ពិព័រណ៍«ស្នាដៃបង្កើតថ្មី» របស់និស្សិតសាលាវិចិត្រសិល្បៈ
សាកលវិទ្យាល័យភូមិន្ទនិចិត្រសិល្បៈ បានដាក់តាំងពិព័រណ៍ស្នាដៃសិល្បៈថ្មីៗលើកទីពី ដែលជាគំនិតច្នៃប្រឌិតរបស់ និស្សិតចាប់ពីថ្នាក់មូលដ្ឋាន រហូតដល់ឆ្នាំទីបួន ទាំងប្រាំមហាវិទ្យាល័យ ក្នុងនោះមាន មហាវិទ្យាល័យស្ថាបត្យកម្ម និងនគររូបនីយកម្ម មហាវិទ្យាល័យសិល្បៈសូនរូប មហាវិទ្យាល័យសិល្បៈនាដសាស្ត្រ និងមហាវិទ្យាល័យតូរ្យតន្ត្រី។ ការតាំងពិព័រណ៍នេះ នឹងចាប់ផ្តើមចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែមេសា បានទាក់ទាញនិស្សិតមកពីបណ្តាគ្រឹះស្ថានផ្សេងៗ នាំគ្នាចូលរួមទស្សនាយ៉ាងច្រើនកុះករ។
ស្នាដៃមួយនៅក្នុងពិព័រណ៍«ស្នាដៃបង្កើតថ្មី» របស់និស្សិតសាលាវិចិត្រសិល្បៈ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ Senghong)
ពិព័រណ៍វិចិត្រសិល្បៈ - ក្នុងវេទិកាសម្ពោធពិព័រណ៍ នៅថ្ងៃទី៤ ខែមេសានេះ និស្សិត ព្រហ្ម ចិនវិចិត្រ ប្រធានគណកម្មាធិការរៀបចំពិពណ៍ បាននិយាយថា៖ «គោលបំណងបង្កើតការច្នៃប្រឌិត ក្នុងការអភិរក្សដើម្បីអភិវឌ្ឍន៏វិស័យសិល្បៈវប្បធម៌ជាតិ។ ម្យ៉ាងវិញដើម្បីបង្ការភាពសក្តានុពល ភាពជាបច្ចេកទេសក្នុងការសិក្សារបស់និស្សិត ក្នុងវិស័យសិល្បៈវប្បធម៌ និងដើម្បីបង្កើតចំណេះដឹង ដើម្បីស្រាវជ្រាវរករបកគំហើញថ្មី និងបច្ចេកវិទ្យាទំនើប។ លើសពីនេះទៅទៀត គឺដើម្បីបង្ហាញពីសម្ព័ន្ធភាពនៃប្រពៃណីដ៏ផូផង់ក្នុងសង្គមខ្មែរយើង។»
លោក ប៉េង ប៊ុនឆុង ជានិស្សិតឆ្នាំទីពីរនៃមហាវិទ្យាល័យស្ថាបត្យកម្ម និងនគររូបនីយកម្ម បាននិយាយប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា និស្សិតដែលមានស្នាដៃរបស់ខ្លួននៅពិធីតាំងពិពណ៍ខាងលើនេះ សុទ្ធតែកើតចេញឡើងពីការសំរិតសំរាំងនៃស្នាដៃឆ្នើមៗរបស់សិស្សរៀមច្បង និងលោកគ្រូអ្នកគ្រូ មុនសម្រេចចិត្តយកស្នាដៃទាំងនោះចូលរួមតាំងនៅទីនេះ។ ឧទាហរណ៏ដូចជាស្នាដៃនិស្សិតថ្នាក់មូលដ្ឋាន មុននឹងយកស្នាដៃរបស់ខ្លួនមកដាក់តាំង បានលុះត្រាតែមានការចូលរួមពិភាក្សាជាមួយសិស្សច្បង ជាមុនសិន។
មកចូលរួមទស្សនាពិព័រណ៌នេះម្ដងមុនរួចហើយនោះ លោក ម៉ៅ ម៉េងឆន ជានិស្សិតឆ្នាំទីមួយ ផ្នែកស្ថាបត្យកម្មនៃសាកលវិទ្យាល័យន័រតុន បានិយាយថា «រូបគំនូរបស់ពួកគាត់ មានភាពទាក់ទាញខ្លាំង។ គំនូរទាំងនេះអាចជួយជំរុញដល់ការសិក្សាដល់ខ្ញុំមួយផ្នែកទៀត។»
កញ្ញា អុល ភារុណ ជានិស្សិតឆ្នាំមួយខាងផ្នែកស្ថាបត្យកម្មនិងរចនា នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (PPIU) បានថ្លែងដែរថា ការតាំងពិពណ៍នេះជួយឲ្យប្អូនទទួលចំណេះដឹងបន្ថែមលើអ្វី ដែលគាត់បានសិក្សានៅសាលា ជាពិសេសផ្នែកកែច្នៃ ដែលក្រុមនិស្សិតបានជ្រើសរើសយកសារធាតុផ្សេងៗ មកច្នៃដូចជាសំរាម ថង់ប្លាស្ទិចជាដើម៕
--------------------------------------
ដោយ ក. សេងហុង (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៤ មេសា ២០១៤