ពលរដ្ឋ​សំនូមពរ ឲ្យ​សាលា​ដំបូង​ពន្លឿន​ក្តី​«បោក​ពលករ​យក​ទៅ​លក់»

ម្ចាស់បណ្តឹង ដែលប្តឹងចោទប្រកាន់តំណាងក្រុមហ៊ុន ដែលប្រជាពលរដ្ឋអះអាងថា បានបោកពលករយកទៅលក់។ ពាក្យបណ្តឹង ដែលបានដាក់ប្ដឹងតាំងឆ្នាំ២០១៣ តែរហូតមកដល់ពេលនេះ នៅមិនទាន់មានការសម្រេច​យ៉ាងណា​ពីតុលាការនៅឡើយ។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: April 04, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ខ្ញុំមកលើនេះបួនសារហើយ។ គិតទៅ តើខ្ញុំមានសាហ៊ុយមកពីណាជិះទៅជិះមក បើក្រុមហ៊ុនអត់ដោះស្រាយ​ឲ្យ​អញ្ចឹង ហើយតុលាការអត់ដោះស្រាយ មួយថ្ងៃហើយមួយថ្ងៃទៀត។» នេះជាការជាត្អូញត្អែររបស់ប្រជាពលរដ្ឋ ជា​ម្ចាស់បណ្តឹង ដែលប្តឹងចោទប្រកាន់តំណាងក្រុមហ៊ុន ដែលប្រជាពលរដ្ឋអះអាងថា បានបោកពលករយកទៅលក់។  ពាក្យបណ្តឹង ដែលបានដាក់ប្ដឹងតាំងឆ្នាំ២០១៣ តែរហូតមកដល់ពេលនេះ នៅមិនទាន់មានការសម្រេច​យ៉ាងណា​ពីតុលាការនៅឡើយ។


ក្រុមពលរដ្ឋរងគ្រោះ និងដើមបណ្ដឹងក្នុងក្ដី«បោកពលករយកទៅលក់» នៅមុខសាលាដំបូងរាជធានី ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S.Tith)

ចំណាកស្រុក - «កូនខ្ញុំបាត់ដំណឹង បីឆ្នាំហើយ (..) អញ្ចឹងហើយ បានជាខ្ញុំនៅតូចចិត្តម្តងហើយម្តងទៀត ហើយខ្ញុំ​មាននៅហ្នឹងឯណា» នេះការថ្លែងឡើងរបស់អ្នកស្រី ល័ក្ខ ខាយ ជាប្រជាពលរដ្ឋមកពីប៉ាយប៉ែត។ អ្នកស្រីបាន​ធ្វើ​មក​ដំណើរពីខេត្តដើម្បីមកចូលរួមក្នុងសវនការកាត់ក្តី លើតំណាងក្រុមហ៊ុនចាយអ៊ិន ដែលនាំពលករទៅធ្វើការនៅក្រៅ​ប្រទេស បន្ទាប់ពីក្រុមហ៊ុននេះបាននាំកូនអ្នកស្រីទៅធ្វើការនៅប្រទេសម៉ាឡេស៊ី។ អ្នកស្រីបានត្អូញត្អែរថា អ្នកស្រីត្រូវ​ចំណាយ​ពេល និងចំណាយអស់ជាច្រើន ដើម្បីធ្វើដំណើរពីខេត្តមកភ្នំពេញ តាមការកោះហៅរបស់តុលាការ។

អ្នកស្រីបានអោយដឹងថា កូនប្រុសអ្នកស្រីបានចេញទៅធ្វើការនៅក្រៅប្រទេស តាំងពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១១ តាមរយៈក្រុមហ៊ុនចាយអ៊ិន រហូតមកដល់ពេលនេះ មានរយៈពេលជិតបីឆ្នាំហើយ តែកូនប្រុសអ្នកស្រីបានបាត់ ដំណឹង​សូន្យ មិនដឹងសុខទុក្ខយ៉ាងណានោះទេ។

អ្នកស្រី វៃ ភា ភរិយារបស់ពលករម្នាក់ មានទីលំនៅនៅខ័ណ្ឌ​សែនសុខ ដែលនិយាយថា បានចាញ់បោកក្រុមហ៊ុន​ខាងលើ បានរៀបរាប់ថា តាមកិច្ចសន្យា ប្តីអ្នកស្រីត្រូវទៅធ្វើបីឆ្នាំ តែដោយសារតែគេមិនបើកប្រាក់ខែឲ្យ ប្តីអ្នក​ស្រី​បានរត់មកវិញ ដោយមានការជួយសង្គ្រោះពីអង្គការមួយ បន្ទាប់ពីបានធ្វើការអស់រយៈពេល១ឆ្នាំកន្លះ។ អ្នកស្រី​អះ​អាង​ថា ប្តីអ្នកស្រីត្រូវបានគេយកទៅលក់ ឲ្យទៅ​ធ្វើការនៅលើទូកនេសាទ ហើយគេមិនចូលច្រាំងទៀត។

ស្រ្តីរូបនេះបានអោយដឹងទៀតថា មុនពេលដែលប្តីអ្នកចេញដំណើរ ក្រុមហ៊ុនបានសន្យាថា ប្ដីអ្នកស្រីនឹងទទួលបាន​ប្រាក់ខែ​​ ១៥០ ដុល្លាក្នុង​មួយខែ។ ក្រុមហ៊ុនបានសន្យាទៀតថា ក្នុងមួយខែបើកអោយអ្នកស្រី៥០ដុល្លា និង១០០ដុល្លា​ទៀត ទុកសំរាប់ពេលពលករត្រលប់មកវិញ ហើយបីខែបើកម្តង ប៉ុន្តែមិនទាន់ទាំងបើកលុយបានម្តងផង​ ម្ខាស់​ក្រុមហ៊ុនក៏រត់បាត់ទៅ។

លោកស្រី គា សុផល មេធាវីការពារក្តីអោយដើមបណ្តឹងជាពលករជិត៣០០នាក់ ដែលបាញ់បោកក្រុមហ៊ុនចាយអ៊ីន បានអោយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ដឹងថា ពលរដ្ឋរងគ្រោះទាំងអស់ ប្តឹងក្រុមហ៊ុនេះពីបទកេងប្រវ័ញ្ចកម្លាំង​ពលកម្ម។ លោកស្រីបន្តថា អ្នកដែលប្រព្រឹត្តិក្នុងករណីកេងប្រវ័ញ្ចកម្លាំងពលកម្មមានច្រើន ប៉ុន្តែសមត្ថកិច្ចចាប់​បាន​តែម្នាក់ រីឯអ្នកប្រព្រឹត្តិផ្សេងៗទៀតបានរត់គេចខ្លួនអស់ហើយ។

បើតាមការអះអាងពីប្រជាពលរដ្ឋ ការជំនុំជម្រះទៅតំណាងក្រុមហ៊ុននេះ ជាលើកទីបួនហើយ តែនៅមិនទាន់សម្រេច​លទ្ធផលយ៉ាងណានោះទេ នៅត្រឹមតែការសាកសួរតែប៉ុណ្ណោះ។ ជុំវិញបញ្ហានេះលោកស្រី គា សុផល បានបញ្ជាក់ថា​ «នៅថ្ងៃទី២៩ ខែមេសានេះ តុលាការនឹងប្រកាសសាលក្រម។ តែយើងមិនដឹងថាការប្រកាសសាលក្រមខាងមុខនេះ តុលាការសម្រេចយ៉ាងណានោះទេ។»
-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ០៣ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...