អង្គការសង្គមស៊ីវិល រិះគន់ថាសវនាការជម្រះក្ដី វន់ ពៅ គ្មានចៅក្រម
- ដោយ: លោក គិន ដោយ គិន ង៉ុយ (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២១ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 21, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាជនសង្ស័យចុងក្រោយ នៅក្នុងការសវនាការសួរដេញដោល ទាក់ទិនទៅនឹងហេតុការណ៍ប៉ះទង្គិចគ្នា រវាងកម្មករនិងសមត្ថកិច្ច នៅមុខរោងចក្រយ៉ាកជីង បានបដិសេធចំពោះការបង្ហាញភស្តុតាង ជាខ្សែអាត់សំឡេង និងវីដេអូ របស់លោកចៅក្រមជម្រះ ដោយអះអាងថាមិនពាក់ព័ន្ធនឹងអង្គហេតុ ហើយត្រូវបានអង្គការសង្គមស៊ីវិល បានធ្វើការរិះគន់ថា ជាសវនាការគ្មានចៅក្រម។
ជញ្ជីងយុត្តិធម៌ របស់ក្រុមអ្នកតវ៉ា នៅមុខសាលាដំបូងថែទី២១ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ Kessor)
ប្រព័ន្ធយុត្តិធម៌ - នៅក្នុងសវនាការដែលញញែកសួរដេញដោលគ្នា យ៉ាងតឹងសរសៃក រវាងចៅក្រមជម្រះ លោក កែវ មុន្នី ជាមួយជនសង្ស័យ និង មេធាវីការការពារក្តីឲ្យជនសង្ស័យ បន្ទាប់ពីចៅក្រមជម្រះបានសួរ លោក វ៉ន ពៅ ទាក់ទិនទៅនិងពាក្យសម្តីដែលលោក វ៉ន ពៅ បាននិយាយតាមរយៈឃោសនស័ព្ទ នៅមុខទីស្តីការគណរដ្ឋមន្ត្រី កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ នៅពេលដែលកម្មករ កម្មការិនីធ្វើការតវ៉ាតំឡើងប្រាក់ខែ ១៦០ ដុល្លារ ក្នុងមួយខែ។
នៅក្នុងសវនការដែលចៅក្រមបានឲ្យលោកក្រឡាបញ្ជីអាន ព្រមទាំងឲ្យអ្នកបច្ចេកទេស ចាក់ជាខ្សែអាត់សំឡេង និងវីដេអូ របស់លោក វ៉ន ពៅ ដែលបាននិយាយនៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៣ នៅខាងមុខទីស្តីការគណៈរដ្ឋមន្ត្រីជាច្រើនដឹង ដែលលោកនិយាយថា លោកស្នើរឲ្យមន្ត្រីសមត្ថកិច្ច ប្រកាន់យកធម៌«អហឹង្សារ» កុំសម្លាប់ខ្មែរគ្នាឯង ហើយបើសិនជាមេបញ្ជារឲ្យបាញ់ប្រជាពលរដ្ឋ ត្រូវបែរកាណុងនោះទៅមេរបស់ខ្លួនវិញជាដើម។
លោកចៅក្រម កែវ មុន្នី បានថ្លែងនៅក្នុងអង្គសវនារ ដោយឆ្លើយតបទៅនឹងសំណូររបស់មេធាវីជនជាប់ចោទ និងជនជាប់ចោទ ដូច្នេះថា៖ «ខ្ញុំមិនបញ្ជាក់អំពីអង្គហេតុទេ គឺខ្ញុំបញ្ជាក់អំពីពាក្យសម្តីដែលលោក វ៉ន ពៅ តែងតែប្រើ នាពេលកន្លងៗមក ហើយប្រធានសវនាការសួរគ្រប់សំណួរ មានប្រយោជន៍ដល់ការសម្តែងឲ្យឃើញការពិត។ លោកមេធាវីអានមាត្រាទី៣២៥ ថាតើចៅក្រមមានតួនាទីអីខ្លះ ហើយប្រាប់ខ្ញុំ ទើបបន្តនិតិវិធីទៀត»។
លោកចៅក្រម បានថ្លែងនៅក្នុងសវនាការ ឆ្លើយតបទៅនឹងលោក វ៉ន ពៅថា៖ «តុលាការមិនបំពានច្បាប់ទេ សូមលោក វ៉ន ពៅ កុំភ័យ»។
ជាការឆ្លើយតបនៅនឹងលោកព្រះរាជអាជ្ញាវិញ នៅក្នុងអង្គសវនា ដែលកំពុងតែមានភាពតានតឹងនោះ លោក វ៉ន ពៅ បានថ្លែងថា លោកបដិសេធទាំងអស់ចំពោះ ខ្សែអាត់សំឡេង និងវីដេអូ របស់លោកចៅក្រមជម្រះ ពីព្រោះមិនពាក់ព័ន្ធនឹងអង្គហេតុ សវនានៅថ្ងៃនេះ គឺទាក់ទងទៅរឿងនៅខាងមុខរោងចក្រយ៉ាកជីង ដូច្នេះលោករក្សារសិទ្ធិដើម្បីការពារខ្លួន គឺលោកនិយាយតែព្រឹត្តិការណ៍ នៅខាងមុខរោងចក្រយ៉ាកជីងតែប៉ុណ្ណោះ។ លោកបានថ្លែងថា៖ «តើលោកចៅក្រមមានបំណងអ្វី បានយករូបភាពផ្សេងមកចាក់ ហេតុអ្វីយកអង្គហេតុផ្សេង មកបង្ខំឲ្យខ្ញុំឆ្លើយ? បើលោកមានបំណងរកយុត្តិធម៌ជូនពលរដ្ឋខ្មែរ ជូនអ្នកការពារសិទ្ធិមនុស្ស លោកមិនយករូបភាពផ្សេងមកចាក់ទេ។»។
លោក វ៉ន ពៅ បានតបនៅក្នុងអង្គសវនាការទៀតថា នៅពេលដែលចៅក្រមសួរ លោកនិយាយតែទាហានវាយ មិនឲ្យនិយាយថាផ្សេង ប៉ុន្តែភសត្តុតាងមកដាក់លើរូបលោក ជារឿងផ្សេងទៅវិញ។ លោកបានថ្លែងថា៖ «ការដែលសួរសំណូរចុះឡើងៗ របស់លោកចៅក្រមធ្វើឲ្យខ្ញុំក្រញ៉ាញខួរអស់ហើយ ខ្ញុំសូមសម្រាក១៥នាទី»។
នៅក្នុងសវនាការលោក វ៉ន ពៅ បានសូមការអនុញ្ញាតិ ពីលោកចៅក្រមសម្រាក ចំនួន ៣ ដង ដោយលើកទី១ រយៈ១៥នាទី ដោយសារតែបញ្ហាសុខភាព លើកទី២ រយៈពេល១៥នាទី ដោយសារតែលោកទទួលរងសំពាធខ្លាំង បន្ទាប់ពីការជជែកវែកញែកតឹងសសៃក និង លើកទី៣ សុំផ្អាកសវនាការតែម្តង ដោយសារតែលោកមានបញ្ហាសុខភាពមិនអាចឆ្លើយបន្តបាន។ លោកចៅក្រមបានកាសថា សវនាការនឹងបន្តនៅថ្ងៃទី២២ ខែឧសភាទៀត។
លោក មេធាវី សំ សុគង់ ការពារក្តីឲ្យជនសង្ស័យបានថ្លែងឲ្យដឹងថា ការសួររបស់លោកចៅក្រម ទាក់ទិនទៅនឹងការបង្ហាញភស្តុតាង ជាខ្សែអាត់សំឡេង និងវីដេអូ គឺធ្វើឲ្យកូនក្តីរបស់លោកមានការភ័ណ្ឌច្រឡំ ហើយនៅក្នុងមាត្រាទី៣២៥ មិនបានបញ្ជាក់ថា ប្រធានជម្រះអាចសួរពីអង្គហេតុផ្សេងទេ សួរតែអង្គហេតុចោទប្រកាន់មកលើជនជាប់ចោទ ប៉ុន្តែលោកចៅក្រមសួរក្រៅអង្គហេតុ។ លោកបានថ្លែងទៀតថា៖ «ការចាក់បង្ហាញភស្តុតាងក្រៅអង្គហេតុ វាមិនមានប្រយោជន៍សោះ ហើយអូសបន្លាយពេលវេលា»។
លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ អង្គការការពារសិទ្ធិមនុស្សលីកាដូ ដែលបានតាមដាននៅក្នុងសវនាការនោះ បានថ្លែងឲ្យដឹងថា សវនានៅក្នុងបន្ទប់ទី១ គឺមានការចម្លែក ដោយសារចៅក្រមបានចាក់វីដេអូ ដែលមិនទាក់ទងទៅនឹងអង្គហេតុ ហើយពេលមេធាវីការពារកូនក្តីសួរសំណូរ ការប្រើហឹង្សារបស់សមត្ថកិច្ច ចៅក្រមនិងព្រះរាជអាជ្ញាតែងតែបដិសេធថា មិនពាក់ព័ន្ធអង្គហេតុ គឺហាក់ដូចជាគាំទ្រសមត្ថកិច្ចមួយចំនួន ដែលប្រើហឹង្សារ។ លោកបានថ្លែងឲ្យដឹងថា៖ «នៅក្នុងបន្ទប់សវនាការ ចៅក្រមបានដើរតួរនាទីជំនួសព្រះរាជអាជ្ញា ពីព្រោះសំណួរទាំងនោះ មិនមែនចៅក្រមអ្នកសួរទេ គឺព្រះរាជអាជ្ញាជាអ្នកសួរ មិនមែនចៅក្រមទេ។ ដូច្នេះនៅក្នុងសវនាការនោះ ហាក់ដូចជាគ្មានចៅក្រម។ ហើយយុត្តិធម៌ហាក់ដូចជានៅឆ្ងាយសម្រាប់ជនរងគ្រោះ បើចៅក្រមមានភាពលំអៀងនោះ។»។
លោក វន់ ពៅ និងជនជាប់ចោទទាំង ២២នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួន ក្នុងហេតុការណ៍ប៉ះទង្គិចរវាងកម្មករ និងសមត្ថកិច្ច កាលពីថ្ងៃទី០២ និងទី០៣ ខែមករា នៅមុខរោងចក្រយ៉ាកជីង និងសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង នៅពេលដែលកម្មករធ្វើបាតុកម្ម ទាមទារដំឡើងប្រាក់ឈ្នួលកម្មករ ១៦០ដុល្លារក្នុងមួយខែ។ អ្នកទាំងអស់ត្រូវបានចោទប្រកាន់ពីបទញុះញង់ ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម៕