កឹម សុខា ថ្លែងពី«ភាពគ្មានជម្រើស»

- ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១១ កញ្ញា ២០១៦
- កែប្រែចុងក្រោយ: September 11, 2016
- ប្រធានបទ: នយោបាយ-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«យើងគ្មានជម្រើសទេ បងប្អូន» ជាការថ្លែងឡើងជាច្រើនដង របស់លោក កឹម សុខា នៅក្នុងសុន្ទរកថាមួយ ទៅកាន់អ្នកគាំទ្រជាយុវជនជាច្រើននាក់ នៅនឹងទីស្នាក់ការគណបក្ស ក្នុងព្រឹកថ្ងៃអាទិត្យ ទី១១ ខែកញ្ញានេះ ដើម្បីពន្យល់ពីរឿងរ៉ាវក្ដីក្ដាំ និងការរំលោភបំពាន ប្រឆាំងនឹងរូបលោក ក៏ដូចជាបណ្ដាសកម្មជនមួយចំនួនទៀត ពីសំណាក់ប្រព័ន្ធតុលាការ និងអ្នកមានអំណាចនៅកម្ពុជា។
«ខ្ញុំបានសម្រេចចិត្ត ជាស្រេចហើយ (...) ខ្ញុំធ្វើពលិកម្មគ្រប់បែបយ៉ាង ខ្ញុំធ្វើពហិកម្មដើម្បីជាតិ ដើម្បីប្រជាពលរដ្ឋខ្មែរ ដើម្បីលិទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។ គ្មានជម្រើសទេ បងប្អូន។ គ្មានជម្រើស អាចទៅសុំអង្វរឲ្យពួកផ្ដាច់ការ ប្រគល់សិទ្ធិសេរីភាពឲ្យយើងទេ។ គ្មានជម្រើស ដើម្បីសុំឲ្យគេជួយ កសាងលិទ្ធិប្រជាធិបតេយ្យឲ្យយើងទេ (...) យើងត្រូវកសាងលិទ្ធិប្រជាធិបតេយ្យ ដោយខ្លួនយើង យើងត្រូវការពារសិទ្ធិរបស់យើង ដោយខ្លួនយើងទាំងអស់គ្នា។»។
លោក កឹម សុខា បានបរិហារពីប្រព័ន្ធតុលាការ នៅប្រទេសកម្ពុជា ដែលលោកវាយតម្លៃថា មិនអាចទុកចិត្តបានតទៅទៀត។ លោកបានលើកឡើង ពីចៅក្រម និងព្រះរាជអាជ្ញាមួយចំនួន យ៉ាងដូច្នេះថា៖ «គេសុខចិត្តធ្វើតាមបញ្ជា ដើម្បីសេចក្ដីសុខរបស់ខ្លួនគេ គ្រួសារគេ ហើយគេធ្វើឲ្យមនុស្សកន្លះនគរឈឺចាប់ រហូតដល់សព្វថ្ងៃនេះ។ (...) ដើម្បីសេចក្ដីសុខរបស់ខ្លួន ចង់បានតំណែងហ្នឹង (...) ហ៊ានសម្រេចចិត្តខុស រំលោភលើច្បាប់ លើនីតិវិធី ដើម្បីធ្វើទុក្ខបុកម្នេញ ទៅលើអ្នកស្លូតត្រង់។»។
អនុប្រធានគណបក្សប្រឆាំង បានចាត់ទុកមន្ត្រីតុលាការទាំងនោះ ថាបានប្រព្រឹត្តិប្រៀបបាន ទៅនឹងសត្វដែលគ្មានវិចារណញ្ញាណ គ្មានសម្បជញ្ញ:។ លោកបានថ្លែងថា៖ «មនុស្សកើតមកកទាំងអស់ ខុសពីសត្វ ត្រង់ថាមនុស្សមានសម្បជញ្ញៈ ហើយបើពួកគេមិនហ៊ានយកសម្បជញ្ញៈ មកធ្វើទេ ពួកគេមិនអាចហៅថា ជាមនុស្សបានឡើយ។ (...) មនុស្សខុសពីសត្វ ព្រោះមនុស្សមានសម្បជញ្ញៈ មានការភ្ញាក់រលឹក ហើយវាគួរតែមានការភ្ញាក់រលឹក ជាងហ្នឹងទៅទៀត ព្រោះជាអ្នករៀនសូត្រ បានត្រឹមត្រូវដែរ។»។
--------------------
» វីដេអូ ពីការថ្លែងទាំងស្រុង របស់លោក កឹម សុខា៖