អង្គការលើកលែងទោសអន្តរជាតិ ថា«កម្ពុជាកំពុងធ្លាក់ក្នុងវិបត្តិ»
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១០ កញ្ញា ២០១៦
- កែប្រែចុងក្រោយ: September 10, 2016
- ប្រធានបទ: នយោបាយ-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ប្រទេសកម្ពុជាកំពុងធ្លាក់ក្នុងវិបត្តិ ដោយសាររដ្ឋាភិបាល (របស់ប្រទេសនេះ) ធ្វើយុទ្ធនាការបំភិតបំភ័យ ប្រឆាំងនឹងក្រុមសកម្មជនសង្គមស៊ីវិល និងនយោបាយ តាមរយៈការប្រើប្រាស់ប្រព័ន្ធតុលាការ ជាមធ្យោយបាយ» នេះ ជាការថ្លែងឡើង របស់លោក ចូសេហ្វ បេណេឌិច (Josef Benedict) នាយករងអង្គការលើកលែងទោសអន្តរជាតិ (ហៅជាភាសាអង់គ្លេស «Amnesty International») ទទួលបន្ទុកកិច្ចការអាស៊ី-អាគ្នេយ៍ នៅក្នុងសេចក្ដីថ្លែងការណ៍មួយរបស់អង្គការនេះ ពីការិយាល័យសាខារបស់ខ្លួន ស្ថិតក្នុងប្រទេសអូស្ត្រាលី។
សេចក្ដីថ្លែងការណ៍ របស់អង្គការលើកលែងទោសអន្តរជាតិ បានធ្លាក់មកដល់ នៅយប់ថ្ងៃសុក្រ ទី៩ ខែកញ្ញា តែប៉ុន្មានម៉ោងក្រោយការចេញសាលក្រម របស់តុលាការសាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចផ្ដន្ទាទោស លើអនុប្រធាន (សព្វថ្ងៃជាប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឲ្យជាប់ពន្ធនាគារ៥ខែ និងពិន័យជាប្រាក់ ៨សែនរៀល តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ ពីបទ«បដិសេធការចូលខ្លួន» តាមដីកាកោះរបស់ចៅក្រមស៊ើបសួរ កាលពីអំឡុងខែឧសភា។
នាយករងដដែល របស់អង្គការលើកលែងទោសអន្តរជាតិ ដែលមានទីស្នាក់ការធំ នៅក្នុងរាជធានីឡុងដ៍ ប្រទេសអង់គ្លេស បានបរិហារការផ្តន្ទាទោសនេះ ថាជាទង្វើដែលបង្ហាញកាន់តែច្បាស់ ពីការបំភិតបំភ័យផ្នែកនយោបាយ និងជារបត់ថ្មីមួយ នៃយុទ្ធនាការរបស់រដ្ឋាភិបាល។ លោក ចូសេហ្វ បេណេឌិច បានបន្តទៀតថា៖ «រដ្ឋាភិបាល (កម្ពុជា) ហាក់ដូចជា មានជំនឿយ៉ាងមុតមាំ ថាការរំលោភលើសិទ្ធិមនុស្ស គឺជាវិធានការស្របច្បាប់មួយ ក្នុងការដឹកនាំរបស់ខ្លួន (...)»។
នៅក្នុងសេចក្ដីថ្លែងការណ៍នោះ អង្គការអន្តរជាតិមួយនេះ ដែលមានបណ្ដាញសាខា នៅគ្រប់ជ្រុងទាំងអស់ នៃពិភពលោក បានរំលឹកប្រាប់រដ្ឋាភិបាលកម្ពុជា ឲ្យបញ្ឈប់ជាបន្ទាន់ នូវយុទ្ធនាការ«បំភិតបំភ័យ»របស់ខ្លួន គោរពសិទ្ធិនៃក្រុមអង្គការសង្គមស៊ីវិល និងក្រុមសកម្មជននយោបាយ ក៏ដូចជាធានាឲ្យបាន នូវឯករាជ្យភាពនៃអំណាចតុលាការ។
ប៉ុន្តែការលើកឡើងខាងលើ របស់អង្គការលើកលែងទោសអន្តរជាតិ ត្រូវបានលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីច្រានចោល។ ថ្លែងតាមរយៈវិទ្យុបារាំងអន្តរជាតិ មន្ត្រីអ្នកនាំពាក្យបានបរិហារអង្គការអន្តរជាតិមួយនេះ ថាកំពុងដើរតួជា«នគរបាលអន្តរជាតិ» ហើយដើរជ្រៀតជ្រែត ចូលកិច្ចការផ្ទៃក្នុងនៃប្រជាជាតិមួយ។
នៅក្នុងសំណេរមួយ ផ្ញើរទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ កាលពីល្ងាចថ្ងៃទី៩ ខែកញ្ញា (បន្ទាប់ពីការចេញសាលក្រម របស់តុលាការ) លោក ផៃ ស៊ីផាន បានសំដែងក្ដីអំណរ ពីការផ្តន្ទាទោសរបស់សាលាដំបូង ប្រឆាំងមេដឹកនាំគណបក្សសង្គ្រោះជាតិ និងបានអះអាង ថានេះជារឿងបុគ្គល នៃមេដឹកនាំរូបនោះប៉ុណ្ណោះ។ លោក ស៊ីផាន បានសរសេរថា៖ «ការអនុវត្តនីតិវិធីរបស់តុលាការ ទទួលបានជោគជ័យ ជាមួយនឹងភាពរលូន ប្រសិទ្ធិភាព ចំពោះការវិនិច្ឆ័យលើករណីរបស់ ឯកឧត្តម កឹម សុខា ដែលលោកបានបោះបង់សិទ្ធិ ដោយស័្មគ្រចិត្ត និងបំពានចំពោះច្បាប់ ដែលជាកាតព្វកិច្ចរាល់ជនគ្រប់រូប»៕