ថៃ៖ អាមេរិក​​សម្ដែង​ក្ដី​បារម្ភ​ បន្ទាប់​ពី​ច្បាប់​អាជ្ញាសិក​ត្រូវ​ដាក់​ឲ្យ​ប្រើ

សហរដ្ឋអាមេរិក បានសម្ដែងសេចក្ដីព្រួយបារម្ភរបស់ខ្លួន នៅចំពោះស្ថានការណ៍តានតឹងនៅប្រទេសថៃ ហើយបាន​អំពាវនាវឲ្យប្រទេសនេះ បញ្ជៀសឲ្យបាននូវការប្រើប្រាស់អំពើហិង្ស ខណៈពេលក្រុមបាតុករប្រឆាំងរដ្ឋាភិបាល លោកស្រី យីងឡាក់ ស៊ីនណាវ៉ាត្រា បានចូលទៅកាន់កាប់ក្រសួងចំនួនពីរ នៅល្ងាចថ្ងៃចន្ទទី២៥ខែវិច្ឆិកានេះ។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: November 25, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សហរដ្ឋអាមេរិក បានសម្ដែងសេចក្ដីព្រួយបារម្ភរបស់ខ្លួន នៅចំពោះស្ថានការណ៍តានតឹងនៅប្រទេសថៃ ហើយបាន​អំពាវនាវឲ្យប្រទេសនេះ បញ្ជៀសឲ្យបាននូវការប្រើប្រាស់អំពើហិង្ស ខណៈពេលក្រុមបាតុករប្រឆាំងរដ្ឋាភិបាល លោកស្រី យីងឡាក់ ស៊ីនណាវ៉ាត្រា បានចូលទៅកាន់កាប់ក្រសួងចំនួនពីរ នៅល្ងាចថ្ងៃចន្ទទី២៥ខែវិច្ឆិកានេះ។


បាតុកម្មនៅថៃ កណ្ដាលទីក្រុងបាងកក សុំឲ្យលោកស្រីនាយករដ្ឋមន្ត្រី យីងឡាក់ លាឈប់ពីតំណែង។

នយោបាយថៃ - នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី ជើនីហ្វើរ ព្សាគី (Jennifer Psaki) បាននិយាយថា «រដ្ឋាភិបាលនៃសហរដ្ឋអាមេរិក ខ្វាយខ្វល់យ៉ាងខ្លាំង នៅចំពោះស្ថានការណ៍តានតឹង ខាងនយោបាយនៅប្រទេសថៃ ហើយរដ្ឋាភិបាលអាមេរិក តាមដានយ៉ាងយកចិត្តទុកដាក់ នូវបាតុកម្មទាំងឡាយ​ក្នុងពេល​បច្ចុប្បន្ន នៅរាជធានីបាងកក»។

សេចក្ដីប្រកាសព័ត៌មាននោះបានបន្តទៀតថា «យើង (អាមេរិក) សូមអំពាវនាវទៅគ្រប់ភាគីទាំងអស់ ឲ្យបញ្ជៀសនូវអំពើ​ហិង្សា បង្ហាញឲ្យឃើញនូវការអត់ធ្មត់ និងគោរពឲ្យបាននូវនិតិរដ្ឋ» អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានបញ្ជាក់ពី​ការមិនអាចទទួលយកបាន នូវការកាន់កាប់សម្បត្តិឯកជន ឬសាធារណៈ ដើម្បីជាមធ្យោបាយសម្រាប់ដោះស្រាយជម្លោះ​នយោបាយ។

បាតុកម្មប្រឆាំងរដ្ឋាភិបាលថៃបច្ចុប្បន្ន ដែលបានចាប់ផ្ដើមរូបរាងរបស់ខ្លួន នៅដើមខែតុលាកន្លងទៅ ដើម្បីប្រឆាំង​ទៅនឹង​គម្រោងច្បាប់លើកលែងទោសមួយ ដែលអាចឲ្យផ្ដល់ឱកាសឲ្យលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បងប្រុសបង្កើតរបស់​នាយករដ្ឋមន្ត្រីបច្ចុប្បន្ន អាចវិលត្រឡប់ចូលប្រទេសវិញ បន្ទាប់ពីបានភៀសខ្លួន ពីការផ្ដន្ទាទោសរបស់ប្រព័ន្ធយុត្តិធម៌ថៃ ជាច្រើនឆ្នាំកន្លងមក។

បាតុកររាប់សិបពាន់នាក់ទាំងនោះ បានទម្លុះខ្សែការពាររបស់កងកម្លាំងអាជ្ញាធរ ហើយបានចូលទៅកាន់កាប់ នូវក្រសួង​រដ្ឋសំខាន់ៗ នៅកណ្ដាលរាជធានីបាងកក ដើម្បីគាបសង្កត់ឲ្យលោកស្រី យីងឡាក់ ស៊ីនណាវ៉ាត្រា លាលែងពីដំណែង។ ក្រុមអ្នកតវ៉ាទាំងនេះ ជារលកប្រឆាំងដ៏ខ្លាំងមួយ រាប់ចាប់តាំងពីព្រឹត្តិការណ៍បង្ក្រាបបាតុកម្ម នៅឆ្នាំ២០១០នោះមក នៅក្នុង​ប្រទេសអាស៊ីប៉ែកអាគ្នេយ៍មួយនេះ។

នៅយប់ថ្ងៃចន្ទ លោកស្រីយីងឡាក់ បានប្រកាសដាក់រាជធានីបាងកកទាំងមូល នៅក្នុងច្បាប់អាជ្ញាសិកមួយ ដើម្បីពង្រឹក​ខ្សែត្រៀមការពាររបស់កងនគរបាល។ លោកស្រីនាយករដ្ឋមន្ត្រីថៃ បានអំពាវនាវទៅបណ្ដាជនថៃផ្សេងទៀត កុំឲ្យភ្ជាប់ខ្លួន​មកក្នុងបាតុកម្មដែលខុសច្បាប់ទាំងនេះ។

លោកស្រី ជើនីហ្វើរ ព្សាគី បានបន្តនៅក្នុងសេចក្ដីប្រកាសព័ត៌មានទៀតថា «យើងអំពាវនាវ ទៅគ្រប់ភាគីឲ្យ​គោរពពីបទ​ដ្ឋានអន្តរជាតិ ដែលធានាពីសិទ្ធិសេរីភាព នៃសារព័ត៌មាន​និងសុវត្ថិភាពនៃអ្នកសារព័ត៌មាន។ (...) សហរដ្ឋអាមេរិក សង្ឃឹម​ជឿជាក់ថា គ្រប់ភាគីគួរត្រូវធ្វើការជាមួយគ្នា ដើម្បីដោះស្រាយនូវការខ្វែងគំនិតគ្នា ដោយការជជែកពិភាក្សាអហិង្សា ទៅ​តាមបែបផែន ដែលពង្រឹកលិទ្ធិប្រជាធិបតេយ្យ និងនិតិរដ្ឋ»៕

-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...