ក្លែង​ឯកសារ​បាត់​ឈ្មោះ​គ្រូ​បង្រៀន​ម្នាក់​ពី​ក្រសួង សង្ស័យ​រឿង​នយោបាយ

គ្រូបង្រៀនម្នាក់ មានអតីតភាពការងារជាង២១ឆ្នាំ ត្រូវបាន«លុប»ឈ្មោះពីក្រសួងអប់រំ ដោយមិនដឹងខ្លួន តាម​ឯកសារក្លែងបន្លំហត្ថលេខា និងឈ្មោះរបស់លោក ក្រោយពីលោកបានព្យួការងារ និងចូលជាសមាជិក​ក្រុមប្រឹក្សា​ឃុំគោកកធិន ក្នុងគណបក្សសង្គ្រោះជាតិ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: April 04, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រូបង្រៀនម្នាក់ មានអតីតភាពការងារជាង២១ឆ្នាំ ត្រូវបាន«លុប»ឈ្មោះពីក្រសួងអប់រំ ដោយមិនដឹងខ្លួន តាម​ឯកសារក្លែងបន្លំហត្ថលេខា និងឈ្មោះរបស់លោក ក្រោយពីលោកបានព្យួការងារ និងចូលជាសមាជិក​ក្រុមប្រឹក្សា​ឃុំគោកកធិន ក្នុងគណបក្សសង្គ្រោះជាតិ។


សកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ នៅខេត្តបន្ទាយមានជ័យ កាលពីខែកក្កដាឆ្នាំ២០១៣។ (រូបថតហ្វេសប៊ុក)

មន្ត្រីរាជការសាធារណៈ - គ្រូបង្រៀនម្នាក់ នៃសាលាបឋមសិក្សាកាត្រៃ ស្ថិតក្នុងឃុំគោកកធិន ស្រុកថ្មភួក ខេត្ត​បន្ទាយមានជ័យ ត្រូវបានជនមិនស្គាល់មុខក្នុងក្រសួងស្ថាប័នអប់រំរបស់រដ្ឋ ក្លែងឯកសារសាធារណៈ ដោយធ្វើ​នូវ​លិខិតលាឈប់ពីការងារជំនួសលោក ទាំងលោកមិនបានដឹងខ្លួន។ លោកគ្រូ ផា សុខនឿត ដែលរងគ្រោះបាត់បង់​តួនាទី​ពីគ្រួបង្រៀន និងគ្មានប្រាក់បៀវត្ស បានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ថា លោកមិនសុខចិត្ត ចំពោះ​អំពើក្លែងឯកសារសាធារណៈខាងលើនេះឡើយ ព្រោះវាជាអំពើមួយខុសច្បាប់ និងធ្វើបានរំលោភសិទ្ធិបុគ្គល​ដែល​ការពារដោយច្បាប់។ យ៉ាងណាក៏ដោយ លោកនឹងប្តឹងតវ៉ារកខុសត្រូវ ពិសេស«វែក»រកមុខ អ្នកដែលហ៊ាន​ក្លែង​ហត្ថលេខារបស់លោក ពិសេស«លិខិតស្នាមសាធារណៈ»។

ក្នុងវ័យ៤៣ឆ្នាំ លោកគ្រូរូបនេះបានពន្យល់ថា ក្នុងនាមបុគ្គលិកមន្រ្តីរាជការម្នាក់ បើចង់លុបឈ្មោះចេញ​ពីស្ថាប័ន​រដ្ឋ​នោះ ត្រូវសំអាងលើអ្វីខ្លះ? បើលោកមានកំហុសណាមួយ នាយកសាលាត្រូវហៅ មកធ្វើការស្តីបន្ទោស ហៅទៅអប់រំ ឬណែនាំពីរលើកឬបីលើកជាមុនសិន តែនេះគ្មានសោះ។ លោកបន្តទៀតថា អាចលប់ឈ្មោះបាន ឬចេញសេចក្តី​ប្រកាសលុបឈ្មោះបាន លុះត្រាណាមានលិខិតលាឈប់ជាផ្លូវការ ដែលស្នើដោយសាមីខ្លួនផ្ទាល់ តែនេះលោក​«មិន»បានដាក់លិខិតលាឈប់ផង ស្រាប់តែមានលិខិតលាឈប់ពីការងាររបស់លោកមួយ ជាសំអាង ដែលនាំឲ្យ​មានការលប់ឈ្មោះនេះ ហើយមិនមែនជាហត្ថលេខារបស់លោកទៀត។

លោកបន្តថាកាលពីថ្ងៃទី១៥ ខែមីនាកន្លងមកនេះ ប្រធានការិយាល័យអប់រំស្រុក លោក ប៉ែន សាប៊ន បានហៅ​លោកទៅ​ទទួល​សេចក្តីប្រកាសលុបឈ្មោះ ដែលបានចុះហត្ថលេខាដោយលោក អ៊ឹម សុធី។

លោកបានបញ្ជាក់ថា ពាក្យសុំព្យួរការងារនេះ ទើបតែបានដាក់ក្នុងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១២ ហើយនាយក​សាលា​ចុះហត្ថលេខាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១២ និងខាងអប់រំស្រុកចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០១២។ ចំណែក​លិខិត ដែលលោកចោទប្រកាន់ថា«ក្លៃងក្លាយ»មានហត្ថលេខា និងឈ្មោះរបស់លោកនោះ ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២ ឯនាយកសាលាចុះហត្ថលេខាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២ជាមួយគ្នា និងខាងអប់រំស្រុកចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ​២០១២។ «មន្ទីរធ្វើអ្វី ត្រូវយោងឯកសារពីស្រុក។ លិខិតលាឈប់នោះ ត្រូវមានការចុះហត្ថលេខា៤នាក់ ម្នាក់ជា​សាម៉ី​ជន ជានាយកសាលា ជាប្រធានអប់រំស្រុក និងប្រធានអប់រំខេត្ត។ (...) តែក្នុងលិខិតនេះ មិនមានការចុះ​ហត្ថលេខា​ដោយប្រធានអប់រំខេត្តទេ។ (...) ខ្ញុំជាប់ជាក្រុមប្រឹក្សាឃុំ ដល់ពេលហ្នឹងខ្ញុំដាក់ពាក្យព្យូរហើយ និងក៏មិន​ហាន​ទៅសុំ​បើក​លុយទេ ខ្លាចគេថាយើងមិនបានទៅបំរើការងារឲ្យគេ។ (...) ខ្ញុំមិនបានទាមទារបើកប្រាក់ខែទេ សូម​តែរក្សា​ឈ្មោះ​ខ្ញុំទុកបានហើយ។»

ទស្សនាវដ្តីមនោរម្យ.អាងហ្វូ មិនអាចសុំការបញ្ជាក់ ពីនាយកសាលាបឋមសិក្សាកាត្រៃលោក យិន ហេង បានទេ ក្នុង​ពេលភ្លាមៗនេះ ដោយមិនអាចភ្ជាប់ទំនាក់ទំនងបាន។ តែលោក ប៉ែន សាប៊ន ប្រធានការិយាល័យអប់រំ​ស្រុក​ថ្មភួក បានបញ្ជាក់ប្រាប់ទស្សនាវវដ្តីមនោរម្យ.អាំងហ្វូ ថា លោកមិនបានដឹងរឿងនោះច្បាស់ទេ ប៉ន្តែលោកផ្ទាល់​បានឲ្យ​ធ្វើការ​ចចារគ្នារកដំណោះស្រាយសិន បន្ទាប់ពីលោកគ្រូខាងលើបានមកធ្វើការតវ៉ា។ មកទល់នឹងថ្ងៃនេះ លោកនៅ​មិន​ទាន់ទទួលបានព័ត៌មាន ពីករណីចោទប្រកាន់ខាងលើនៅឡើយទេ។

លោក ប៉ែន សាប៊ន បានបន្ថែមថា «ការរលប់ឈ្មោះ ត្រូវមាននីតិវិធីរបស់គេ នឹងត្រូវហៅគាត់ទៅបំភ្លឺ​យ៉ាងម៉េចៗ​ខ្ញុំ​មិនដឹងទេ។ ដឹងត្រឹមថា ថ្ងៃតវ៉ានោះបានឲ្យគាត់មក បង្ខំឲ្យគាត់ទទួលយក។ (...) នីតិវិធីនៃការលប់ហ្នឹង វាដំណើរការ ហាក់បីដូចជាមិនឯកភាព ទៅតាមគាត់និយាយមែន ព្រោះគាត់និយាយស្បថអញ្ចឹង ខ្ញុំក៏មិនដឹងថាម៉េចដែរ។ (...) ខ្ញុំ​ក៏មិនហ៊ានបង្ខំថារឿងនេះត្រូវតែទទួលយក ឬយ៉ាងណាទេ ព្រោះប្រហែលជាគាត់មិនបានធ្វើការលាលែងមែន។»

តំណាងអង្គការអាតហុក ប្រចាំខេត្តបន្ទាយមានជ័យលោក ស៊ុំ ចាន់គា បានបញ្ចាក់ប្រាប់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ ថាដំណើការនៃរឿងនេះតាំងពីដើមដល់ចប់ រហូតដល់មានការបល់ឈ្មោះចេញពីក្រសួងរបស់លោកគ្រូ ផា សុនឿត មានពាក់ព័ន្ធនឹងបញ្ហានយោបាយនៅក្នុងនោះ។ លោកបានពន្យល់ថា ព្រោះលោកគ្រូរូបនេះ បានព្យូរការងារពី​គ្រូ​បង្រៀនទៅធ្វើជាក្រុមប្រឹក្សាឃុំ របស់គណបក្សសង្គ្រោះជាតិ។

កូនចៅផ្សំគ្រឿងពីក្រោម មេចេះតែស្លរ...

មន្រ្តីអាដហុករូបនេះ បានលើកជាចម្ងល់ថា ពាក្យលាឈប់របស់លោកគ្រូរូបនេះ មិនបានសរសេរទេ ហេតុដូច​ម្តេច​បានជាមន្រ្តីដូចជានាយកសាលា ខាងគណបក្សផ្សេងមិនដឹងជាធ្វើយ៉ាងម៉េច បានជាខាងក្រសួងចេញលិខិត​មួយ​បញ្ជាក់ពីការលាឈប់របស់គាត់? លោកថ្លែងឲ្យដឹងទៀតថា «តើចេតនាទុច្ចរិត ជនណាអ្នកប្រព្រឹត្តិ ឬក៏ជាស្ថាប័ន​របស់រដ្ឋ? មន្ទីរអប់រំខេត្តបន្ទាយមានជ័យមួយទាំងមូល ឬនៅតាមស្រុកដែលប្រព្រឹត្តនូវការក្លែងលិខិត ដើម្បីឲ្យ​ជន​ម្នាក់អស់នូវតួនាទី ដោយមិនបានដឹងរឿង ដឹងហេតុនោះទេ។ (…) ក្រសួងអប់រំត្រូវតែធ្វើការពិចារណា ពិនិត្យមើល កុំ​ឲ្យចេះតែហៃអើ! កូនចៅផ្សំគ្រឿងពីក្រោម មេចេះតែស្លរ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់អារម្មណ៍ប្រជាពលរដ្ឋ។ (…) សូមបញ្ឈប់ការលាបពណ៌ឲ្យគ្នាទៅវិញទៅមក ដូចករណីលោកគ្រូនេះ កុំលាបពណ៌ម្តងដាក់ទៅនេះ ម្តងដាក់​ទៅនោះ ដែលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាព និងសិទ្ធិរស់រានមានជិវិតរបស់គាត់៕»

--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី០៣ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...