ចាន់ សូវ៉េត៖ មូលហេតុ​ប្រាំ​យ៉ាង​ នៃ​ការ​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា

ផលវិបាកនិងការព្រួយបារម្ភ ពីស្ថានភាពនៃការថយចុះព្រៃឈើនៅកម្ពុជា តាមរយៈការកាប់បំផ្លាញ ការដឹកជញ្ជូននូវឈើ​ប្រណិតៗដោយចំហរ យ៉ាងគគ្រឹកគគ្រេង ដោយអាណាធិតេយ្យ ពីសំណាក់ឈ្មួញរក«ស៊ី»ឈើ ដោយគ្មានការទប់ស្កាត់ និងការយកចិត្តទុកដាក់ធ្វើការស៊ើបអង្កេតឲ្យមានប្រសិទ្ធិភាពពីរដ្ឋាភិបាល ទោះបីជាមានការស្នើសុំអន្តរាគម​ពីអង្គការ​សង្គមស៊ីវិល មានការផ្សព្វផ្សាយដោយប្រជាសហគមន៍តាមរយៈប្រព័ន្ធផ្សព្វផ្សាយក៏ដោយ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: November 25, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ផលវិបាកនិងការព្រួយបារម្ភ ពីស្ថានភាពនៃការថយចុះព្រៃឈើនៅកម្ពុជា តាមរយៈការកាប់បំផ្លាញ ការដឹកជញ្ជូននូវឈើ​ប្រណិតៗដោយចំហរ យ៉ាងគគ្រឹកគគ្រេង ដោយអាណាធិតេយ្យ ពីសំណាក់ឈ្មួញរក«ស៊ី»ឈើ ដោយគ្មានការទប់ស្កាត់ និងការយកចិត្តទុកដាក់ធ្វើការស៊ើបអង្កេតឲ្យមានប្រសិទ្ធិភាពពីរដ្ឋាភិបាល ទោះបីជាមានការស្នើសុំអន្តរាគម​ពីអង្គការ​សង្គមស៊ីវិល មានការផ្សព្វផ្សាយដោយប្រជាសហគមន៍តាមរយៈប្រព័ន្ធផ្សព្វផ្សាយក៏ដោយ។


ការកាប់បំផ្លាញព្រៃឈើ ក្នុងតំបន់មួយនៅខេត្តរតនាគីរី។ (រូបថត stephaucambodge)

ព្រៃឈើកម្ពុជា - ព្រៃឈើតាមជួរភ្នំក្រវ៉ាញ តំបន់ព្រៃឡង់ តំបន់ព្រៃពឹងពែរ តំបន់ឱរ៉ាល់ ខេត្តសៀមរាប ខេត្ត​ឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តរតនៈគីរី ខេត្តមណ្ឌលគីរី និងខេត្តកំពង់ស្ពឺ គេកត់សម្គាល់ឃើញថា មានក្រុមហ៊ុនចំនួន១៨ ដែលទទួលបានដីសម្បទានសេដ្ឋកិច្ច ពីរដ្ឋាភិបាល។ ជាមួយគ្នានេះ ក្នុងខេត្តកោះកុង ខេត្ត​ពោធិ៍សាត់ ខេត្តស្ទឹងត្រែង ខេត្តរតនៈគីរី តាមជួរដងទន្លេបី ដែលជាគម្រោងនៃការសាងសង់ទំនប់វារីអគី្គសនី ជាង៦០កន្លែង​របស់រដ្ឋាភិបាលជាមួយក្រុមហ៊ុនឯកជន បានរងនូវការកាប់បំផ្លាញយ៉ាងធ្ងន់ធ្ងបំផុត។ នេះបើយោងតាម​សេចក្តីថ្លែងការណ៍​រួម របស់អង្គការសង្គមស៊ីវិល។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់អង្គការសិទ្ធិមនុស្សអាដហុក លោក ចាន់ សូវ៉េត ក្នុងសន្និសិទកាសែតកាលពីថ្ងៃទី២៥ ខែ​វិច្ឆិកានេះ បានបញ្ជាក់នូវមូលហេតុប្រាំយ៉ាង ដែលនាំឲ្យមានការកាប់រានទន្រ្ទានដីព្រៃឈើនៅកម្ពុជាដូចខាងក្រោម៖

១. ការផ្តល់ដីសម្បទានសេដ្ឋកិច្ច ដែលមិនមែនជាដីព្រៃរិចរិល ឬព្រៃបាត់បង់ប្រយោជន៍ ទៅឲ្យក្រុមហ៊ុនកាប់ប្រមូលឈើ ជាមួយនឹងភាពខ្វះខាតក្នុងការអនុវត្តន៍ច្បាប់របស់មន្រ្តីរដ្ឋាភិបាលក្នុងការគ្រប់គ្រង។

២. ការអភិវឌ្ឈន៍គម្រោងថាមពលវារីអគ្គីសនី ដែលបច្ចុប្បន្នមានជាង១០កន្លែង កំពុងសាងសង់នៅតាមដងទន្លេ​ទាំងបី​ ក្នុងខេត្តរតនៈគីរី ខេត្តស្ទឹងត្រែង ខេត្តកោះកុង ខេត្តពោធិ៍សាត់ជាដើមរងនូវការកាប់បំផ្លាញដីព្រៃរាប់សែនហិកតា និងបាន​ប៉ះពាល់បរិដ្ឋានធម្មជាតិយ៉ាងធ្ងន់ធ្ងរ។

៣. ដោយសារតម្លៃឈើលើទីផ្សារខ្ពស់ ដែលជាមូលហេតុនាំឲ្យប្រជាពលរដ្ឋមួយចំនួនដែលបំពុងខ្វះខាតខាងជីវភាព និង​មិនសូវមានការយល់ដឹង ត្រូវបានឈ្មួញមានអំណាចធ្វើការអូសទាញឲ្យចូល ព្រៃកាប់ឈើ ជាពិសេសក្នុងតំបន់ហាមឃាត់ ដើម្បីលក់ឲ្យពួកគេ ឬយកទៅលក់នៅកន្លែងកែឆ្នៃធ្វើគ្រឿងសង្ហារឹមជាដើម។

៤. ប្រជាពលរដ្ឋចំណាកស្រុក បាននាំគ្នាទៅកាប់ព្រៃឈើ ដើម្បីយកដីធ្វើមុខរបរកសិកម្ម កាប់ឈើដុតយកធ្យូង ឬស៊ីឈ្នួល​កាប់ព្រៃឈើយកដីទៅលក់ឲ្យឈ្មួញជាដើម។ ជាមួយគ្នានេះមន្រ្តីមានអំណាច និងឧកញ្ញាមួយចំនួន​ក៏បានទៅវាទីកាប់​ព្រៃឈើ យកធ្វើកសិដ្ឋានសំអាងលើតួនាទី និងធ្វើកន្លែងស្តុកឈើ។

៥. ក្រោយពីមានវិបត្តិព្រំដែនព្រះវិហារ ការចល័ត និងដោះដូរទីតាំងកងទ័ពបានធ្វើឡើង ជាញឹកញាប់លើផ្ទៃដី​រាប់ពាន់​ហិកតា ពិសេសលើដីព្រៃឈើក្រាស់ៗ និងកាប់ទន្ទ្រានយកដី និងព្រៃឈើ។ ជាមួយគ្នានេះដែរក្រុមកម្លាំងប្រដាប់អាវុធ បានក្លាយទៅជាឈ្មួញរកស៊ីឈើ និងក៏ក្លាយជាឧបករណ៍ចូលកាប់ព្រៃឈើឲ្យឈ្មួញ ឬក៏ក្លាយជាឈ្មួញដែលរង់ចាំទទួល និងប្រមូលទិញឈើ ពិសេសនៅតាមច្រកព្រំដែនមួយចំនួនដូចជាព្រះវិហារ បន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង ពោធិ៍សាត់ និងឧត្តមានជ័យ។

មន្ត្រីរូបនេះបានបន្តរថា បញ្ហាទាំងប្រាំខាងលើនេះ ដោយសារតែការអនុវត្តច្បាប់ដែលមានជាធរមាន របស់បន្រ្តីរាជការ​គ្មានតម្លាភាព គ្មានគណនេយ្យភាព គ្មានការសិក្សាពីផលប៉ះពាល់ និងមិនបានតាមដាននូសកម្មភាពកាប់ឈើ​របស់ក្រុម​ហ៊ុន​មតាមកិច្ចសន្យា ជាពិសេសមិនព្រមទទួលយកសំណើរបស់សង្គមស៊ីវិល។ ជាមួយគ្នានេះចាត់វិធានការ​នៃការបង្ក្រាប​ព្រៃឈើរបស់រដ្ឋាភិបាលមានភាពយឺតយ៉ាវ ឯការអនុវត្តទោសទៅលើជនប្រព្រឹត្តល្មើស ធ្វើបានតែទៅលើប្រជាពលរដ្ឋ​តូច​តាច។

លោកបន្តរថាក្នុងនាមអង្គការសង្គមស៊ីវិល សូមអំពាវនាវជាថ្មីយ៉ាងទទូច ដល់ស្ថាប័នរាជរដ្ឋាភិបាល ជួយចាត់​វិធានការ​ឲ្យបានទាន់ពេលវេលា ក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ និងធ្វើការផ្តន្ទាទោសទៅលើជនល្មើស ជាសមគំនិត ពិសេស​បញ្ឈប់នូវក្រុមហ៊ុនដែលរកស៊ីកាប់បំផ្លាញព្រៃឈើ ដើម្បីរក្សាព្រៃដែលនៅសេសសល់ឲ្យបានគង់វង្ស។

លោកបានបញ្ជាក់ជាចុងក្រោយថា បើគ្មានដំណោះស្រាយ ឬការស៊ើបអង្កេតណាមួយពីរដ្ឋាភិបាល​ចំពោះបញ្ហា​នៃការ​កាប់​បំផ្លាញ​ព្រៃឈើនោះទេ ក្រុមអង្គការសង្គមស៊ីវិលនឹងដាក់ពាក្យបណ្តឹង ទៅស្ថាប័នពាក់ព័ន្ធលើ​មនុស្សជាង១០០នាក់ ដែល​លេចធ្លោជាងគេ ក្នុងការកាប់បំផ្លាញព្រៃឈើក្នុងពេលបច្ចុប្បន្ននេះ ដែលជាប្រជាពលរដ្ឋ ជាមន្ត្រីប៉ូលីស ទាហាន ឧកញា​ជាដើមដែលយើងបានស្គាល់អត្តសញ្ញាណ។ «យើងមិនទាន់បញ្ចេញជាសាធារណៈ ព្រោះវាពាក់ពន្ធ័និងសុវត្ថិភាព និង​បញ្ហាផ្លូវច្បាប់ផងដែរ។ (...) នៅពេលដែលរៀបចំរួចហើយ យើងនិងបញ្ជូនវាទៅតាមផ្នែក ដូចជាផ្នែកព្រហ្មទណ្ឌ និងផ្នែក​នៃអំពើពុករលួយ។ តែបើរដ្ឋាភិបាលដោះស្រាយ និងស៊ើបអង្កេតនោះ យើងនឹងកប់ឯកសារទាំងនោះចោល ផ្ទុយមកវិញ​បើគ្មានការអន្តរាគមន៍ពីរដ្ឋាភិបាលនោះទេ យើងនឹងរៀបចំឯកសារដាក់នៅចុងឆ្នាំ២០១៣នេះ។»

---------------------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...