរូបនោះ។ ចំណែកឯស្រ្តីដែលគេមិនជឿថា ជាមនុស្សវិកលចរិកនោះ បើទោះបីជាមានការចោមរោមពីមហាជន វាយឡានរបស់នាងក៏ដោយ ប៉ុន្តែនាងមិនមានការភ្ញាក់ផ្អើលអ្វីនោះទេ ស្រ្តីមិនស្គាល់អត្តសញ្ញាណរូបនោះ នៅតែមានកាយវិការសើចសប្បាយ ដូចមនុស្សវិកលចរិកពិតៗទៅវិញ។
ក្រោយពីមានការឆោឡោ និងចោទប្រកាន់ស្រ្តីនោះ ថាជាការរៀបចំល្បិច ដើម្បីបង្អាក់សកម្មភាពនៅលើដងមហាវិថីព្រះនរោត្តមនោះរួច ប៉ូលីសរក្សាសណ្តាប់ធ្នាប់ចរាចរណ៍ បានស្ទួងរថយន្តដែលមានស្រ្តវិកលចរិកនោះ នៅក្នុងឡានទៅទុកដោះស្រាយនៅសាលាខណ្ឌ៕
ស្ត្រីអ្នកបើកបរ សម្រុកបុកហ្វូងមនុស្ស រាំនៅក្នុងឡាន។ (រូបថត MONOROOM.info/ C. Nita)
ស្ត្រីអ្នកបើកបរ សម្រុកបុកហ្វូងមនុស្ស រាំនៅក្នុងឡាន។ (រូបថត MONOROOM.info/ C. Nita)
-----------------------------------------------
ដោយ ក.ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០១ ឧសភា ២០១៤