កម្ពុជា៖ កម្មករនិងសហជីប ទាមទារឲ្យតុលាការខេត្តកំពង់ស្ពឺដោះលែងតំណាងពួកគេ
កំពង់ស្ពឺ៖ កម្មករ កម្មការិនី ប្រមាណជា១០០០នាក់ មកពីរោងចក្រ សាប៊្រីណា (Sabrina) បានមកឈរទាមទារនៅខាងមុខសាលាដំបូងខេត្តកំពង់ស្ពឺ ក្រោមតំណក់ទឹកភ្លៀង ដើម្បីស្នើរសុំឲ្យមន្ត្រីតុលាការខេត្ត ធ្វើការដោះលែងតំណាង៨នាក់របស់ពួកគេ ដែលឃាត់ខ្លួនកាលពីថ្ងៃច័ន្ទ បន្ទាប់ពីការប៉ះទង្គិចគ្នារវាងកម្មករ និងមន្ត្រីសមត្ថកិច្ច ហើយត្រូវបានតុលាការធ្វើការចោទប្រកាន់ចំនួនពីរបទល្មើស។
ក្រុមកម្មករ កម្មការិនី កំពុងឈរនៅហាលភ្លៀង ដើម្បីរងចាំដំណោះស្រាយ នៅខាងមុខតុលាការខេត្តកំពង់ស្អឺ។ (រូបថត REUTERS/Samrang-Pring)
បើទោះបីជាមានភ្លៀងធ្លាក់ យ៉ាងខ្លាំងក៏ដោយ ក៏កម្មការិនីទាំងនោះបន្តឈរនៅខាងមុខសាលាដំបូង ក្រោមដំណក់ទឹកភ្លៀងដោយឈរកាន់បដាព៌ណស ដែលសសេរដោយប៊ិចព៌ណខ្មៅ ដែលមានន័យថា «សុំតុលាការមេត្តាដោះលែងតំណាងកម្មករទាំង៨នាក់» នៅខណៈកំលាំងសមត្ថកិច្ច មន្ត្រីកងរាជអាវុធហត្ថ និងប៉ូលីស ដែលកាន់ដោយខែល ដំបង សរុបប្រមាណជា១០០នាក់ បានរត់ចូលច្រកភ្លៀង នៅក្នុងបរិវេណតុលាការក៏ដោយ។
កម្មការិនីស្រី ពៅ អាយុ ២៩ ឆ្នាំ ដែលបានបម្រើការងារនៅក្នុងរោងចក្រ Sabrina ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សម្លៀកបំពាក់ឲ្យក្រុមហ៊ុន Nike របស់អាមេរិក បានចំនួនបីឆ្នាំបានថ្លែងឲ្យដឹងថា កម្មការិនីទាំងអស់ពុំទាន់បាន ជូបតំណាងរបស់ខ្លួននោះទេ ចាប់តាំងពីថ្ងៃចាប់ខ្លួនមក។ កញ្ញាបានថ្លែងឲ្យដឹងថា ៖ «ពួកខ្ញុំបាននាំគ្នាទៅពន្ធនាគារ តែមន្ត្រីពន្ធនាគារឲ្យពួកយើងមកតុលាការ មកព្រោះអីគេនឹងបញ្ជូនមកតុលាការ នៅពេលល្ងាច។ ពួកខ្ញុំសូមឲ្យតុលាការធ្វើការដោះលែងពួកគាត់ ឲ្យមានសេរីភាពវិញ ពីព្រោះអីគាត់ពុំបានធ្វើខុស ដូចដែលប៉ូលីសចោទនោះទេ»។
កម្មការិនីមួយចំនួនបានឈរ នៅក្រោមដើមឈើ ខ្លះពាក់អាវភ្លៀង ខ្លះទទូលឆ័ត្រ រីឯកម្មការិនីមួយចំនួនធំឈរដោយផ្ទាល់ក្រោមតំណក់ទឹកភ្លៀងតែម្តង ដោយភ្នែកសំឡឹងរំពៃរ៍ទៅ រកតុលាការរងចាំមេធាវីរបស់តំណាងរបស់ពួកគេ។ កម្មការិនី ជ័យ ចន្ត្រា ដែលបំរើការងារនៅក្នុងរោងចក្រ បានរយៈពេល៧ឆ្នាំបានថ្លែងឲ្យដឹងថា តំណាងរបស់នាង គ្រាន់តែមកជួយកម្មករនៅពេលតវ៉ាសោះ ត្រូវបានគេចាប់ដាក់គុកទៅវិញ។ នាងបានថ្លែងឲ្យដឹងទៀតថា ៖«នៅថ្ងៃកើតហេតុ មានលឺសំលេងគេស្រែកពីខាងក្នុងរោងចក្រថា មានកម្មករត្រូវបានគេឆក់ គាត់ក៏រត់ចូលទៅមើល ស្រាប់តែគេចាប់គាត់តែម្តង។ គាត់គ្មានកំហុសនោះទេ សុំមេត្តាតុលាការដោះលែងគាត់ ឲ្យមានសេរីភាពវិញមក ដើម្បីផ្តល់យុត្តិធម៌ដល់គាត់»។
ភរិយារបស់តំណាងសហជីសេរីកម្មករដែលត្រូវបានឃាត់ខ្លួននៅក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ អ្នកស្រី នី ឌី ណា បានថ្លែងទាំងទឹកមុខស្រពោនថា ខាងមន្ត្រីពន្ធនាគារបាន បដិសេធពុំឲ្យអ្នកស្រីចូលជូបប្តីរបស់អ្នកស្រីនោះទេ ចាប់តាំងពីថ្ងៃបញ្ជូនខ្លួនមកពន្ធនាគារខេត្តមក។ អ្នកស្រីបានថ្លែងឲ្យដឹងទៀតថា ៖ «គេបដិសេធមិនឲ្យខ្ញុំជូបក៏ហីចុះ ឲ្យតែគេទទួលយកបាយពីខ្ញុំទៅឲ្យប្តីខ្ញុំតែគេបដិសេធទៀត។ ប្តីខ្ញុំគាត់គ្មានអីហូបតាំងពីថ្ងៃទី៣មក»។
លោក មេធាវី កៅ ទី ដែលជាមេធាវីតំណាងឲ្យជនរងគ្រោះបានថ្លែងឲ្យដឹងថា កូនក្តីរបស់លោកទាំង៨នាក់ត្រូវបានបញ្ជូន ពីក្រសួងមហាផ្ទៃមកពន្ធនាគារ ខេត្តកំពង់ស្ពីនៅថ្ងៃទី៤ ហើយ ត្រូវបានតុលាការធ្វើការចោទប្រកាន់ចំនួនពីរបទល្មើស គឺផ្តើមគំនិតធ្វើឲ្យមានហឹង្សា ដោយចេតនាដែលមានស្ថានទម្ងន់ទោស ផ្តើមគំនិតធ្វើឲ្យមានការខូចខាតដោយចេតនាដែលមានស្ថានទម្ងន់ទោស។ លោកបានឲ្យដឹងទៀតថា ៖«ខ្ញុំនឹងដាក់ពាក្យមកតុលាការ ដើម្បីធានាកូនក្តីរបស់ខ្ញុំ ឲ្យនៅក្រៅឃុំនៅព្រឹកនេះពីព្រោះខ្ញុំត្រូវធ្វើការសិក្សារសំណុំរឿងឲ្យបានច្បាស់សិន។ តាមពិតតុលាការ ធ្វើការចោទប្រកាន់ចំនួន១៦នាក់ មិនមែនតែ៨នាក់ ដែលបានឃុំខ្លួននោះទេ»។
លោក ឆឹម រិទ្ធី ចៅក្រមសាលាដំបូងខេត្តកំពង់ស្ពឺដែលកាន់សុំណុំរឿងនោះបានថ្លែងឲ្យដឹងថា កម្មករទាំង៨នាក់នោះត្រូវបាន ចោទប្រកាន់ចំនួនពីរបទល្មើស គឺផ្តើមគំនិតធ្វើឲ្យមានហឹង្សាដោយចេតនា ផ្តើមគំនិតធ្វើឲ្យមានការខូចខាតដោយចេតនា ដែលមានស្ថានទម្ងន់ទោស។
កាលពីព្រឹកថ្ងៃចន្ទ ទី០៣ ខែមិថុនា សមាជិកសហជីពសរីកម្មករចំនួន៣នាក់និងកម្មករចំនួន៥នាក់ ដែលសរុបមានចំនួន៨នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធនឹងការញុះញង់កម្មករឲ្យប្រើអំពើហិង្សា ដែលបណ្តាលឲ្យមានការប៉ះទង្គិច ក្នុងកូដកម្មតវ៉ានៅរោងចក្រកាត់ដេរ សាប្រ៊ីណា ហើយក៏បានបង្ករឲ្យរបួសដល់ភាគីទាំងសងខាង ដែលនៅក្នុងនោះក៏មន្រ្តីនគរបាល៩នាក់ បានរងរបួសធ្ងន់ ខណៈចូលទៅធ្វើអន្តរាគមន៍ក្នុងការប៉ះទង្គិចគ្នានោះ។
លោកជា មុន្នី ប្រធានសហជីពសេរីកម្មករកម្ពុជាបានថ្លែងឲ្យដឹងថា លោកសុំបដិសេធចំពោះការចោទប្រកាន់ របស់តុលាការមកលើមន្ត្រីសហជីពរបស់លោក និងកម្មករ៥នាក់នោះ។ លោកអំពាវនាវឲ្យតុលាការ ធ្វើការដោះលែងពួកគេទាំង៨នាក់ឲ្យនៅក្រៅឃុំ ដើម្បីឲ្យតុលាការធ្វើស៊ើបអង្កេតដោយឯករាជ្យ ដោយពុំធ្វើការស៊ើបអង្កេត តាមតែរបាយការណ៍របស់ប៉ូលីសនោះឡើយ។ លោកបានបញ្ជាក់ថា ៖«យើងស្អប់ខ្ពើមណាស់ គឺធ្វើយ៉ាងណា កុំឲ្យមានការស៊ើបអង្កេត ដូចករណីជា វិជ្ជានោះ គឺត្រូវធ្វើការស៊ើបអង្កេតដោយឯករាជ្យ»៕
----------------------------------------------------
ដោយ៖ គិន ង៉ុយ - ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ