ថៃ៖ អាមេរិក​និង​សហគមន៍​អ៊ឺរ៉ុប ប្រតិកម្ម​នឹង​រដ្ឋ​ប្រហារ​យោធា

បន្ទាប់ពីប្រទេសបារាំង ឥឡូវនេះសហរដ្ឋអាមេរិក និងសហគមន៍អ៊ឺរ៉ុប បានចេញមកធ្វើប្រតិកម្មទៅលើព្រឹត្តិការណ៍​​«រដ្ឋប្រហារយោធា» នៅថៃ។ អាមេរិកប្រកាសឲ្យមានពិនិត្យឡើងវិញ ពីកិច្ចសហប្រតិបត្តិការយោធា​រវាង​ប្រទេស​ទាំងពី ខណៈពេលសហគមន៍អ៊ឺរ៉ុប បានអំពាវនាវឲ្យមានឡើងវិញយ៉ាងឆាប់បំផុត នូវដំណើរការ​ប្រជាធិបតេយ្យ។
Loading...
  • ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស​ ថ្ងៃទី២២ ឧសភា ២០១៤
  • កែប្រែចុងក្រោយ: May 22, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីប្រទេសបារាំង ឥឡូវនេះសហរដ្ឋអាមេរិក និងសហគមន៍អ៊ឺរ៉ុប បានចេញមកធ្វើប្រតិកម្មទៅលើព្រឹត្តិការណ៍​​«រដ្ឋប្រហារយោធា» នៅថៃ។ អាមេរិកប្រកាសឲ្យមានពិនិត្យឡើងវិញ ពីកិច្ចសហប្រតិបត្តិការយោធា​រវាង​ប្រទេស​ទាំងពី ខណៈពេលសហគមន៍អ៊ឺរ៉ុប បានអំពាវនាវឲ្យមានឡើងវិញយ៉ាងឆាប់បំផុត នូវដំណើរការ​ប្រជាធិបតេយ្យ។


កងទ័ពថៃ ដែលត្រូវបានគេបញ្ជូនចូលមកក្នុងរាជធានីបាងកក។ (រូបថត AFP)

នយោបាយថៃ - អ្នកនាំពាក្យរបស់មន្ទីរប៉ង់តាហ្គោន (ក្រសួងការពារជាតិសហរដ្ឋអាមេរិក) បានថ្លែងឲ្យដឹង នៅ​ប៉ុន្មានម៉ោងក្រោយរដ្ឋប្រហារយោធាមួយ នៅប្រទេសថៃថា៖ «សហរដ្ឋអាមេរិក ធ្វើការពិនិត្យឡើងវិញ នូវកិច្ចសហ​ប្រតិបត្តិការយោធា ជាមួយនឹងទីក្រុងបាងកក ដើម្បីសម្រេចិត្តថា តើនឹងត្រូវធ្វើការផ្អាកជាបណ្ដោះអសន្នសិន ឬ​យ៉ាង​ណា បន្ទាប់ពីមានរដ្ឋប្រហារយោធាមួយនៅក្នុងប្រទេសថៃ»។

លោក ស្ទេវេន វ៉ារ៉េន (Steven Warren) អ្នកនាំពាក្យរបស់ស្ថាប័នការពារជាតិអាមេរិក បានបន្តអះអាងទៀតថា៖ «យើង​កំពុងតែសម្លឹងមើល ពីចំណងទាក់ទងយោធារបស់យើង នៅក្នុងនោះមានការចូលរួមរបស់សហរដ្ឋអាមេរិក នៅក្នុងសមយុទ្ធផ្សេងៗ ដែលត្រូវបានរៀបចំធ្វើជាលក្ខណៈទ្វេភាគី ជាមួយកងទ័ពថៃ»។ សមយុទ្ធយោធា អាមេរិក​-ថៃ​ ក្នុងរហស្សនាម ការ៉ាត (CARAT) ដែលកំពុងតែប្រព្រឹត្តិនៅធ្វើនោះនៅឡើយ ក្នុងពេលបច្ចុប្បន្ន។

ចំពោះសហគមន៍អ៊ឺរ៉ុបវិញ បានអំពាវនាវឲ្យមានការវិលត្រឡប់មកវិញ យ៉ាងឆាប់បំផុត នូវដំណើរប្រជាធិបតេយ្យ ក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

អ្នកនាំពាក្យនៃអ្នកតំណាងការទូតរបស់សហគមន៍អ៊ឺរ៉ុប លោកស្រី កាតឺរីន អាស្តុន (Catherine Ashton) បានថ្លែង​នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «វាជាជំហរមួយមុតមាំណាស់ ដែលប្រទេសថៃត្រូវវិល ទៅរកដំណើរការ​ប្រជាធិបតេយ្យឡើងវិញ ឲ្យ​បានឆាប់បំផុត»។ លោកស្រី បានអំពាវនាវបន្ថែមទៀត ពីការរៀបចំឲ្យបានឆាប់បំផុត នូវការបោះឆ្នោត​ដោយ​ខាន​មិនបាន និងអាចទទួលយកបានមួយ ដើម្បីបិទបញ្ចប់ជម្លោះ។

សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ទៀតថា៖ «កងទ័ពត្រូវទទួលយក និងគោរពអាជ្ញាធរដែលមានចែងក្នុងរដ្ឋ​ធម្មនុញ្ញ ជាធរមាន។ ច្បាប់ទម្លាប់អន្តរជាតិជាមូលដ្ឋាន និងសិទ្ធិមនុស្ស ត្រូវតែរក្សាឲ្យបាន។»

កងទ័ពថៃ ដែលនៅក្រោមបញ្ជា របស់អគ្គមេបញ្ជាការកងទ័ពជើងគោកថៃ លោកឧត្ដមសេនីយ៍ ប្រាយុទ ចាន់អូចា បានប្រកាសធ្វើរដ្ឋប្រហារ នៅថ្ងៃ​ព្រហស្បត្តិ៍ ទី២២ ខែឧសភានេះ។ នៅក្នុងសេចក្ដីថ្លែងមួយ នៅតាមកញ្ចក់ទូរទស្សន៍ លោកឧត្ដមសេនីយ៍ បានបញ្ជាក់ថា ការធ្វើរដ្ឋប្រហារនេះ គឺ«ដើម្បីឲ្យប្រទេសវិលត្រឡប់ មករកសភាពធម្មតាវិញ» បន្ទាប់ពីជួបនឹងវិបត្តិវឹកវរអស់ជាង៧ខែមកនេះ។ នៅក្នុងយប់ថ្ងៃដដែល សេចក្ដីប្រកាសព័ត៌មានជាច្រើន របស់កងទ័ព ត្រូវបានផ្សាយនៅតាមកញ្ចក់ទូរទស្សន៍ ក្នុងនោះមានការព្យួររដ្ឋធម្មនុញ្ញ តែលើកលែងជំពូកដែលចែង​ទាក់ទងនឹង​រាជានិយម ការប្រកាសហាមឃាត់ការជួបជុំនយោបាយ និងការចេញដើរ នៅពេលយប់ពីម៉ោង១០​ រហូតដល់​ម៉ោង​៥ភ្លឺជាដើម៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...