អាដហុកថ្កោលទោសចំពោះការសម្រេច សាលាដំបូងរាជធានីភ្នំពេញ
សមាគមអាដហុកបានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសទៅលើសាលាដំបូងរាជធានីភ្នំពេញ ខណៈពេលដែលអង្គការសង្គមស៊ីវិលមួយនេះ បានរស៊ើបអង្កេត ទៅលើករណីរបស់លោកវន់ ពៅ និងកម្មករ២០ទៀត ឃើញថាគ្មានទោសកំហុសអ្វីនោះទេ។
នៅខាងស្ដាំរូបថតនេះ ៖ កូនប្រុស និងភរិយារបស់លោក វន់ ពៅ នៅមុខសាលាឧទ្ទរណ៍ថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)
ប្រព័ន្ធយុត្តិធម៌ - នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៤ នេះ សមាគមការពារសិទ្ធិមនុស្សអាដហុក បានចេញសេចក្តីថ្លែងការណ៍មួយ ធ្វើការថ្កោលទោសចំពោះ សាលាដំបូងរាធានីភ្នំពេញ មិនអនុញ្ញាត អោយ លោក វន់ ពៅ និងតំណាងកម្មករចំនួន ២០នាក់ផ្សេងទៀត រាជធានីភ្នំពេញ អោយនៅក្រៅឃុំជាបណ្ដោះអាសន្ន។ ការចេញសេចក្តីថ្លែងការណ៍របស់សមាគមអាដហុកនេះ បានធ្វើឡើងបន្ទាប់ពីសាលាដំបូងនៅព្រឹកថ្ងៃសុក្រនេះ បានបដិសេធសំណើសុំនៅក្រៅឃុំរបស់លោក វន់ ពៅ និងជនត្រូវចោទម្នាក់ទៀត ជាលើកទីបី។
ក្នុងសេចក្តីថ្លែងការណ៍របស់សមគមអាដហុកនេះ បានសរសេរឲ្យដឹងថា តាមការសង្កេតតាមដាន ទៅលើដំណើរការនៃសវនាការ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៤ទៅលើសំណើសុំរបស់មេធាវី ដែលស្នើសុំអោយ លោក វន់ ពៅ និង តំណាងកម្មករ ២០នាក់ផ្សេងទៀតនេះ ជាការបង្ហាញឲ្យឃើញថា តុលាការកម្ពុជា មិនបានអនុវត្តតាមស្មារតីច្បាប់ដែលមានជាធរមាននោះទេ។ សមាគអាដហុក កត់សំគាល់ឃើញថា តុលាការសាលាដំបូងរាជធានីភ្នំពេញ កំពុងអនុវត្តខុសច្បាប់ និងជាការបង្កើតអោយ អំពើនិទណ្ឌភាព នៅកម្ពុជា ព្រមទាំងធ្វើអោយ មានភាពមិនស្មើគ្នាចំពោះ មុខច្បាប់។ សេចក្ដីថ្លែងការណ៍បានលើកយកចំណុចបីមកពន្យល់ថា៖
ទី១៖ បើកសវនាការរំលោភច្បាប់ដោយសារអវត្តមានជនជាប់ចោទ ដែលជាការរំលោភទៅលើ មាត្រា៣០០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដែលតំរូវអោយ ជនជាប់ចោទត្រូវបង្ហាញខ្លួននៅពេលសវនាការ របស់តុលាការដោយផ្ទាល់។
ទី២៖ តុលាការក្រុងភ្នំពេញ មិនបានធ្វើការចោទប្រកាន់ ទៅលើអ្នកដែលបានប្រព្រឹត្តបទឧក្រិដ្ឋ ដែលបានបាញ់សម្លាប់ កម្មករចំនួន ៥នាក់ និងរងរបួស ចំនួនប្រមាណជា ៤០នាក់ផ្សេងទៀតនោះទេ ហូតមកដល់ពេលនេះ។ ការធ្វើមិនដឹងមិនលឺ របស់ស្ថាប័នអយ្យការ នៅគ្រប់លំដាប់ថ្នាក់នៃតុលាការ គឺជាការរំលោភ ទៅនឹងក្រមនីតិវិធីព្រហ្មទណ្ឌយ៉ាងធ្ងន់ធ្ងរ យោងតាម មាត្រា ៣៧, មាត្រា ៤៤ ជាពិសេសទៅទៀតនោះ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ក៏មិនបានអនុវត្តតាម តួនាទីរបស់ខ្លួន តាមមាត្រា ៣៤ និង មាត្រា ៣៥នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ លោក ណៃ វង់ដា អនុប្រធានផ្នែក និងមេធាវីតំបន់នៃសមាគមអាដហុក បានអះអាងថា បើតាមការស៊ើបអង្កេតរបស់សង្គមសង្គមស៊ីវិលឃើញថា អ្នកទាំងអស់មានទោសកំហុសអ្វីនោះទេ។ លោកបានដឹងទៀតថា «ខ្ញុំមិនដឹងថាតុលាការមានអ្វីនៅពីក្រោយ ដែលធ្វើអោយការសម្រេចហ្នឹង មិនមានភាពយុត្តិធម៌ទទួលយកបានសំរាប់ជនរងគ្រោះទាំងអស់»។
នៅថ្ងៃទី០៤ ខែមេសា នេះទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនសុំការអត្ថធិប្បាយពីលោក កែវ មុនី ចៅក្រមទទួលបន្ទុកជំនុំជម្រះលើករណីនេះបានទេ។
លោក គីម សុជាតិ មេធាវីមកពីសហភាពការងារ និងជាមេធាវីការពារក្តីអោយលោក វន់ ពៅបានបញ្ជាក់ថា «វាជាឆន្ទានុសិទ្ធិរបស់តុលាការ ព្រោះនៅពេលដែលយើងដាក់ពាក្យសុំ តុលាការមានឆន្ទាសិទ្ធក្នុងការអោយ ឬមិនអោយ នៅក្រៅឃុំ ហើយបើអោយមានមូលហេតុអី មិនអោយមានមូលហេតុអី»។ សម្រាប់ករណីនេះ មេធាវីរូបនេះយល់ថា តុលាការមិនគួរសម្រេចបដិសេធបែបនេះទេ។
សមាគមការពារសិទ្ធិមនុស្ស អាដហុក នៅតែ អំពាវនាវ អោយមានការដោះលែង កម្មករ និង តំណាង កម្មករ ទាំងអស់អោយមានសេរីភាព ហើយរដ្ឋាភិបាលកម្ពុជា ចាត់វិធានការផ្លូវច្បាប់ ជាបន្ទាន់ដល់ សមត្ថកិច្ចណា ដែលបានប្រព្រឹត្ត ខុសច្បាប់ ដើម្បីផ្ដន្ទាទោស តាមច្បាប់ អោយខានតែបាន និងត្រូវតែ ធ្វើការដោះស្រាយ បញ្ហាប្រាក់ខែគោល ជូនកម្មករ អោយបាន សមស្រប ទៅតាម តម្លៃទំនិញនៅលើទីផ្សារជាក់ស្ដែង ដើម្បីអោយពួកគេអាចរស់ បានសមរម្យជាមនុស្ស៕
-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) -ភ្នំពេញ ថ្ងៃទី ០៤ មេសា ២០១៤