កម្ពុជាគ្មានសមត្ថភាពតាមសំណើរអូស្រ្តាលី យកជនភៀសខ្លួនមកនៅ?
សកម្មជនសិទ្ធិមនុស្សបានលើកឡើងថា ប្រទេសកម្ពុជាមិនមានលក្ខណៈសម្បត្តិល្អ និងសមត្ថភាពគ្រប់គ្រាន់ ដើម្បីទទួលយកជនភៀសខ្លួន ឲ្យមករស់នៅប្រទេសកម្ពុជា ជាអចិនន្ត្រៃយ៍បានទេ។ ការលើកឡើងរបស់មន្រ្តីសិទ្ធិមនុស្ស គឺស្របពេលដែលរដ្ឋាភិបាលកម្ពុជា កំពុងពិចារណា លើសំណើររបស់ប្រទេសអូស្រ្តាលី ឲ្យប្រទេសកម្ពុជា ទទួលយកជនភៀសខ្លួន ចម្រុះជាតិសាសន៍ ឲ្យរស់នៅប្រទេសកម្ពុជា។
លោកតូនី អាបុត នាយករដ្ឋមន្ត្រីអូស្ត្រាលី។ (រូបថត abc.net.au)
សិទ្ធិ - លោកតូនី អាបុត (Tony Abbott) នាយករដ្ឋមន្ត្រីអូស្ត្រាលីបានថ្លែងនៅថ្ងៃទី០៣ ខែមេសា ថា សំណើររបស់រដ្ឋាភិបាលអូស្ត្រាលី ដែលបានស្នើឲ្យកម្ពុជា ទទួលយកជនភៀសខ្លួនដែលមានបំណងសុំសិទ្ធិជ្រកកោននៅប្រទេស អូស្ត្រាលី ជាភារៈកិច្ចរបស់កម្ពុជា ខណៈកិច្ចព្រមព្រៀងស្នើសុំរបស់អូស្រ្តាលី កំពុងស្ថិតនៅក្នុងការពិចារណារបស់ភាគីកម្ពុជា។
ការលើកឡើងរបស់លោក តូនី អាបុត គឺបានកើតឡើង ក្រោយពេលរដ្ឋមន្រ្តីក្រសួងការបរទេសអូស្រ្តាលី ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា កាលពីពេលថ្មីៗនេះ បានធ្វើការស្នើសុំ និងជំរុញឲ្យរដ្ឋាភិបាលកម្ពុជាទទួលយក ជនភៀសខ្លួនចម្រុះជាតិសាសន៍ ច្រើនរយនាក់ ឲ្យមករស់នៅប្រទេសកម្ពុជាជាអចិន្រ្តៃយ៍ ជាថ្នូរពីរដ្ឋាភិបាលអូស្រ្តាលី គឺការទទួលបានប្រាក់ជំនួយច្រើនលានដុល្លារ។
ជាបន្តបន្ទាប់អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ បានសម្តែងការព្រួយបារម្ភ និងទទូចដល់ប្រទេសកម្ពុជា គម្បីបដិសេធសំណើរបស់រដ្ឋាភិបាលអូស្ត្រាលី ដែលបានស្នើឲ្យកម្ពុជា ទទួលយកជនភៀសខ្លួន ដែលមានបំណងសុំសិទ្ធិជ្រកកោន នៅប្រទេសអូស្ត្រាលី។ ព្រោះការទទួលយក គឺជាការរំលោភសិទ្ធិសេរីភាពជនភៀសខ្លួន ខណៈកម្ពុជា នៅមិនទាន់មានសមត្ថភាព និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការឃុំគ្រងនិងផ្តល់អនាគតល្អ ដល់ជនភៀសខ្លួនទាំងនោះនៅឡើយ។
អនុប្រធានស៊ើបអង្កេតសមាគមន៍ការពារសិទ្ធិមនុស្ស អាដហុក លោក ចាន់ សុវេត បានពន្យល់ថា ប្រទេសកម្ពុជា ត្រូវគិតឲ្យបានវែងឆ្ងាយ ដោយមិនត្រូវត្រេកត្រអាលជាមួយផលប្រយោជន៍បន្តិចបន្តួច ហើយភ្លេចសម្លឹងមើលផលវិបាកធ្ងន់ធ្ងរ និងយូរអង្វែង ដែលកម្ពុជា ជាអ្នករ៉ាប់រង។ លោក ចាន់ សុវេត បញ្ជាក់ថា៖ «កម្ពុជាកំពុងតែមានហានិភ័យនឹងភាពក្រីក្រ ម៉េចនឹងទៅជួយជនភៀសខ្លួនកើត។ តែបើជនភៀសខ្លួនបណ្ណោះអាសន្ន កម្ពុជាគួរផ្តល់ឱកាសដើម្បីរកប្រទេសទីបី។ អូស្រ្តាលីក៏គួរពិចារណា ថាកម្ពុជាមានសមត្ថភាព ទទួលជនភៀសខ្លួនទាំងនោះ ឬអត់?»
គួរកត់សម្គាល់ថា មានជនភៀសខ្លួនច្រើនពាន់នាក់ មកពីប្រទេសេរីលង្កា បង់ក្លាដេស នេប៉ាល់ និងបណ្តាប្រទេសមួយចំនួនទៀត បានធ្វើដំណើរ និងធ្វើសកម្មភាពតាមគ្រប់រូបភាព ដើម្បីសុំសិទ្ធិជ្រកកោន រស់នៅក្នុងប្រទេសអូស្រ្តាលី។ តែប្រទេសអូស្រ្តាលី មិនចង់ទទួលយកជនភៀសខ្លួនទាំងនោះ ឲ្យរស់នៅជាអចិន្រ្តៃយ៍នោះទេ ព្រោះត្រូវបានគេដឹងថា នេះជាបន្ទុកយ៉ាងធ្ងន់ធ្ងរ ដល់អនាគតសេដ្ឋកិច្ច សង្គម របស់អូស្រ្តាលី ខណៈជនចំណាកស្រុកដែលមានវិបត្តិទាំងនោះ ភាគច្រើនមានបញ្ហាសុខភាពផ្លូវកាយ ចិត្ត និងកម្រិតវប្បធម៌ទាបជាដើម៕
-------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៤ មេសា ២០១៤