តុលាការសម្រេចមិនឲ្យនៅក្រៅឃុំ៖ ដើមបណ្ដឹងថាមិនសមហេតុផល
គ្រួសារជនត្រូវចោទទាំង២៣នាក់ បានសម្តែងការខកចិត្តជាខ្លាំង ចំពោះការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែមេសានេះ ទៅនឹងសំណើរសុំនៅក្រៅឃុំ បណ្តោះអាសន្ន ដើម្បីទៅព្យាបាលជំងឺ ខណៈពេលដែលជំងឺរបស់ស្វាមី និងកូនរបស់ពួកគាត់កំពុងតែធ្ងន់ធ្ងរទៅៗ ដោយមិនមានការព្យាបាលឲ្យបានដិតដល់។
ទិដ្ឋភាពនៅមុខសាលាដំបូងរាជធានី ថ្ងៃទី៣១ខែតុលាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)
ប្រព័ន្ធយុត្តិធម៌ - បន្ទាប់ពីស្វាមីរបស់អ្នកស្រី ត្រូវបានតុលាការសម្រេចបដិសេធ មិនអោយនៅក្រៅឃុំ ដើម្បីយកទៅព្យាលបាលជំងឺតាមការស្នើសុំនោះមក អ្នកស្រីប្រាក់ សុវណ្ណារី ភរិយារបស់លោក វន់ ពៅ បានសម្តែងការខកចិត្តថា «តុលាការមិនគោរពច្បាប់ មិនផ្អែកទៅលើច្បាប់ តុលាការត្រឹមតែបំពោរមាត់ខ្លួនឯង ចេះតែនិយាយថាលោក វន់ ពៅ អត់មានជំងឺ ចុះតុលាការអត់មានទៅមើលរាងកាយរបស់គាត់ថា គាត់មានជំងឺពិតប្រាកដអត់ ហើយអត់មើលក្រដាស់ចេញពីមន្ទីពេទ្យថាលោក វន់ ពៅ មានជំងឺពិតប្រាកដដែរឬទេ?»
អ្នកស្រី ប៉ាន់ ស៊ីណា ជាម្តាយរបស់លោក សុគន្ធ សម្បត្តិពិសិទ្ធិ ដែលត្រូវបានតុលាការបដិសេធដែឬនោះ បានរៀបរាប់ទាំងទឹកភ្នែកថា កូនអ្នកស្រីបានបាក់កដៃ ព្រមទាំងម្រាមទាំងបួនផងដែរ អំឡុងពេលទៅថតរូបក្នុងព្រឹត្តិការណ៍ ទាមទារប្រាក់ខែ១៦០ដុល្លា របស់កម្មករកាត់ដេរ។ អ្នកស្រីថ្លែងបន្តថា អ្នកស្រីបានស្នើសុំតុលាការដើម្បីយកកូនប្រុសអ្នកស្រី ទៅវះកាត់ដៃនៅប្រទេសថៃចំនួន៥ថ្ងៃ តែតុលាការបែរជាមិនអនុញ្ញាត អោយដោយលើកឡើងថា របួសកូនអ្នកស្រីគ្មានអ្វីធ្ងន់ធ្ងរ ហើយមិនអាចយកទៅព្យាលបាលនៅឯណាបានទេ។
ម្តាយរបស់ជនត្រូវចោទ សុគន្ធ សម្បត្តិពិសិទ្ធិ រូបនេះ បានអោយដឹងទៀតថា អ្នកស្រីបានធ្វើការស្នើសុំតុលាការដើម្បីយកកូនទៅព្យាបាលចំនួនបីដងហើយ។ កាលពីមុនស្នើសុំ១០ថ្ងៃ ៧ថ្ងៃគេមិនអនុញ្ញាត ហើយលើកនេះស្នើសុំតែ៥ថ្ងៃ តុលាការនៅតែបដិសេធទៀត។
ស្រ្តីវ័យ៥៣ឆ្នាំរូបនេះ បានបង្ហាញក្តីខកចិត្តចំពោះការសម្រេច បដិសេធសំណើជាលើកទីបីរបស់អ្នកស្រីថា «ខ្ញុំអស់សង្ឃឹមណាស់ តុលាការគ្មានឯករាជ្យចំពោះជនរងគ្រោះ ដែលគ្មានទោសកំហុសអ្វីសោះ គ្រាន់តែគ្នាជាមន្រ្តីទៅថតយកព័ត៌មាន នៅកន្លែងកម្មករតវ៉ាយកប្រាក់ខែ១៦០»។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៤នេះ បន្ទាប់ពីបើកសវនការរយៈពេលជិតមួយម៉ោង ដោយជំនុំទៅលើពាក្យស្នើសុំនៅក្រៅរបស់លោក វន់ ពៅ ប្រធានសមាគមឯករាជ្យ ប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងលោក សុគន្ធ សម្បត្តិពិសិទ្ធិ មកពីមជ្ឈមណ្ឌលកម្ពុជាដើម្បីសិទ្ធិការងារ តាមការស្នើសុំរបស់គ្រួសារ ដើម្បីយកទៅព្យាបាលជំងឺ តុលាការនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបដិសេធពាក្យសុំ នៅក្រៅឃុំបណ្តោះអាសន្ននេះ ដោយលើកឡើងថា ជំងឺអ្នកទាំងពីរនោះមិនមានអ្វីធ្ងន់ធ្ងរទេ
រីឯលោក យួម សុគន្ធ ជាឪពូករបស់ជនត្រូវចោទខាងលើ បានបញ្ជាក់ថា កូនប្រុសរបស់លោកជាមន្រ្តីនៅអង្គការក្លារី ទើបតែចូលធ្វើការបានប៉ុន្មានថ្ងៃទេ ហើយគេបានចាត់តាំងអោយទៅសង្កេតការណ៍ ក្នុងពេលកម្មករធ្វើបាតុកម្មកាលពីខែមករា។ លោកយល់ថា ការសម្រេចរបស់តុលាការនៅក្នុងរឿងនេះ មិនបានពិនិត្យមើលច្បាស់លាស់ មិនសមទៅតាមភាពជាក់ស្តែងនោះទេ ក្នុងខណៈពេលដែលដៃកូនរបស់លោក កំពុងរងគ្រោះ។
លោកពន្យល់យ៉ាងដូច្នេះទៀតថា ប្រសិនបើមិនធ្វើការព្យាលបាល អោយបានដិតដល់នោះទេ ដៃរបស់កូនលោកនឹងបន្តស្វិត ព្រោះដៃម្ខាងបានចាប់ផ្តើមស្វិតបណ្តើរៗហើយ។ ចំណែកពេទ្យ នៅក្នុងពន្ធនាគារ ក៏មិនបានព្យាបាលដិតដល់ដែរ។
ឪពុកជនត្រូវចោទរូបនេះ បានទទូចអោយរដ្ឋាភិបាលភិបាល ក៏ដូចជាតុលាកាពិនិត្យរឿងក្តីនេះឡើងវិញ ព្រោះកូនលោកមិនមានកំហុស ដូចការការចោទប្រកាន់របស់តុលាការនោះទេ។ លោកបានថ្លែងថា «កូនខ្ញុំមិនមែនជាជនបង្កលក្ខណៈញុះញង់អីទេ ព្រោះកូនខ្ញុំទៅហ្នឹង ក្នុងនាមជាលក្ខណៈសង្កេតការណ៍ មិនមែនជាអ្នកបង្កបាតុកម្ម និងញុះញង់ដូចតុលាការចោទប្រកាន់»ឡើយ៕
-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ០៤ មេសា ២០១៤