សហជីព និងសង្គមស៊ីវិល​ស្នើ​ឲ្យ​រដ្ឋាភិបាល​ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​អេសអិល

មន្រ្តីសហជីព និងសង្គមស៊ីវិល ស្នើឲ្យរដ្ឋាភិបាលដកអជ្ញាប័ណ្ណក្រុមហ៊ុនអេសអិល បើទោះបីជាមានបទបញ្ជា​ផ្ទាល់មាត់​ពី​លោក ហ៊ុន សែន និងសេចក្តីជូនដំណឹងពីរដ្ឋាភិបាលកម្ពុជា ឲ្យថៅកែរោចក្រអេសអិល ទទួលយកកម្មករ១៩ នាក់ឲ្យ​ចូល​ធ្វើការវិញ និងបន្តដោះស្រាយបញ្ហាដោយសន្តិវិធីក៏ដោយ ក៏ភាគីថៅកែរោងចក្រនៅតែរឹងត្អឹង​មិនធ្វើតាមការបង្គាប់​បញ្ជា​របស់រដ្ឋាភិបាលនោះទេ។ ការណ៍នេះ បានធ្វើឲ្យមន្រ្តីសហជីព និងអង្គការសិទ្ធិមនុស្សនៅកម្ពុជា សម្តែងការ​សោក​ស្តាយ និងស្នើឲ្យរដ្ឋាភិបាលដកអាជ្ញាប័ណ្ណក្រុមហ៊ុននេះជាបន្ទាន់។
Loading...
  • ដោយ: ជា ធីរិទ្ធ
  • កែប្រែចុងក្រោយ: November 22, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើទោះបីជាមានបទបញ្ជា​ផ្ទាល់មាត់​ពី​លោក ហ៊ុន សែន និងសេចក្តីជូនដំណឹងពីរដ្ឋាភិបាលកម្ពុជា ឲ្យថៅកែរោងចក្រ​អេសអិល ទទួលយកកម្មករ១៩ នាក់ឲ្យ​ចូល​ធ្វើការវិញ និងបន្តដោះស្រាយបញ្ហាដោយសន្តិវិធីក៏ដោយ ក៏ភាគីថៅកែ​រោងចក្រនៅតែរឹងត្អឹង​មិនធ្វើតាមការបង្គាប់​បញ្ជា​របស់រដ្ឋាភិបាលនោះទេ។ ការណ៍នេះ បានធ្វើឲ្យមន្រ្តីសហជីព និង​អង្គការសិទ្ធិមនុស្សនៅកម្ពុជា សម្តែងការ​សោក​ស្តាយ និងស្នើឲ្យរដ្ឋាភិបាលដកអាជ្ញាប័ណ្ណក្រុមហ៊ុននេះជាបន្ទាន់។


ក្រុមកម្មករអ្នកធ្វើបាតុកម្ម បានលើកបង្ហាញ«រូបសម្ដេចៗ» នៅមុខផ្ទះ«សម្ដេច»នាយករដ្ឋមន្ត្រី នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

វិវាតការងារ - គិតមកទល់ពេលនេះ បញ្ហានៅរោងចក្រកាត់ដេ អេសអិល(SL) បានផ្ទុះឡើងជាង ៩៩ ថ្ងៃកន្លងមកហើយ ដែលក្រុមកម្មករបានធ្វើពិហិការមិនចូលធ្វើការ ដោយនូវតែបន្តទាមទារ នូវលក្ខខណ្ឌការងារមួយចំនួន ពីថៅកែរោងចក្រ​នេះ ឲ្យអនុវត្តតាមច្បាប់ការងារកម្ពុជា។ ហើយមកទល់នឹងពេលនេះ ជម្លោះនៅរោងចក្រ អេសអិល នៅតែមិនអាចរកច្រក​អាច​ទម្លោះទម្លាយនូវបញ្ហាដែលកើតមានឡើងបានទេ បើទោះណាជាមានការអន្តរាគមន៍ពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន សែន ក្តី ក៏ភាគីថៅកែរោងចក្រនៅតែមិនអនុវត្តតាមនោះដែរ។

ប្រធានសហព័ន្ធសហជីពកម្ពុជា លោក រ៉ុង ឈុន បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុសំឡេងសហរដ្ឋអាមេរិកVOA កាលពីយប់ម្សិលមិញថា ជម្លោះនៅរោចក្រ SL នៅតែគ្មានដំណោះស្រាយដដែលមកទល់នឹងពេលនេះ ដោយភាគីថៅកែ​រោងចក្រនៅតែសម្តែងអាការៈក្រអើតក្រទម មិនទទួលយកក្រុមកម្មករឲ្យចូលធ្វើការ តាមសំណើររបស់​រដ្ឋាភិបាលកម្ពុជា​នោះទេ។ លោក រ៉ុង ឈុន បាននិយាយឆ្លៀតចំអកឲ្យលោក ហ៊ុន សែន ថា «វាជាការអាម៉ាសណាស់ ដែលនាយករដ្ឋមន្រ្តី​ខ្មែរមានតួនាទីធំ បែរជាគ្មានឥទ្ធពលអ្វីទាល់តែសោះ ទៅលើថៅកែក្រុមហ៊ុន កំប៉ិកកំប៉ុកបែបនេះ»។

ប្រធានសហព័ន្ធសហជីពកម្ពុជារូបនេះបន្តថា រដ្ឋាភិបាលកម្ពុជា ត្រូវតែជាអ្នកទទួលខុសត្រូវក្នុងបញ្ហានេះ​មុនគេមិនអាច​នៅ​ស្ញៀមបានទេ ហើយត្រូវចាត់វិធានការជាបន្ទាន់ តាមរយៈការដកអជ្ញាប័ណ្ណចំពោះថៅកែរោងចក្រ អេសអិលនេះ ឲ្យគោរព​តាមបទបញ្ជារបស់រដ្ឋាភិបាល និងអនុវត្តតាមច្បាប់ការងារនៅក្នុងប្រទេសកម្ពុជាឲ្យបានពេញលេញ ដោយមិនត្រូវឲ្យថៅកែ​រោងចក្រធ្វើអ្វីតាមតែទំនើងចិត្តរបស់ខ្លួន ធ្វើបាបកម្មករ-កម្មការិនីខ្មែរនោះឡើយ។

ថ្លែងក្នុងវិទ្យុបរទេសនោះដដែល លោក ចាន់ សុវ៉េត មន្រ្តីជាន់ខ្ពស់អង្គការសិទ្ធិមនុស្សអាដហុក បាន​និយាយ​ចំៗ ដោយ​តម្រូវឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវមានចំណាត់ការជាបន្ទាន់ ដើម្បីដកអជ្ញាប័ណ្ណរោចក្រ អេសអិល នេះ ឈប់ឲ្យ​ដំណើរការ​វិនិយោគនៅក្នុងប្រទេសកម្ពុជាបន្តទៀត។ លោក ចាន់ សុវ៉េត បន្តថា ថៅកែរោងចក្រនេះ ធ្វើបាបកម្មករខ្លាំងណាស់​តាំង​ពីដើមរៀងមក ហើយបើទុកឲ្យធ្វើវិនិយោគនៅក្នុងស្រុកខ្មែរបន្តទៀត គ្មានចំណេញអ្វីឡើយសម្រាប់កម្ពុជា មានតែការ​ខាត​បង់និងខូចមុខមាត់ប្រទេស នៅក្នុងឆាកអន្តរជាតិតែប៉ុណ្ណោះ។

មន្រ្តីសិទ្ធិមនុស្សរូបនេះ បានបន្តថា ថៅកែរោចក្រដែលមកវិនិយោគនៅក្នុងស្រុកខ្មែរបែបនេះ មិនត្រូវឲ្យមាននៅកម្ពុជា​ទៀត​នោះទេ ពីព្រោះថា មិនគោរពច្បាប់កម្ពុជា។ លោក សុវ៉េត បានថ្លែងចំអកឲ្យថៅកែរោងចក្រនេះថា អ្នកវិនិយោគបរទេសមក​ធ្វើនៅកម្ពុជា ដែលរលោភបំពាន សិទ្ធិកម្មករ និងច្បាប់ការងារបែបនេះ ទុកឲ្យវិនិយោគនៅប្រទេសដទៃ ហើយរំលោភ​ច្បាប់​នៅប្រទេសផ្សេងទៀតទៅ តែសម្រាប់ពលរដ្ឋខ្មែរមិនអាចទទួលយកបាននោះទេ។

យ៉ាងណាក៏ដោយលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានថ្លែងថា រដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្លាំង​ណាស់ក្នុងការដោះស្រាយនូវបញ្ហានៅរោងចក្រ អេសអិល នេះ។ តែលោកថា រដ្ឋាភិបាលបានជូនដំណឹងឲ្យម្ចាស់​ក្រុមហ៊ុន​អនុវត្តរួចហើយ តែត្រង់ថា ថៅកែរោចក្រធ្វើបែបណានោះ សម្រេចតែទៅលើម្ចាស់ក្រុមហ៊ុននោះទេ។

ការលើកឡើងរបស់អ្នកនាំពាក្យបែបនេះ លោក រ៉ុង ឈុន បានរិះគន់ថា ជាការមិនត្រឹមត្រូវនោះទេ ពីព្រោះរដ្ឋាភិបាល​តំណាងឲ្យប្រទេសកម្ពុជាទាំងមូល មិនអាចឈរមើលថៅកែរោងចក្រមួយធ្វើអ្វីតាមតែចិត្តខ្លួននោះឡើយ គឺរដ្ឋាភិបាល​ត្រូវតែចេញមុខចាត់វិធានការចំពោះក្រុមហ៊ុន នេះឲ្យបានជាដាច់ខាត។

សូមបញ្ចាក់ថា បន្ទាប់ពីមានការផ្ទុះអំពើហិង្សានៅជិតវត្តស្ទឹងមានជ័យរវាងក្រុមកម្មករ ជាមួយនឹងអជ្ញាធររាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែវិច្ឆិកាកន្លងទៅ ដែលបានបណ្តាលឲ្យប្រជាពលរដ្ឋអ្នកលក់បាយម្នាក់បានស្លាប់ និងកម្មករជាច្រើន​នាក់​ផ្សេងទៀត បានរងរបួស។ រដ្ឋាភិបាលកម្ពុជា បានចេញមុខធ្វើអន្តរាគន៍ ដោយបញ្ជាឲ្យថៅកែរោងចក្រដោះស្រាយ​ជាមួយ​ក្រុមកម្មករដោយសន្តិវិធី និងទទួលយកក្រុមកម្មករទាំង ១៩ នាក់ ដែលភាគីរោងចក្របញ្ឈប់ឲ្យចូលធ្វើការវិញ។ តែ​ភាគី​ថៅកែរោងចក្របានបដិសេធមិនធ្វើតាមនោះទេ ហើយថែមទាំងលើកពេលជួបចរចាគ្នាជាមួយមន្រ្តីក្រសួងការងារ និង​សហជីពទៀតផង។ ការណ៍នេះ ត្រូវបានគេមើលឃើញថា ថៅកែរោងចក្រ អេសអិល មិនបានឲ្យតម្លៃរដ្ឋាភិបាលកម្ពុជា និងច្បាប់ការងាកម្មករខ្មែរឡើយ៕

---------------------------------------------------------
ដោយ៖ ជា ធីរិទ្ធ - ភ្នំពេញថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...