យ៉ា ណាវុធ៖ ពលករ​-​កម្មករ​កម្ពុជា ត្រូវ​បាន​ដឹក​ចេញ​ពី​ថៃ ​ដូច​«សត្វ»

បើគិតពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៤ រហូតមកដល់ពេលនេះ យ៉ាងហោចណាស់ កម្មករកម្ពុជាខុសច្បាប់ជិត​៨ពាន់​នាក់ ត្រូវរបបយោធាថ្មី ដែលកំពុងគ្រប់គ្រងប្រទេសថៃបច្ចុប្បន្ន ចាប់បញ្ជូនឲ្យត្រលប់មកប្រទេសកម្ពុជាវិញ តាម​ខេត្​តជាប់ព្រំដែន ជាបន្តបន្ទាប់និងយ៉ាងគំហុក។ មន្ត្រីសង្គមស៊ីវិល ដែលធ្វើការក្នុងផ្នែកនេះ បាននិយាយថា ការបញ្ជូន​ពលករខ្មែរត្រឡប់មកវិញ ត្រូវបានធ្វើដូច«សត្វ»។
Loading...
  • ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១១ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 11, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើគិតពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៤ រហូតមកដល់ពេលនេះ យ៉ាងហោចណាស់ កម្មករកម្ពុជាខុសច្បាប់ជិត​៨ពាន់​នាក់ ត្រូវរបបយោធាថ្មី ដែលកំពុងគ្រប់គ្រងប្រទេសថៃបច្ចុប្បន្ន ចាប់បញ្ជូនឲ្យត្រលប់មកប្រទេសកម្ពុជាវិញ តាម​ខេត្​តជាប់ព្រំដែន ជាបន្តបន្ទាប់និងយ៉ាងគំហុក។ មន្ត្រីសង្គមស៊ីវិល ដែលធ្វើការក្នុងផ្នែកនេះ បាននិយាយថា ការបញ្ជូន​ពលករខ្មែរត្រឡប់មកវិញ ត្រូវបានធ្វើដូច«សត្វ»។


ពលករកម្មករខ្មែរ នៅក្នុងរថយន្ដទ្រុងរបស់ថៃ។ (រូបថត សហការី)

វិបត្តិការងារ - លោក យ៉ា ណាវុធ ប្រធានអង្គការការ៉ាមកម្ពុជា ជាអង្គការក្រៅរដ្ឋាភិបាលមួយដែលជួយជ្រោមជ្រែង និងជួយការពារសិទ្ធិរបស់ពលករចំណាកស្រុក បានវាយតម្លៃថា បើទោះជាសកម្មភាពបញ្ជូនកម្មករកម្ពុជា ពីប្រទេស​ថៃ មានលក្ខណៈស្របច្បាប់ប្រទេសថៃក៏ដោយ ក៏វាបានបំពានលក្ខខណ្ឌមនុស្សធម៌ដែរ។ លោក យ៉ា ណាវុធ បាន​ថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤ នេះថា៖ «ខ្ញុំមើលទៅ រូបភាពដាក់ទ្រុង​ដែក​អញ្ចឹង វាជារូបភាពមិនល្អទេ។ ដូចឡានដឹកសត្វ ដឹកទំនិញ វាគួររៀបចំឲ្យបាន​ត្រឹមត្រូវ។»

តាមរបាយការណ៍របស់ក្រសួងការបរទេសកម្ពុជា បានបង្ហាញតួលេខ ក្នុងពេលចុងក្រោយនេះឲ្យដឹងថា ក្នុងរយៈ​ពេល​០៩ ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៤ អាជ្ញាធរថៃបានបញ្ជូនកម្មករខ្មែរខុសច្បាប់ ចំនួន​៧៥០៧នាក់ មកកម្ពុជាវិញ។ គេបានសង្កេតឃើញថា កម្មករខុសច្បាប់របស់កម្ពុជាទាំងនោះ ត្រូវបានភាគីថៃ​ចាប់​ញាត់​​បញ្ចូលក្នុង ប្រភេទឡានទ្រុង និងឡានបែនធុនធ្ងន់ យ៉ាងណែន ដឹកយកមកប្រគល់ឲ្យសមត្ថកិច្ចកម្ពុជា ជា​បន្ត​បន្ទាប់។

ប្រធានអង្គការការ៉ាមកម្ពុជា លោក យ៉ា ណាវុធ  បានលើកឡើងថា ស្ថានការណ៍សព្វថ្ងៃ ក្នុងប្រទេសថៃ ក្រោម​ការ​គ្រប់គ្រងរបស់របបសឹក នៅបន្តមានភាពស្មុគស្មាញនៅឡើយ។ ដូច្នេះរដ្ឋាភិបាលកម្ពុជា គម្បីសម្របសម្រួល​ឲ្យបាន​ល្អប្រសើរ ជាមួយរបបគ្រប់គ្រងប្រទេសថៃបច្ចុប្បន្ន ដើម្បីបង្កលក្ខណៈងាយស្រួលដល់កម្មករកម្ពុជា ដែលកំពុងស្ថិត​នៅប្រទេសថៃ។

តាមរយៈការបំភ្លឺរបស់លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១១ ខែមិថុនា នេះ បាន​ឲ្យ​ដឹង​ថា ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈលោក អ៊ឹង ស៊ាន ជារដ្ឋលេខាធិការក្រសួង​ការ​បរទេសកម្ពុជា ក្នុងជំនួបជាមួយឯកអគ្គរាជទូតថៃប្រចាំកម្ពុជា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤ បានស្នើឲ្យ​ភាគី​ថៃ អនុវត្តការបញ្ជូនពលករ-កម្មករខែ្មរ ដែលចូលធ្វើការខុសច្បាប់ក្នុងប្រទេសថៃ មកកម្ពុជាវិញ តាមគោលការណ៍​មនុស្ស​ធម៌។

លោក កុយ គួង បានរម្លឹកថា នេះមិនមែនជាលើកទីមួយ ឬលើកទីពីរទេ ដែលប្រទេសថៃបានបញ្ជូនកម្មករខ្មែរខុស​ច្បាប់ ត្រលប់មកប្រទេសកម្ពុជាវិញ ហើយថាការបញ្ជូនមកកម្ពុជា យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងរយៈពេលចុង​ក្រោយ​នេះ ក៏ព្រោះរបបយោធាថៃ បានដាក់កំហិត ដល់បណ្តារោងចក្រ សហគ្រាស របស់ថៃ ត្រូវបញ្ឈប់ការប្រើប្រាស់​ពលករ​ខុសច្បាប់តទៅទៀត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...